(អាមេរិក)៖ តេឡេស្កូបអង្កេតព្រះអាទិត្យ «Solar Dynamics Observatory» របស់អង្គការ NASA ទើបតែបានផ្តិតយកនូវរូបភាព «អណ្តាតភ្លើងព្រះអាទិត្យ» ឬជាភាសាអង់គ្លេសហៅថា «Solar Flare» ដែលទើបជះចេញជាថ្មីម្តងទៀត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ (ពេលវេលានៅសហរដ្ឋអាមេរិក)។
តេឡេស្កូបអវកាស Solar Dynamics Observatory ដែលកំពុងស្ថិតនៅចម្ងាយ ៣៦,០០០គីឡូម៉ែត្រពីភពផែនដីខាងលើនេះ បានផ្តិតយករូបភាពនៃអណ្តាតភ្លើងព្រះអាទិត្យ ដែលបានជះចេញនៅក្នុងកម្រិតបង្គួរ ឬ «type M»។
បើតាមអង្គការ NASA តេឡេស្កូបអវកាសរបស់ខ្លួនមួយនេះ បានសម្លឹងមើលទៅគ្រប់ជ្រុងនៃព្រះអាទិត្យ ដោយប្រើប្រាស់រយៈពេល ១០វិនាទី ហើយបានផ្តិតចេញជារូបភាពមួយសន្លឹកជាពណ៌ធម្មជាតិ ដែលមានកម្រិតភាពច្បាស់ខ្លាំងជាងទូរទស្សន៍ high-definition រហូតដល់ទៅ ១០ដងឯណោះ។
គួរបញ្ជាក់ថា អណ្តាតភ្លើងព្រះអាទិត្យលំដាប់ type M ឬ M-class គឺជាកម្រិតខ្លាំងបង្គួរមួយ ដែលជាការជះចេញនូវ រលកធាតុវិទ្យុសកម្មអេឡិចត្រូម៉ាញេទិច (electromagnetic radiation) ពីស្រទាប់ ខូរ៉ូណា (Corona) របស់ព្រះអាទិត្យ នៅក្នុងល្បឿនស្មើនឹងល្បឿននៃពន្លឺ (ជិត៣សែនគីឡូម៉ែត្រក្នុងមួយវិនាទី)។
ជុំវិញព្រឹត្តិការណ៍ខាងលើនេះ រដ្ឋបាលអង្កេតបរិយាកាស និងមហាសមុទ្រ (NOAA) នៃសហរដ្ឋអាមេរិកបានពន្យល់ថា លំដាប់ថ្នាក់របស់ Solar Flare ដែលបានកើតឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺស្ថិតក្នុងកម្រិត M9.6។ ប្រការនេះមានន័យថា វាជិតឡើងដល់កម្រិតខ្ពស់បំផុត «X-class» ទៅហើយ។ បាតុភូតដ៏កម្រោលពីព្រះអាទិត្យបែបនេះ តែងតែបានបង្កផលប៉ះពាល់ ដល់ប្រព័ន្ធទូរគមនាគមន៍ ដែលប្រើប្រាស់រលកវិទ្យុប្រេកង់ខ្ពស់ នៅលើភពផែនដី៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២)
(សំណូមពរ៖ ប្រសិនបើបងប្អូនជាទីគោរពស្រឡាញ់ ចង់ឲ្យក្រុមការងារ Cambo Space បន្តផលិតអត្ថបទ និងវីដេអូទៅមុខទៀត ដើម្បីប្រយោជន៍ដល់ការសិក្សាអំពីវិស័យអវកាស និងវិទ្យាសាស្ត្រនេះ បងប្អូនអាចចូលរួមចុច like និង share រាល់អត្ថបទដែលបងប្អូនពេញចិត្ត។ Cambo Space មិនអាចដំណើរការទៅមុខទៀតឡើយ ប្រសិនបើគ្មានការគាំទ្រពីបងប្អូន។ សូមអរគុណ៕)