(វ៉ាស៊ីនតោន)៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ (២ឆ្នាំទៀត), មហាបាតុភូតសូរ្យគ្រាសមួយ (Great Solar Eclipse) នឹងកើតឡើងនៅទ្វីបអាមេរិកខាងជើង ហើយបណ្តារដ្ឋចាប់ពីភាគខាងត្បូង ដល់ភាគឦសាន នៃសហរដ្ឋអាមេរិក នឹងមើលឃើញបាតុភូតនេះពេញភ្នែក (Total Solar Eclipse) តែម្តង។ ដោយឡែកភាគខាងលិច, កណ្តាល និងខាងជើងប្រទេសម៉ិចស៊ីកូ ព្រមទាំងភាគអាគ្នេយ៍ប្រទេសកាណាដា ក៏នឹងមើលឃើញបាតុភូតដ៏មហាកម្រនេះដូចគ្នា។
ទស្សនាផែនទីខាងលើនេះ លោកអ្នកនឹងបានដឹងអំពីទីតាំង និងពេលវេលាដែល បាតុភូត្យសូរ្យគ្រាស នឹងកើតឡើងពេញលេញ (Total Solar Eclipse) ព្រមទាំងកន្លែងដែលសូរ្យគ្រាស នឹងកើតឡើងដោយផ្នែក។ សម្រាប់សហរដ្ឋអាមេរិក, ខ្សែបន្ទាត់អូសត្រង់ ចាប់តាំងពីភាគខាងត្បូង (រដ្ឋតិចសាស់ – Texas) ដល់ភាគឦសាន (រដ្ឋញូយ៉ក – New York) សូរ្យគ្រាសនឹងកើតឡើងពេញលេញ ១០០%។ ដោយឡែកទីក្រុង ម៉ុងត្រេអាល់ (Montreal) របស់កាណាដា នឹងមើលឃើញសូរ្យគ្រាសពេញលេញ ខណៈទីក្រុង តូរ៉ុនតូ (Toronto) នឹងមើលឃើញស្ទើរពេញលេញ។
សម្រាប់ប្រទេសម៉ិចស៊ីកូវិញ, ខ្សែបន្ទាត់អូសត្រង់ចាប់ពីតំបន់ភាគកណ្តាល នៃឆ្នេរសមុទ្រភាគលិច ដល់ភាគខាងឦសានជាប់ព្រំដែនរដ្ឋ Texas របស់សហរដ្ឋអាមេរិក ក៏នឹងមើញបាតុភូតសូរ្យពេញលេញដូចគ្នា។ នៅក្នុងផែនទីខាងលើនេះ ក៏មានបង្ហាញអំពីកម្រិតភាគរយ នៃតំបន់សងខាងខ្សែបន្ទាត់អូសត្រង់ ដែលមានពណ៌លឿងដិតធំ ដែលនឹងអាចមើលឃើញសូរ្យគ្រាសដោយផ្នែកផងដែរ គឺចាប់ពៅកម្រិត ៩៥% ចុះមកដល់ ២០%។
គួរបញ្ជាក់ថា កន្លងមកនៅពេលមានព្រឹត្តិការណ៍បែបនេះ នៅសហរដ្ឋអាមេរិក, សណ្ឋាគារ ព្រមទាំងរមនីយដ្ឋាននានា ដែលស្ថិតនៅតាមតំបន់ដែលនឹងកើតមាន បាតុភូតសូរ្យគ្រាសដូចខាងលើនេះ តែងតែទទួលបានការកក់ទីកន្លែងទុកមុន ពីសំណាក់ភ្ញៀវយ៉ាងកកកុញផងដែរ។ អ្នកទស្សនាទាំងអស់ នឹងតម្រូវឲ្យមានឧបករណ៍ការពារភ្នែកពិសេស (វ៉ែនតាខ្មៅការពារពន្លឺថ្ងៃកម្រិតខ្ពស់)៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២)