(អាមេរិក)៖ បណ្តុំទិន្នន័យបន្សល់ទុកដោយ កែវយឺតអវកាស Kepler របស់អង្គការ NASA ដែលបានបិទបញ្ចប់បេសកកម្មជាស្ថាពរ កាលពីឆ្នាំ២០១៨ កន្លងទៅនេះ នៅតែបន្តផ្តល់ផលប្រយោជន៍ធំធេង ដល់ការស្រាវជ្រាវរកភពនានា នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ, ហើយនៅពេលនេះ ក្រុមតារាវិទូអន្តរជាតិទើបតែបានវែករកឃើញ ភពថ្មីមួយទៀត ដែលត្រូវបានគេផ្តល់រហស្សនាមឲ្យថា «បងប្អូនភ្លោះនៃភពព្រហស្បតិ៍ (Jupiter)»។
ក្រុមតារាវិទូដែលគ្រប់គ្រង និងស្រាវជ្រាវទិន្នន័យបន្សល់ទុកពីបេសកកម្ម Kepler ខាងលើ បានរកឃើញភព exoplanet ដែលស្រដៀងភពឧស្ម័នយក្សលេខ ១ ប្រចាំប្រព័ន្ធព្រះអាទិត្យយើងនេះ ស្ថិតនៅចម្ងាយរហូតដល់ទៅ ១៧,0០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ ក្រុមតារាវិទូបានដាក់ឈ្មោះឲ្យវា ជាបណ្តោះអាសន្នថា «K2-2016-BLG-0005Lb» ព្រោះតែវាត្រូវបាន Kepler ផ្តិតបានកាលពីឆ្នាំ២០១៦។
មិនត្រឹមតែស្រដៀង Jupiter របស់យើងប៉ុណ្ណោះទេ, K2-2016-BLG-0005Lb ក៏ត្រូវបានចាត់ទុកជាភព exoplanet ឆ្ងាយបំផុត ដែលតេឡេស្កូបអវកាស Kepler បានរកឃើញផងដែរ។ ពេញមួយជីវិតរបស់ Kepler, គិតចាប់តាំងពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨, កែវយឺតអវកាសនេះបានរកឃើញភព exoplanets សរុបជាង ២,៧០០ភព ក្នុងចំណោមភព exoplanets ផ្លូវការទាំងជាង ៥,០០០ភព ដែលត្រូវបានអង្គការ NASA និងអង្គការជាដៃគូរកឃើញ គិតត្រឹមខែមីនា ឆ្នាំ២០២២។
ជុំវិញការរកឃើញភព ដែលស្រដៀងភពព្រហស្បតិ៍ខាងលើនេះដែរ, តារាវិទូ Eamonn Kerins មកពីសាកលវិទ្យាល័យ Manchester ចក្រភពអង់គ្លេស បានបកស្រាយថា «Kepler មិនត្រូវបានរារាំងដោយអាកាសធាតុ និងពន្លឺថ្ងៃនោះឡើយ, ដូច្នេះយើងអាចគណនាម៉ាស់ និងគម្លាតរវាងភពនោះ នឹងផ្កាយមេរបស់វា។ K2-2016-BLG-0005Lb គឺពិតជាបងប្អូនភ្លោះនៃភពព្រហស្បតិ៍ ដោយយោងទៅលើម៉ាស់ប្រហាក់ប្រហែលគ្នា, គម្លាតរវាងផ្កាយរៀងៗខ្លួនក៏ប្រហាក់ប្រហែលគ្នា ខណៈផ្កាយ K2-2016-BLG-0005L មានម៉ាស់ស្មើនឹង ៦០% នៃម៉ាស់របស់ព្រះអាទិត្យយើង»។
គួរបញ្ជាក់ថា ការសិក្សាខាងលើនេះ ត្រូវបានដឹកនាំដោយនិស្សិតថ្នាក់ Ph.D នៃសាកលវិទ្យាល័យ Manchester គឺលោក David Specht។ វាគឺជាការសិក្សាដោយប្រើប្រាស់វិធីសាស្ត្រអង្កេតបាតុភូតមួយ ដែលយើងធ្លាប់បានស្គាល់រួចមកហើយនោះគឺ «gravitational microlensing» របស់លោក Albert Einstein កាលពីឆ្នាំ ១៩៣៦ ដោយស្ថិតនៅក្នុងបណ្តុំទ្រឹស្តី «General Theory of Relativity»៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២)
(សំណូមពរ៖ ប្រសិនបើបងប្អូនជាទីគោរពស្រឡាញ់ ចង់ឲ្យក្រុមការងារ Cambo Space បន្តផលិតអត្ថបទ និងវីដេអូទៅមុខទៀត ដើម្បីប្រយោជន៍ដល់ការសិក្សាអំពីវិស័យអវកាស និងវិទ្យាសាស្ត្រនេះ បងប្អូនអាចចូលរួមចុច like និង share រាល់អត្ថបទដែលបងប្អូនពេញចិត្ត។ Cambo Space មិនអាចដំណើរការទៅមុខទៀតឡើយ ប្រសិនបើគ្មានការគាំទ្រពីបងប្អូន។ សូមអរគុណ៕)