អបអរផង! តារាវិទូរកឃើញភពផ្សេងចំនួន «៥,០០០ភព» គិតត្រឹមពេលនេះ (មានវីដេអូ)

(អាមេរិក)៖ គិតត្រឹមពេលនេះ ភពក្រៅប្រព័ន្ធព្រះអាទិត្យ (exoplanet) សរុបចំនួន ៥,០០៥ភព ត្រូវបានក្រុមតារាវិទូរកឃើញ។ ក្រុមភព exoplanets ដែលត្រូវបានរកឃើញចុងក្រោយគេនោះ ត្រូវបានមន្ទីរពិសោធន៍ JPL របស់អង្គការ NASA ស្ថិតនៅរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក កត់បញ្ចូលក្នុងបញ្ជីជាផ្លូវការ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ (ពេលវេលានៅសហរដ្ឋអាមេរិក)។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ JPL បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងចំណោមភព exoplanet ទាំងអស់ដែលត្រូវបានរកឃើញមានដូចជា ភពថ្មតូចៗដូចជាភពផែនដី, ភពឧស្ម័នយក្សដូចជាភពព្រហស្បតិ៍ និងភពយក្សក្តៅ (hot Jupiter) ដែលគោចរកៀកនឹងផ្កាយមេវាខ្លាំង។ ក៏មានភពផែនដីយក្ស (super-Earth ជាភពធំជាងផែនដី តែតូចជាភពណិបទូន) និងភពគោចរជុំវិញផ្កាយភ្លោះនានាជាដើម ហើយសម្រាប់ភពគោចរជុំវិញផ្កាយស្លាប់ ក៏ត្រូវបានរាប់បញ្ចូលផងដែរ»។

សម្រាប់ភពដែលត្រូវបានរកឃើញចុងក្រោយគេបំផុត គឺជាភពតូចៗចំនួន ៥ ដែលគោចរជុំវិញផ្កាយមួយមានឈ្មោះសម្គាល់ថា K2-384 (មានលក្ខណៈស្រដៀងប្រព័ន្ធផ្កាយ Trappist-1 ដែរ)។ ប្រព័ន្ធផ្កាយ K2-384 ស្ថិតនៅចម្ងាយ ២៧០ឆ្នាំពន្លឺពីភពផែនដី។ នៅក្នុងចំណោមភពទាំង ៥ របស់ប្រព័ន្ធផ្កាយនេះ, K2-384c គឺជាភពដែលស្ថិតនៅលំដាប់លេខរៀងទី ២ និងគួរឲ្យចាប់់អារម្មណ៍ជាងគេ ព្រោះវាអាចជាភពថ្ម និងមានទំហំធំជាងភពផែនដី។

លទ្ធផលខាងលើនេះ គឺជាក្តីរំភើបមួយរួចទៅហើយ សម្រាប់វិស័យតារាសាស្ត្រ និងអវកាស, ប៉ុន្តែអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺតេឡេស្កូបអវកាស James Webb ដែលកំពុងស្ថិតនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី កំពុងត្រៀមសំលៀងកាណុង ដើម្បីអង្កេតមើលឃើញបេក្ខភាពចម្បងៗ នៅក្នុងចំណោមភព exoplanet ទាំងជាង ៥,០០០ភពនោះ។

បេក្ខភាពចម្បងៗ គឺចង់សំដៅទៅលើភពដែលស្ថិតក្នុងតំបន់អំណោយផល ដល់ការកកើតជីវិត (habitable zone) ដែល James Webb នឹងស្វែងរកព័ត៌មានសំខាន់ៗ។ James Webb នឹងឆ្លុះមើលបរិយាកាសនៃភពទាំងនោះ ហើយវិភាគរកឃើញមើល ធាតុគីមីផ្សំសំខាន់ៗ នៅក្នុងបរិយាកាសរបស់ពួកវា។ ការឈ្វេងយល់់ អំពីធាតុផ្សំនៃបរិយាកាសភពមួយ គឺពិតជាគន្លឹះដ៏សំខាន់បំផុត ដែលអាចឲ្យយើងសន្មត់ជាចុងក្រោយថា ភពនោះអាចទ្រទ្រង់ជីវិតដែរឬទេ។

គួរបញ្ជាក់ថា ភព exoplanet ដំបូងបំផុតត្រូវបានរកឃើញ គឺកាលពីឆ្នាំ ១៩៩២ ហើយរហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ (៣០ឆ្នាំ) ចំនួនផ្លូវការបានកើនឡើងដល់ ៥,០០៥ភព។ ក្រុមតារាវិទូបានអះអាងថា ក្នុងចំណោមភពទាំងនោះ ៤,៩០០ភពស្ថិតនៅចម្ងាយ រាប់ពាន់ឆ្នាំពន្លឺពីផែនដី ហើយបើគិតពីទីតាំងរបស់ភពផែនដី ដែលមានចម្ងាយ ៣០,០០០ឆ្នាំពន្លឺ ពីចំណុចកណ្តាលនៃកាឡាក់ស៊ី Milky Way, ភពជាច្រើនអនេកទៀត គឺមិនអាចឲ្យយើងរកឃើញអស់នោះឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា អាចមានភពចាប់ពី ១០០-២០០ពាន់លានភពឯណោះ នៅក្នុងកាឡាក់ស៊ីយើងនេះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២)

Comments (0)
Add Comment