ហេតុអ្វីគេមិនឃើញមាន ខ្លាឃ្ញុំទឹកកក (polar bear) នៅប៉ូលខាងត្បូងផែនដី?

(បរទេស)៖ ប៉ូលខាងជើង (សមុទ្រទឹកកកអាកទិក) និងប៉ូលខាងត្បូង (ទ្វីបអង់តាកទិក) នៃភពផែនដី គឺជាតំបន់ដែលត្រជាក់បំផុត ហើយសត្វមួយចំនួនដូចជា ផេនឃ្វីន តោសមុទ្រ និងត្រីបាឡែនជាដើម សុទ្ធតែកំពុងរស់នៅ នៅតំបន់ដ៏ត្រជាក់បំផុតទាំងពីរនេះ លើកលែងតែសត្វមួយប្រភេទប៉ុណ្ណោះនោះគឺ «ខ្លាឃ្ញុំទឹកកកពណ៌ស ឬ polar bear» ដែលមានតែនៅតំបន់សមុទ្រទឹកកកអាក់ទិក នៃប៉ូលខាងជើង។

* ហេតុអ្វីបានជា polar bear មិនរស់នៅតំបន់ប៉ូលខាងត្បូង?

សត្វខ្លាឃ្មុំទឹកកក polar bear ឬឈ្មោះផ្លូវការហៅថា «Ursus maritimus» តែងតែត្រូវបានគេប្រទះឃើញជាប្រចាំនៅតំបន់ជុំវិញ មហាសមុទ្រទឹកកកអាកទិក នៃប៉ូលខាងជើងផែនដីដូចជា រដ្ឋអាឡាស្កា (Alaska) នៃសហរដ្ឋអាមេរិក, ប្រទេសកាណាដា, កោះហ្គ្រីនលែនដ៍ (Greenland ជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក), ប្រទេសន័រវែស, ប្រទេសរុស្ស៊ី និងពេលខ្លះនៅប្រទេសដីកោះ អ៊ីស្លង់ (Iceland)។

យោងតាមការស្រាវជ្រាវកន្លងមកនេះ រោមដ៏ក្រាស់ឃ្មឹករបស់ polar bear អាចការពារខ្លួនសត្វប្រភេទនេះ តទល់នឹងអាកាសធាតុត្រជាក់ខ្លាំងរហូតដល់ -៣០អង្សាសេ។ ពួកវាចំណាយពេលពេញមួយជីវិត រស់លើនៅផ្ទាំងទឹកកក និងសមុទ្រទឹកកក ព្រមទាំងមានអាហារបំប៉នប្រចាំថ្ងៃដ៏សំខាន់ នោះគឺពពួកសត្វតោសមុទ្រ (seal) ដែលជាប្រភេទសត្វរស់នៅតំបន់ត្រជាក់ខ្លាំងនេះដូចគ្នា។

ងាកមកកាន់ទ្វីបអង់តាកទិក នៃប៉ូលខាងត្បូងផែនដីវិញ ក៏មានផ្ទាំងទឹកកក និងពពួកតោសមុទ្រផងដែរ, ប៉ុន្តែហេតុអ្វីបានជា polar bear គ្មានវត្តមាននៅទីនោះ?

ជុំវិញសំនួរខាងលើនេះ, លោក Andrew Derocher សាស្ត្រាចារ្យផ្នែកជីវសាស្ត្រ នៃសាកលវិទ្យាល័យ Alberta ប្រទេសកាណាដា ដែលបានសិក្សាអំពី polar bear អស់ ៤០ឆ្នាំបានបកស្រាយថា «ខ្មាឃ្មុំទឹកកក គឺជាអំបូរសត្វតំណាងឲ្យអឌ្ឍគោលខាងជើង។ ផ្ទុយពីសត្វខ្លាឃ្មុំ អ៊ែនឌីន (Andean ឬឈ្មោះផ្លូវការហៅថា Tremarctos Ornatus) នៅទ្វីបអាមេរិកខាងត្បូង, សត្វខ្លាឃ្មុំ polar bear មានវត្តមានតែនៅអឌ្ឍគោលខាងជើងផែនដីប៉ុណ្ណោះ»។

លោកសាស្ត្រាចារ្យ Andrew Derocher

បើតាមសាស្ត្រាចារ្យដដែលបានសង្កត់ធ្ងន់ថា «វាមិនមានហេតុផលអ្វីពិសេស ដើម្បីពន្យល់រឿងនេះឡើយ, ប៉ុន្តែវាអាចដូចនឹងពពួកសត្វខ្លះ ដែលនៅតំបន់ខ្លះមាន រីឯតំបន់ខ្លះទៀតមិនមាននោះឯង។ ជីវភូមិសាស្ត្រ គឺពោរពេញដោយភាពចម្លែក។ អំបូរសត្វខ្លះបានចល័តទៅរកកន្លែងថ្មីៗ និងខ្លះទៀតមិនបានធ្វើដូច្នោះឡើយ»។

សាស្ត្រាចារ្យ Andrew Derocher បានពន្យល់ប្រាប់់សារព័ត៌មាន Live Science ទៀតថា «សម្រាប់ polar bear គឺមិនដែលមានពេលវេលាក្នុងប្រវត្តិសាស្ត្រណាមួយ ដែលបង្ហាញអំពីដំណើរវិវឌ្ឍន៍ របស់អំបូរពួកវានោះឡើយ ទោះបីជាស្ថិតក្នុងសម័យកាល ដែលប៉ូលខាងជើង និងខាងត្បូងបានផ្សាភ្ជាប់គ្នាដោយទឹកកក ឬដោយដីក៏ដោយ។ អ្នកស្រាវជ្រាវខ្លះធ្លាប់បានលើកឡើងថា polar bear គឺជាប្រភេទសត្វរស់នៅលើដី និងស៊ីសាច់់ជាអាហារធំបំផុតលើពិភពលោក ប៉ុន្តែតាមការពិតទៅ ពួកវាមិនបានរស់នៅលើដីភាគច្រើននោះឡើយ។ ខ្លាឃ្មុំទឹកកកពណ៌ស ដែលមានទំហំខ្លួនធំ តែងតែចំណាយពេលយ៉ាងច្រើនរស់នៅលើផ្ទាំងទឹកកក លើផ្ទៃសមុទ្រ ហើយវាឡើងមកលើឆ្នេរ ឬដីតែម្តងម្កាលប៉ុណ្ណោះ ដើម្បីបង្កាត់ពូជ»៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២)

Comments (0)
Add Comment