តើអាចម៌ផ្កាយមួយនេះ នឹងបង្កគ្រោះដល់ផែនដីនៅឆ្នាំ២៨៨០? NASA ទើបប្រាប់ដំណឹងថ្មី…

(អាមេរិក)៖ អង្គការអវកាសអាមេរិក NASA ទើបតែបានចេញមុខ បន្ធូរបន្ថយក្តីព្រួយបារម្ភសម្រាប់មនុស្សជំនាន់ក្រោយ នៅលើភពផែនដីយើងនេះ ដោយសារតែអាចម៍ផ្កាយមួយមានឈ្មោះថា 1950 DA ដែលកាលពីប៉ុន្មានឆ្នាំមុននេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រព្យាករថា នឹងអាចមានលទ្ធភាពបង្កគ្រោះថ្នាក់ ដល់ភពដ៏ស្រស់បំព្រងរបស់យើងនៅឆ្នាំ ២៨៨០

គន្លងគោចរនៃអាចម៍ផ្កាយ 1950 DA

នៅក្នុងការព្យាករណ៍មួយកាលពីឆ្នាំ ២០១៥ ដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ, អាចម៍ផ្កាយ 1950 DA មានឱកាស ១ លើ ៨,០០០ ក្នុងការបង្កគ្រោះថ្នាក់ដល់ភពផែនដី នៅឆ្នាំ ២៨៨០។ ប៉ុន្តែយោងតាមការព្យាករណ៍ថ្មី ដោយក្រុមអ្នកវិទ្យាសាស្ត្រ NASA កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានច្រានក្តីព្រួយបារម្ភនេះវិញ ដោយដកឈ្មោះអាចម៍ផ្កាយ 1950 DA ចេញពីបញ្ជីនៃក្រុមអាចម៍ផ្កាយ ដែលមានលទ្ធភាពខ្ពស់ ក្នុងការបង្កការគំរាមកំហែងភពផែនដីយើង។

ជុំវិញការផ្លាស់ប្តូរខាងលើនេះ, លោក Davide Farnocchia វិស្វករជំនាញមួយរូប នៃមន្ទីរពិសោធន៍ JPL របស់អង្គការ NASA បានប្រាប់សារព័ត៌មាន Space.com ថា «អាចម៍ផ្កាយ 1950 DA មិនគួរស្ថិតក្នុងក្តីព្រួយបារម្ភអ្វីទៀតឡើយ។ តែយ៉ាងណា, វាជាការសិក្សាដ៏មានប្រយោជន៍ ព្រោះយើងអាចគណនាអំពីអាចម៍ផ្កាយដ៏ឆ្ងាយមួយ ដើម្បីឲ្យដឹងថា ដុំថ្មអវកាសនោះមានលទ្ធភាពគំរាមកំហែងភពយើងដែរ ឬអត់ រហូតដល់ទៅអនាគតជាង ៨០០ឆ្នាំ»។

រូបរាងអាចម៍ផ្កាយ 1950 DA (Image Credit: NASA/JPL)

គួរបញ្ជាក់ថា ការតាមដានលម្អិតចំពោះ 1950 DA បានកើតមានឡើង ព្រោះតែមានមុខកាត់រហូតដល់ទៅ ១.៣គីឡូម៉ែត្រ។ កន្លងមកនេះ, ការអង្កេតអាចម៍ផ្កាយ 1950 DA ត្រូវបានធ្វើឡើងដោយតេឡេស្កូប អារ៉េស៊ីបូ (Arecibo) ស្ថិតនៅលើទឹកដី ភឺតូ រីកូ (Puerto Rico)។ ទោះបីជានៅក្នុងករណីដែល 1950 DA អាចមានឱកាសបង្កគ្រោះដល់ផែនដីក្តី ក៏រយៈពេលដល់ទៅជាង ៨០០ឆ្នាំទៀត គឺសមល្មមឲ្យមនុស្សលោក រិះរកវិធីដ៏មានប្រសិទ្ធភាព ដើម្បីទប់ទល់អាចម៍ផ្កាយដ៏ធំនេះបាន, នេះបើតាមការអះអាង ដោយក្រុមអ្នកវិទ្យាសាស្ត្រ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២)

Comments (0)
Add Comment