(អាមេរិក)៖ យានស្រាវជ្រាវភពអង្គារ InSight របស់អង្គការ NASA ទើបតែបានផ្តិតរូបភាពដ៏ស្រស់ត្រកាល នៃព្រះអាទិត្យរះលើភពព្រះអង្គារ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២២ (ពេលវេលាលើផែនដី)។ នៅក្នុងរូបភាពនោះ អាចបង្កឲ្យមនុស្សមួយចំនួនយល់ច្រឡំបានថា វាជារូបភាពលើផែនដី ប៉ុន្តែតាមការពិតទៅ គឺស្ថិតនៅលើភពអង្គារដោយមិនអាចកែប្រែ។
ប្រសិនបើលោកអ្នកគិតថា ថ្ងៃរះលើភពផែនដីស្រស់ត្រកាលជាងលើភពផ្សេងៗទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យនោះ អ្នកអាចទស្សនារូបមួយសន្លឹកថ្មីខាងលើនេះវិញ ដោយវាពិតជាស្អាតប្លែកបែបស្រទន់ តែក៏មើលទៅហាក់មានលក្ខណៈឯកោខ្លះៗដែរ ដោយសារតែទីវាលដ៏ធំធេងនោះ ពុំមានជីវិតរស់នៅសោះឡើយ។
បុគ្គលិកអង្គការ NASA បានបង្ហោះសារអមដោយរូបភាពនេះ នៅលើគណនី Twitter របស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំនឹងមិនធុញទ្រាន់ ក្នុងការទស្សនាថ្ងៃរះ នៅលើភពព្រះអង្គារនោះឡើយ…»។ សម្រាប់យាន InSight ដែលបានចុះទៅដល់ភពអង្គារ កាលពីចុងឆ្នាំ ២០១៨ នឹងបន្តបេសកកម្មរបស់ខ្លួន រហូតដល់ពេលបិទបញ្ចប់ជាស្ថាពរនៅខែធ្នូ ឆ្នាំ ២០២២៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២)