(បរទេស)៖ អវកាសយានិករុស្ស៊ី ៣រូប គឺលោក Oleg Artemyev, លោក Denis Matveev និងលោក Sergey Korsakov បានទៅដល់ស្ថានីយអវកាសអន្តរជាតិ (ISS) តាមការគ្រោងទុក កាលពីយប់ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) ដោយពួកគេបានជិះយាន Soyuz ដែលត្រូវបានរុញច្រានឡើងទៅកាន់ទីអវកាស ដោយគ្រាប់រ៉ុក្កែតរបស់់រុស្ស៊ីផ្ទាល់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍, អវកាសយានិកទាំង ៣ខាងលើនេះ បានគ្រងសម្លៀកបំពាក់ពណ៌លឿង លាយជាមួយពណ៌ខៀវ ដែលតំណាងឲ្យពណ៌នៃទង់ជាតិអ៊ុយក្រែន។ ពួកគេត្រូវបានស្វាគមន៍ដោយ ក្រុមអវកាសយានិកអន្តរជាតិចំនួន ៧រូប ដែលកំពុងស្ថិតនៅលើ ISS នោះស្រាប់។
លោក Oleg Artemyev កាពីទែននៃក្រុមអវកាសយានិករុស្ស៊ី ត្រូវបានគេសួរនាំអំពីពណ៌នៃសម្លៀកបំពាក់ ដែលក្រុមលោកកំពុងស្លៀក ហើយលោកបានឆ្លើយតបវិញថា វាត្រឹមជាសម្លៀកបំពាក់ដែលមានស្រាប់ នៅក្នុងឃ្លាំងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ពុំមាននរណាម្នាក់បានជម្រិតអវកាសយានិករុស្ស៊ីទាំង ៣រូប ដើម្បីស្វែងរកចម្លើយពិតប្រាកដនោះឡើយ, ប៉ុន្តែពាក្យចចាមអារ៉ាមមួយចំនួន បានលើកឡើងថា វាអាចជាសញ្ញាដែលអវកាសយានិកទាំង ៣រូប ចង់បង្ហាញការគាំទ្រដោយប្រយោល ចំពោះប្រទេសអ៊ុយក្រែន ដែលកំពុងទទួលរងការឈ្លានពានយ៉ាងដំណំ ពីសំណាក់កងទ័ពរុស្ស៊ី។
យ៉ាងណាក៏ដោយ, ប្រភពផ្សេងទៀត ក៏បានបញ្ជាក់ផងដែរថា ពណ៌ខោអាវរបស់អវកាសនិករុស្ស៊ីទាំង ៣រូបខាងលើនេះ គឺអាចជាពណ៌របស់សាកលវិទ្យាបច្ចេកទេស Bauman នៃទីក្រុងម៉ូស្គូ ជាទីកន្លែងដែលពួកគេបានបញ្ចប់ការសិក្សា។
ទោះបីពួកគេជាអវកាសយានិកជាតិរុស្ស៊ី ប៉ុន្តែទីកន្លែងកំណើតគឺមិនដូចគ្នាឡើយ ដោយលោក Oleg Artemyev បានកើតនៅសម័យអតីតសហភាពសូវៀត ដែលបច្ចុប្បន្នទឹកដីកំណើតលោកស្ថិតក្នុងប្រទេសឡាតវី (Latvia), លោក Denis Matveev មានស្រុកកំណើតនៅទីក្រុង St. Petersburg របស់រុស្ស៊ី និងលោក Sergey Korsakov មានស្រុកកំណើតនៅប្រទេស កៀហ្ស៊ីស៊ីស្ថាន (ធ្លាប់ជារដ្ឋចំណុះឲ្យអតីតសហភាពសូវៀត)៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២)