(អាមេរិក)៖ តេឡេស្កូបអវកាស Hubble របស់អង្គការ NASA ទើបតែបានផ្តិតយករូបភាពមួយសន្លឹក បង្ហាញអំពីបេះដូងរបស់កាឡាក់ស៊ីមួយ ដែលមានលក្ខណៈមិនសូវខុស ពីកាឡាក់ស៊ី Milky Way របស់យើងនោះឡើយ។
កាឡាក់ស៊ីខាងលើនេះមានឈ្មោះសម្គាល់ថា NGC 1097 ស្ថិតនៅចម្ងាយ ៤៨លានឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ វាគឺជាកាឡាក់ស៊ីដែលមានរាងស្រដៀងគូទខ្យង (spiral galaxy) ដូច្នេះហើយទើបវាត្រូវបានចាត់បញ្ចូល ទៅក្នុងជំពូកកាឡាក់ស៊ីដូច Milky Way។
សម្រាប់ចំណុចពិសេសនៃរូបមួយសន្លឹកថ្មីរបស់ Hubble នេះ គឺយើងអាចមើលឃើញវាស្រដៀងនឹង «គ្រាប់ភ្នែក» ហើយនៅចំណុចប្រស្រីភ្នែក (បេះដូងនៃកាឡាក់ស៊ី NGC 1097) នោះ គឺជាបណ្តុំធូលីអវកាសឆ្នូតៗវែងៗ ដែលរមួលចូលទៅកាន់ចំណុចកណ្តាលមានពណ៌ក្រហមៗ។
បើតាមអង្គការអវកាសអឺរ៉ុប ESA ដែលជាដៃគូរបស់ NASA ក្នុងការស្រាវជ្រាវដោយប្រើប្រាស់ Hubble បានឲ្យដឹងថា កាមេរ៉ាចំនួនពីរប្រភេទនៅលើតេឡេស្កូបវ័យជាង ៣០ឆ្នាំមួយនេះ គឺ Wide Field Camera 3 (WFC-3) និង Advanced Camera for Surveys (ACS) គឺជាឧបករណ៍ពិសេសបំផុត ដែលមានតួនាទីចម្រាញ់រូបភាពគុណភាពខ្ពស់ មួយសន្លឹកនេះចេញមក។
មន្ត្រីរបស់ ESA បានពន្យល់ទៀតថា កាមេរ៉ាទាំងពីរគ្រឿងខាងលើនេះ បានចម្រាញ់រូបភាពកាន់តែប្រសើរឡើង ដោយផ្តោតសំខាន់ទៅលើសំណុំជាក់លាក់ នៃរលកពន្លឺនានា (wavelength) ហើយបន្ទាប់មកទៀត ទើបរូបភាពត្រូវបានបញ្ជូនឆ្លងកាន់តម្រងពន្លឺ (filter) ចំនួន ៧ ផ្សេងៗពីគ្នា ឆ្លងកាត់ឧបករណ៍ជាបន្តបន្ទាប់ ដែលមាននៅក្នុងខ្លួន Hubble។ បន្ទាប់មកទៀត ទើបរូបភាពខាងលើនេះ ត្រូវបានដាក់បញ្ចូលពណ៌ធម្មជាតិ ទៅតាមលេខកូដពណ៌ជាក់ស្តែង ដែលមាននៅក្នុងប្រព័ន្ធ ដើម្បីចេញផ្សាយជាសាធារណៈ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២)