ប្រទេសចិនមានផែនការ ដើម្បីអភិវឌ្ឍវិស័យអវកាស ឲ្យកាន់តែធំធេង, ព្រះចន្ទស្ថិតក្នុងគោលដៅទី១

(ប៉េកាំង)៖ ប្រទេសចិនត្រូវបានគេដឹងថា កំពុងត្រៀមអភិវឌ្ឍមន្ទីរពិសោធន៍ ដើម្បីបម្រើដល់មហិច្ឆតាស្រាវជ្រាវទីអវកាសឆ្ងាយៗ (deep-space exploration laboratory) ក្នុងនោះការស្រាវជ្រាវឋានព្រះចន្ទបន្ថែមទៀត គឺស្ថិតនៅក្នុងគោលដៅចម្បង មុននឹងមហាយក្សអាស៊ីមួយនេះ បោះជំហានបន្ថែមទៅរកភពនានា រួមទាំងភពអង្គារដែលខ្លួនកំពុងស្រាវជ្រាវស្រាប់។

(Image Credit: China’s CNSA)

បច្ចុប្បន្ននេះ សមិទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងអវកាសសំខាន់ៗ ដែលប្រទេសចិនសម្រេចបានគួរជាទីមោទនៈនោះ មានដូចជា បេសកកម្ម ឆាងអឺ (Changé) នៅឋានព្រះចន្ទ, បេសកកម្ម ធានវិន-១ (Tianwen-1) នៅភពព្រះអង្គារ និងស្ថានីយអវកាសផ្ទាល់ខ្លួន ធានហឺ (Tianhe)។ ក៏មានបេសកកម្មអវកាសជាច្រើនទៀត ដូចជាការបង្ហោះផ្កាយរណបស្រាវជ្រាវអាចម៍ផ្កាយ, ការបាញ់បង្ហោះផ្កាយរណប ដើម្បីអង្កេតភពផែនដី និងការចូលរួមក្នុងវិស័យតារាសាស្ត្រ តាមរយៈបណ្តាញតេឡេស្កូបលើដី ដូចជាតេឡេស្កូប FAST ដែលធំជាងគេនៅលើពិភពលោកនោះផងដែរ។

(Image Credit: China’s CNSA)

សម្រាប់ថ្ងៃអនាគត, មន្ទីរពិសោធន៍វិទ្យាសាស្ត្រ និងអវកាស ធានទូ (Tiandu) ដ៏ធំធេងរបស់ចិននឹងត្រូវចាប់ផ្តើមធ្វើប្រតិបត្តិការ ក្រោមការជួយជ្រោមជ្រែងពី រដ្ឋបាលអវកាសជាតិចិន (CNSA)។ Tiandu នឹងក្លាយជាទីកន្លែងដែលក្រុមអ្នកវិទ្យាសាស្ត្រ, បច្ចេកទេស និងវិស្វករចិន រួមគ្នាបំពេញការងារដោយផ្តោតសំខាន់ទៅលើ គម្រោងស្រាវជ្រាវនៅទីអវកាសឆ្ងាយៗ។

(Image Credit: CGTN)

ទោះបីជា CNSA មិនទាន់បង្ហើបអ្វីច្រើននៅឡើយ ជុំវិញគម្រោងបង្កើតមន្ទីរពិសោធន៍ Tiandu ខាងលើនេះក្តី ក៏ប្រធានស្ថាប័នអវកាសកំពូលរបស់ប្រទេសចិននេះ គឺលោក ចាង ខឺចៀន (Zhang Kejian) បានប្រាប់ត្រួសៗថា Tiandu នឹងជួយគាំទ្រដល់បេសកកម្មស្រាវជ្រាវឋានព្រះចន្ទ, កម្មវិធីសិក្សាភព, ការបង្កើតស្ថានីយស្រាវជ្រាវព្រះចន្ទអន្តរជាតិ (ILRS) និង ផែនការក្នុងការបង្កើតប្រព័ន្ធការពារអាចម៍ផ្កាយជាដើម

(Image Credit: China’s CNSA)

គួរបញ្ជាក់ថា ការបង្កើតមន្ទីរពិសោធន៍ Tiandu របស់ប្រទេសចិន ក៏ស្ថិតនៅក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យអវកាសរវាងចិន ជាមួយនឹងបណ្តាប្រទេស-តំបន់ជាច្រើនទៀតផងដែរដូចជា អឺរ៉ុប និងរុស្ស៊ីជាដើម។ ប្រទេសចិនបានអះអាងរួចជាស្រេចថា ការអភិវឌ្ឍមន្ទីរពិសោធន៍ Tiandu នឹងស្ថិតក្នុងការលក្ខណៈបើកចំហ, ដូច្នេះប្រទេសនានាដែលចាប់អារម្មណ៍ នឹងអាចចូលរួមបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនបាន៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com/CNSA (ថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២)

(សំណូមពរ៖ ប្រសិនបើបងប្អូនជាទីគោរពស្រឡាញ់ ចង់ឲ្យក្រុមការងារ Cambo Space បន្តផលិតអត្ថបទ និងវីដេអូទៅមុខទៀត ដើម្បីប្រយោជន៍ដល់ការសិក្សាអំពីវិស័យអវកាស និងវិទ្យាសាស្ត្រនេះ បងប្អូនអាចចូលរួមចុច like និង share រាល់អត្ថបទដែលបងប្អូនពេញចិត្ត។ Cambo Space មិនអាចដំណើរការទៅមុខទៀតឡើយ ប្រសិនបើគ្មានការគាំទ្រពីបងប្អូន។ សូមអរគុណ៕)

Comments (0)
Add Comment