(បរទេស)៖ រឿងហេតុនឹកស្មានមិនដល់ត្រូវមួយទើបត្រូវបានទម្លាយ នោះគឺតារាវិទូមួយក្រុមបានយល់ច្រឡំចំពោះផ្កាយតូចៗ ៣ដួង ថាជាភព (exoplanet) ទៅវិញ។ «ផ្កាយ» តូចៗទាំង ៣ដួង ដែលគេបានច្រឡំថាជា «ភព» នេះត្រូវបានអង្កេតឃើញនៅក្នុងបណ្តុំទិន្នន័យ បន្សល់ទុកដោយតេឡេស្កូបអវកាស Kepler ដោយពួកវាមានឈ្មោះថា Kepler-854b, Kepler-840b និង Kepler-699b។
មូលហេតុដែលក្រុមតារាវិទូ បានកើតមានក្តីភាន់ច្រឡំចំពោះផ្កាយទាំង ៣ដួងខាងលើនេះ គឺដោយសារតែពួកវាមានទំហំតូចពេក គឺចាប់ពីទំហំ ២ដង ដល់ ៤ដង នៃទំហំភពព្រហស្បតិ៍ (Jupiter) របស់យើងតែប៉ុណ្ណោះ។ បើតាមក្រុមអ្នកវិទ្យាសាស្ត្រ វត្ថុអវកាសដែលមានទំហំបែបនេះ គឺមិនគួរត្រូវបានចាត់បញ្ចូលជាជំពូកភពយក្សក្តៅ (Hot Jupiter) នោះឡើយ ដោយវាគួរតែត្រូវចាត់បញ្ចូនទៅជា តារាតូចៗ (small stars) វិញ។
ជុំវិញបញ្ហាខាងលើនេះ, តារាវិទូ Prajwal Niraula អ្នកជំនាញសិក្សាភព និងបរិយាកាសមកពីវិទ្យាស្ថាន MIT នៃសហរដ្ឋអាមេរិកបានលើកឡើងថា «ភព exoplanet នានាដែលត្រូវបានរកឃើញកន្លងមកនេះ ភាគច្រើនគឺមានទំហំ ប្រហាក់ប្រហែលនឹងភពព្រហស្បតិ៍ ឬក៏អាចតូចជាងនេះ។ ការរកឃើញវត្ថុអវកាសទំហំធំជាងភពព្រហស្បតិ៍ចាប់ពី ២ដងឡើងទៅ គឺជាប្រការគួរឲ្យសង្ស័យរួចទៅហើយ។ អ្វីដែលធំជាង Jupiter ខ្លាំងនោះ គឺមិនអាចជាភពឡើយ, ដូចអ្វីដែលយើងបានរកឃើញនេះស្រាប់»។
ភាពស្មុគស្មាញផ្សេងទៀត ក៏បានកើតមានឡើងផងដែរ នោះគឺភពយក្សមួយឈ្មោះ Kepler-747b ដែលមានទំហំ ១.៨ដង នៃទំហំភពព្រហស្បតិ៍ ហើយវាក៏មានទំហំប្រហាក់ប្រហែលនឹងភព exoplanet ធំបំផុត ដែលត្រូវបានរកឃើញនាពេលកន្លងមកនេះផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងវិភាគថា Kepler-747b ស្ថិតនៅឆ្ងាយពីផ្កាយ Kepler-747 ខ្លាំង ដែលគេអាចសន្និដ្ឋានបានថា វាមិនទទួលរងកម្តៅគ្រប់គ្រាន់ ដែលអាចឲ្យវារក្សារូបរាងធំបែបនេះបានឡើយ។ ប្រការនេះបាននិងកំពុងធ្វើឲ្យ ក្រុមអ្នកវិទ្យាសាស្ត្រមានភាពស្មុគស្មាញ ចំពោះការកំណត់ថា អ្វីទៅជាភព និងអ្វីទៅជាផ្កាយឲ្យពិតប្រាកដ។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ភព exoplanet ប្រមាណជិត ៥,០០០ភពហើយ ត្រូវបានក្រុមតារាវិទូកត់ឈ្មោះចូលបញ្ជី នៃការរកឃើញផ្លូវការ។ បើតាមសេចក្តីថ្លែងការណ៍កន្លងមកនេះ ក្រុមតារាវិទូមិនរំពឹងទេថា ពួកអាចសិក្សាដើម្បីធ្វើការកែតម្រូវ ចំពោះបុគ្គលិកលក្ខណៈនៃ «ភពយក្សក្តៅ» មួយចំនួនដែលត្រូវបានសង្ស័យថាអាចជា «ផ្កាយ» នៅក្នុងបញ្ជីភពទាំងនោះ។ យ៉ាងណាក៏ដោយ ការចាប់ផ្តើមស្វែងយល់បន្ថែម អំពីបុគ្គលិកលក្ខណៈពិតប្រាកដនៃតារា និងភព គឺនឹងធ្វើឲ្យការកំណត់ប្រភេទនៅថ្ងៃអនាគត មានភាពសុក្រិតជាងពីមុន៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Astronomical Journal/Space.com (ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២)