(អាមេរិក)៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ អវកាសយានិក Raja Chari មកពីអង្គការ NASA និងដៃគូម្នាក់ទៀតគឺលោក Matthias Maurer មកពីអង្គការ ESA បានចំណាយពេលជិត ៧ម៉ោង ដើម្បីបំពេញបេសកកម្មជួសជុល (spacewalk) នៅខាងក្រៅសំណង់នៃ ស្ថានីយអវកាសអន្តរជាតិ (ISS) ទៅតាមកាលវិភាគដែលត្រូវបានកំណត់។
យ៉ាងណាក៏ដោយ, បេសកកម្មដែលស្ថិតនៅរយៈកម្ពស់ខ្ទង់ ៤០០គីឡូម៉ែត្រពីផ្ទៃផែនដីនេះ មិនអាចគេចផុតពីក្រសែភ្នែកមនុស្សនៅលើដី ដូចពេលមុនៗទៀតនោះឡើយ។ អ្នកនិយមថតរូបទីអវកាសម្នាក់ឈ្មោះ Sebastian Voltmer ត្រូវបានទទួលស្គាល់ជាលើកដំបូងថា បានថតសកម្មភាពរបស់អ្នកដើរលើទីអវកាស (spacewalker) នៅខាងក្រៅ ISS នោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺលោក Voltmer បានផ្តិតទិដ្ឋភាពដ៏មហាកម្រខាងលើនេះ ចេញពីតំបន់ Sankt Wendel ប្រទេសអាល្លឺម៉ង់ ដែលត្រូវជាស្រុកកំណើតរបស់លោក Matthias Maurer។ បើតាមលោក Voltmer រូបភាពខាងលើនេះត្រូវបានផ្តិតយកភ្លាមៗបន្ទាប់ពីព្រះអាទិត្យលិច នៅថ្ងៃទី២៣ ខែមីនា ហើយលោកបានបង្ហោះរូបភាពនេះនៅលើបណ្តាញសង្គម Twitter នៅមួយថ្ងៃបន្ទាប់។
បើតាមលោក Voltmer នៅក្នុងរូបភាពមួយសន្លឹកនេះ មានតែអវកាសយានិក ESA លោក Matthias Maurer ប៉ុណ្ណោះ ដែលត្រូវបានគេកំណត់អត្តសញ្ញាណបានច្បាស់, ដោយឡែកអវកាសយានិក NASA មួយរូបទៀតគឺលោក Raja Chari មានលក្ខណៈមិនសូវច្បាស់លាស់ តែអ្នកជំនាញនៅតែអាចវែកញែកដឹង។ កន្លងមកនេះ ក៏ធ្លាប់មានក្រុមអ្នកថតរូបពីលើដី បានព្យាយាមចាប់រូបភាពស្ថានីយអវកាស ISS ផងដែរ ប៉ុន្តែមិនមានភាពលម្អិតរហូតដល់ឃើញសកម្មភាពរបស់ spacewalker យ៉ាងដូច្នេះឡើយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២)