ផ្នែកខ្លះនៃកាឡាក់ស៊ី Milky Way មានវ័យចំណាស់ លើសពីការសន្និដ្ឋាន…

ផ្នែកខ្លះនៃកាឡាក់ស៊ី Milky Way មានវ័យចំណាស់ លើសពីការសន្និដ្ឋាន…

(បរទេស)៖ បន្ទះឌីសដ៏ក្រាស់ឃ្មឹកនៃកាឡាក់ស៊ី មាលគីវ៉េយ៍ (Milky Way) របស់យើង ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា បានចាប់ផ្តើមកកើតឡើងនៅរយៈពេល ៨០០លានឆ្នាំ ក្រោយបន្ទុះ ប៊ីកប៊ែង (Big Bang)Big Bang គឺជាបន្ទុះដ៏ខ្លាំងក្លាមួយ ដែលបានកើតឡើងកាលពី ១៣.៨ពាន់លានឆ្នាំមុន ហើយវិវឌ្ឍចេញជាចក្រវាល (Universe) ដូចយើងស្គាល់សព្វថ្ងៃនេះ។

ប្រការខាងលើនេះមានន័យថា អាយុកាលនៃកាឡាក់ស៊ីរាងគូទខ្យងរបស់យើង ចាស់ជាងការសន្និដ្ឋានដោយក្រុមអ្នកវិទ្យាសាស្ត្រកាលពីមុន រហូតដល់ទៅ ២ពាន់លានឆ្នាំ។ ក្រុមតារាវិទូបានគាំទ្រគំនិតនេះ បន្ទាប់ពីការរកឃើញតារាថ្មីៗ និងមិនធម្មតាមួយចំនួន ដែលអាចឲ្យពួកគេធ្វើការគណនាឡើងវិញ អំពីអាយុកាលពិតប្រាកដរបស់ Milky Way

(Image Credit: ESA)

ដើម្បីកំណត់អាយុរបស់ Milky Way ជាថ្មី ក្រុមតារាវិទូមកពីវិទ្យាស្ថានតារាសាស្ត្រ ម៉ាកផ្លាំងក៍ (Max-Planck) នៃទីក្រុង ហៃឌែលប៊ឺក (Heidelberg) ប្រទេសអាល្លឺម៉ង់ បានរួមគ្នាធ្វើការសិក្សាទៅលើក្រុមតារាធំៗ (sub-giant) នៅក្នុងកាឡាក់ស៊ីយើង។ ក្រុមតារា sub-giant គឺជាជំពូកផ្កាយដែលស្ថិតនៅក្នុងអាយុកាលកណ្តាល ឬមានន័យថា ជាតារាដែលស្ថិតនៅអាយុកាលចន្លោះតារាពេញវ័យធម្មតា (regular stellar) និងតារាដែលជិតឈានទៅរកការក្លាយជា តារាយក្សក្រហម (red giant)។

(Image Credit: The List)

ចំហេះនុយក្លេអ៊ែរ (nuclear fusion) នៅក្នុងស្នូលរបស់ពពួកតារា sub-giant ទាំងនោះទើបតែបានបញ្ឈប់ ប៉ុន្តែពួកវាមិនទាន់បានប្រែក្លាយទៅជា ពពួកតារាយក្សក្រហម (red giant) នោះឡើយ។ ដោយសារតែវ័យនៃក្រុមតារាទាំងនោះ អាចមានតែរយៈពេល ២-៣លានឆ្នាំ នៅក្នុងភាពជា sub-giant នោះ ក្រុមតារាវិទូអាចចង្អុលបង្ហាញអំពី អាយុកាលរបស់ពួកវា តាមរយៈការប្រៀបធៀបសមាសធាតុគីមីផ្សំសំខាន់ៗរបស់ពួកវា ជាមួយនឹងគំរូម៉ូឌែលនៃដំណើរវិវត្តន៍របស់តារា តាមរយៈប្រព័ន្ធកុំព្យូទ័រ។

ក្រុមតារាវិទូបានសិក្សាលើតារាប្រភេទ sub-giant សរុប ២៥០,០០០ដួង ទើបចេញជាលទ្ធផលចុងក្រោយ ដើម្បីកំណត់អាយុកាលថ្មីរបស់ផ្នែកខ្លះ នៃកាឡាក់ស៊ី Milky Way។ ពួកគេបានប្រើប្រាស់តេឡេស្កូប ហ្គាយ៉ា (Gaia) របស់អង្គការអវកាសអឺរ៉ុប ESA និងតេឡេស្កូប LAMOST របស់ប្រទេសចិន។

(Image Credit: ESA)

ការសិក្សាបានរកឃើញទៀតថា ការកកើតនៃផ្កាយនានាក្នុង Milky Way បានកើតចេញពីដំណាក់កាលសំខាន់ៗពីរនោះគឺ ទីមួយ៖ ក្រោយរយៈពេល ៨០០លានឆ្នាំនៃបន្ទុះ Big Bang និង ទីពីរ៖ នៅរយៈពេល ២ពាន់លានឆ្នាំបន្ទាប់ទៀត ដែលកាឡាក់ស៊ី Milky Way វ័យក្មេងបានបុកជាមួយនឹងកាឡាក់ស៊ីមួយទៀត ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះឲ្យថា ហ្គាយ៉ា-សូសេច-អ៊ែនសេឡាដឹស (Gaia-Sausage-Enceladus)។

(Image Credit: ESA)

ការរួមបញ្ចូលគ្នាខាងលើនេះ បានធ្វើឲ្យកម្រាស់ឌីស (disk) នៃ Milky Way ក៏ដូចជាកម្ទេចធូលីអវកាស (halo) ដែលហ៊ុមព័ទ្ធជុំវិញកាឡាក់ស៊ីទាំងមូល វិវឌ្ឍកាន់តែក្រាស់។ រយៈពេល ៥ ទៅ ៦ពាន់លានឆ្នាំបន្ទាប់ពីនោះទៀត បន្ទះឌីសនៃ Milky Way បានវិវឌ្ឍកាន់តែក្រាស់ឡើង ទើបជម្រុញឲ្យមានរលក នៃការកកើតផ្កាយរាប់ពាន់លានដួង ក្នុងនោះក៏មានព្រះអាទិត្យយើងផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Nature Journal/Space.com (ថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២)

Comments (0)
Add Comment