ជាលើកដំបូង! តេឡេស្កូប NASA ផ្តិតបានរូបភាពតារា single នៅឆ្ងាយបំផុត «១២.៩ពាន់លានឆ្នាំពន្លឺ» (មានវីដេអូ)

(អាមេរិក)៖ ជាលើកដំបូងបំផុតហើយ ដែលតេឡេស្កូបអវកាសចាស់វស្សារបស់អង្គការ NASA នោះគឺ Hubble បានផ្តិតយករូបភាពតារាទោល (single) មួយដួង ស្ថិតនៅចម្ងាយឆ្ងាយបំផុតរហូតដល់ទៅ ១២.៩ពាន់លានឆ្នាំពន្លឺពីផែនដី។ ប្រការនេះមានន័យថា តារាដែលយើងបានឃើញនោះ គឺកាលពីវានៅមានអាយុកាលមិនដល់ ១ពាន់លានឆ្នាំនោះឡើយ ព្រោះចក្រវាលទាំងមូលនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកំណត់ថា មានអាយុកាល ១៣.៨ពាន់លានឆ្នាំ។

(Image Credit: NASA/ESA)

តារា single ខាងលើនេះត្រូវបានដាក់ឈ្មោះឲ្យថា អៀរិនឌែល (Earendel) ដែលជាភាសាអង់គ្លេសពីបុរាណ ខណៈបច្ចុប្បន្ននេះវាមានន័យថា «ផ្កាយព្រឹក» ឬ «ពន្លឺកំពុងរះឡើង»Earendel ដែលមានឈ្មោះបច្ចេកទេសថា «WHL0137-LS» ត្រូវបានក្រុមតារាវិទូគណនាថា មានម៉ាស់ធំជាងព្រះអាទិត្យយើងយ៉ាងហោចណាស់ ៥០ដង ខណៈពន្លឺរបស់វាវិញ គឺភ្លឺជាងព្រះអាទិត្យយើងរាប់លានដងឯណោះ។

បើតាមការគណនាអាយុរបស់ Earendel គឺវាបានកកើតឡើងនៅពេល ចក្រវាល (Universe) របស់យើងទើបមានអាយុប្រមាណ ៩០០លានឆ្នាំ ឬស្មើនឹង ៧% នៃអាយុរបស់ចក្រវាលបច្ចុប្បន្ន។ គិតមកទល់នឹងពេលនេះ, តារាឆ្ងាយបំផុតដែលតេឡេស្កូបអវកាស Hubble ធ្លាប់ផ្តិតរូបភាពបាននោះ គឺនៅពេលចក្រវាលទើបតែមានអាយុកាល ៤ពាន់លានឆ្នាំ ឬយើងអាចនិយាយបានថា នៅពេលដែលចក្រវាលទើបមានអាយុ ៣០% នៃអាយុបច្ចុប្បន្ន។

តារាវិទូ Brian Welch មកពីសាកលវិទ្យាល័យ Johns Hopkins នៃទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក និងជាអ្នកដឹកនាំកម្មវិធីស្រាវជ្រាវតារាខាងលើនេះ បានលើកឡើងថា «ការរកឃើញនេះកំពុងផ្តល់ឲ្យយើងនូវឱកាសមួយ ក្នុងការសិក្សាលម្អិតអំពីតារាមួយនេះ ដើម្បីស្វែងយល់អំពីការកកើតចក្រវាល នៅក្នុងដំណាក់កាលដំបូងៗ»។

គួរបញ្ជាក់ថា មូលហេតុដែលក្រុមតារាវិទូហៅ Earendel ថាជាតារា Single នោះ ក៏ព្រោះតែនៅពេលការកកើតចក្រវាលដំបូង គឺបរិស្ថានទាំងមូលមិនទាន់មានរបៀបរៀបរយ ដូចពេលបច្ចុប្បន្ននេះឡើយ។ តំបន់ខ្លះកកើតជាកញ្ចុំតារា និងខ្លះកកើតជាកាឡាក់ស៊ីវ័យក្មេង ហើយការមើលឃើញទិដ្ឋភាពអតីតកាលបែបនេះទៅរួច លុះត្រាណាតែមនុស្សលោកយើង មានតេឡេស្កូបដ៏មានអានុភាពដូចជា Hubble និងកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ James Webb ដែលនឹងដំណើរការជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២២ នេះ

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២)

(សំណូមពរ៖ ប្រសិនបើបងប្អូនជាទីគោរពស្រឡាញ់ ចង់ឲ្យក្រុមការងារ Cambo Space បន្តផលិតអត្ថបទ និងវីដេអូទៅមុខទៀត ដើម្បីប្រយោជន៍ដល់ការសិក្សាអំពីវិស័យអវកាស និងវិទ្យាសាស្ត្រនេះ បងប្អូនអាចចូលរួមចុច like និង share រាល់អត្ថបទដែលបងប្អូនពេញចិត្ត។ Cambo Space មិនអាចដំណើរការទៅមុខទៀតឡើយ ប្រសិនបើគ្មានការគាំទ្រពីបងប្អូន។ សូមអរគុណ៕)

Comments (0)
Add Comment