(អាមេរិក)៖ អង្គការអវកាសអាមេរិក NASA បានធ្វើការសម្រេចដ៏លំបាកមួយទៀត នោះគឺការពន្យារពេលដឹកនាំកម្ទេចដី និងដុំថ្ម (គំរូតាង) ពីភពព្រះអង្គារមកកាន់ភពផែនដី រហូតដល់ឆ្នាំ ២០៣៣ ដោយប្រការនេះមានន័យថា ក្រុមអ្នកវិទ្យាសាស្ត្រនឹងត្រូវរង់ចាំ រាប់ទសវត្សរ៍ទៀត ទើបអាចមានឱកាសធ្វើការវិភាគជាក់ស្តែង ទៅលើគំរូតាងទាំងនោះ ដើម្បីស្វែងរកដាននៃជីវិតនៅលើភពអង្គារ។
NASA និងអង្គការអវកាសអឺរ៉ុប ESA ដែលជាដៃគូដ៏សំខាន់ជាមួយគ្នា កំពុងតែបំពេញកិច្ចការងារយ៉ាងសកម្ម ដើម្បីដឹកនាំគំរូតាងរាប់សិបបំពង់ ដែលបាននិងកំពុងជីក រួចច្រកទុកជាបណ្តើរៗដោយយាន Perseverance ដែលកំពុងស្ថិតនៅលើភពអង្គារស្រាប់ និងអស់រយៈកាលជាង ១ឆ្នាំទៅហើយ (គិតតាមពេលវេលាលើភពផែនដី)។
អង្គការ NASA បានអះអាងថា រណ្តៅ Jezero (មុខកាត់ ៤៥គីឡូម៉ែត្រ) ដែលយាន Perseverance កំពុងតែធ្វើការស្រាវជ្រាវនោះ គឺធ្លាប់ជាបឹងស្តុកទឹកដ៏ធំមួយ និងធ្លាប់មានតំបន់ដីសណ្តទន្លេមួយហូរចាក់ចូលក្នុងបឹងនោះផងដែរ កាលពីរាប់ពាន់លានឆ្នាំមុន។ ដូច្នេះមានលទ្ធភាពដែលអាចទៅរួចថា តំបន់នេះបានអំណោយផលដល់ការកកើតជីវិត កាលពីអតីតកាល និងរង់ចាំក្រុមអ្នកវិទ្យាសាស្ត្រស្វែងរកការពិត។
គួរបញ្ជាក់ថា អង្គការ NASA និង ESA បានគ្រោងធ្វើការបាញ់បង្ហោះ បេសកកម្មដឹកគំរូតាងត្រឡប់មកវិញឈ្មោះ sample-return lander (SRL) ដែលផ្ទុកយាន NASA មួយគ្រឿងមានឈ្មោះថា Mars ascent vehicle (MAV) និងគ្រឿងយន្តចល័ត ESA មានឈ្មោះថា fetch rover ទៅកាន់ភពអង្គារនៅឆ្នាំ ២០២៦។ បេសកកម្ម SRL បានគ្រោងនឹងចុះចតនៅភពអង្គារ, ប្រមូលយកគំរូតាងពី Perseverance, ច្រកចូលក្នុងរ៉ុក្កែត រួចបាញ់បញ្ជូនមកកាន់ភពផែនដីវិញ តាមរយៈបច្ចេកវិទ្យាថ្មីសន្លាងនៅឆ្នាំ ២០៣១, ប៉ុន្តែពេលនេះ គម្រោងទាំងមូលត្រូវបានពន្យារពេលហើយ។
សម្រាប់មូលហេតុធំៗដែលបានបង្ខំឲ្យ NASA និង ESA ធ្វើការសម្រេចចិត្តពន្យារពេលដូចខាងលើនេះ គឺដោយសារតែគម្រោងការអភិវឌ្ឍយាន និងគ្រឿងយន្តចម្បងៗសម្រាប់បំពេញបេសកកម្ម SRL មិនប្រព្រឹត្តទៅរលូនដូចការរំពឹងទុក ខណៈថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ដែលនឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ក៏មិនបានទទួលតាមការស្នើសុំនោះដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space.com/NASA (ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២)