ឃើញរូបមួយប៉ុស្តិ៍ដំបូងរបស់ James Webb នេះភ្លាម, អ្នកវិទ្យាសាស្ត្រថា «ល្អជាងការរំពឹងទុក» (មានវីដេអូ)

(អាមេរិក)៖ តេឡេស្កូបអវកាស James Webb ដែលកំពុងស្ថិតនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី ទើបតែបានផ្តិតយករូបភាពភ្លឺថ្លាលើកដំបូង (មិនទាន់ផ្លូវការ) ទៅលើតារាមួយដួង ហើយអ្វីដែលសំខាន់បំផុតនោះ គុណភាពនៃរូបថតដែលចេញមក គឺ «ល្អជាងការរំពឹងទុក» ដោយក្រុមអ្នកវិទ្យាសាស្ត្រ និងវិស្វករទៅទៀត។ ទស្សនាវីដេអូបកស្រាយខាងក្រោមនេះ៖

សេចក្តីប្រកាសរបស់អង្គការ NASA កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ការទទួលបានរូបភាពភ្លឺស្អាតស្ទើរមិនគួរឲ្យជឿនេះ គឺដោយសារតែកញ្ចក់ស្រូបពន្លឺពណ៌មាសទាំង «១៨ផ្ទាំង» របស់តេឡេស្កូបអវកាស James Webb ត្រូវបានសារ៉េយ៉ាងត្រឹមត្រូវតាមក្បួនខ្នាត ដែលអាចឲ្យវាធ្វើការរួមគ្នាជាកញ្ចក់តែមួយ។

រូបភាពច្បាស់ដំបូងមួយសន្លឹកនេះ គឺជាតារាមួយដួងស្ថិតក្នុងកាឡាក់ស៊ី Milky Way របស់យើងដែលមានឈ្មោះសម្គាល់ថា 2MASS J17554042+6551277 ស្ថិតនៅចម្ងាយខ្ទង់ ២,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដែល James Webb បានផ្តិតយកកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ (ពេលវេលានៅសហរដ្ឋអាមេរិក)។

រូបភាពផ្កាយភ្លឺថ្លាដំបូង ថតដោយ James Webb (Image Credit: NASA)

បើតាមការពន្យល់ដោយក្រុមជំនាញអង្គការ NASA រូបភាពមួយសន្លឹកនេះ ត្រូវបានផ្តិតយកដោយប្រើប្រាស់ filter (តម្រង) ពណ៌ក្រហម ដើម្បីកំណត់ពន្លឺ និងពណ៌ឲ្យបានត្រឹមត្រូវរវាងតារា និងទីអវកាសដែលងងឹត ខណៈកាឡាក់ស៊ី និងតារាជាច្រើន ក៏ត្រូវបានមើលឃើញនៅ background រូបផងដែរ។

យើងអាចមើលឃើញតារា និងកាឡាក់ស៊ីដទៃនៅ Background ផ្កាយនេះថែមទៀត (Image Credit: NASA)

យោងតាមសារព័ត៌មាន BBC រូបភាពថ្មីនេះ បង្ហាញអំពីប្រព័ន្ធអុបទិករបស់ James Webb ដែលកំពុងតែដំណើរការយ៉ាងល្អ លើសពីការរំពឹងទុកដោយក្រុមអ្នកវិទ្យាសាស្ត្រ និងវិស្វករដែលបានផលិតតេឡេស្កូបតម្លៃ ៩.៨ពាន់លានដុល្លារមួយនេះឡើង។

* តើរូបភាពថ្មីនេះពិសេសបំផុតត្រង់ណា?

ជុំវិញសំនួរនេះ, លោក Lee Feinberg វិស្វករនៃ James Webb បានប្រាប់ក្រុមអ្នកសារព័ត៌មាន តាមរយៈសន្និសីទរបស់អង្គការ NASA ថា «អ្នកមិនត្រឹមតែអាចមើលឃើញ ដួងផ្កាយ និងចំណុចប្រទាក់ក្រឡាគ្នានៃផ្កាយប៉ុណ្ណោះទេ ប៉ុន្តែអ្នកឃើញតារាផ្សេងៗទៀត នៅក្នុងបរិស្ថានអវកាសដ៏មមាញឹក ដូចយើងរំពឹងទុក និងគ្រប់ប្រភេទនៃរចនាសម្ព័ន្ធគួរឱ្យចាប់អារម្មណ៍ផ្សេងទៀត (ផ្កាយ និងកាឡាក់ស៊ីដទៃ) នៅផ្ទៃខាងក្រោយ (background) ផងដែរ»។

គួរបញ្ជាក់ថា រូបភាពខាងលើនេះ គឺជាលទ្ធផលដែលបញ្ជាក់អំពី «ដំណាក់កាលដ៏ល្អ» នៃការតម្រឹមកញ្ចក់ ដោយរាល់ប៉ារ៉ាម៉ែត្រអុបទិក (optical parameter) ទាំងអស់ត្រូវបានពិនិត្យដើម្បីផ្ទៀងផ្ទាត់ថា តេឡេស្កូបអាចប្រមូលយកពន្លឺ ពីវត្ថុអវកាសឆ្ងាយៗបានដោយជោគជ័យ។ អង្គការ NASA គ្រោងនឹងដាក់ឲ្យដំណើរការ James Webb ជាផ្លូវការ នៅអំលុងខែមិថុនា ឆ្នាំ២០២២ ហើយរូបភាពដំបូងផ្លូវការដ៏ល្អបំផុត នឹងត្រូវបញ្ចេញនៅពេលនោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science (ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២)

Comments (0)
Add Comment