(អាមេរិក)៖ អង្គការ NASA នៃសហរដ្ឋអាមេរិក ទើបតែបានបញ្ចេញរូបភាពមួយសន្លឹក ដែលបង្ហាញអំពីបណ្តុំពពកធូលី-ឧស្ម័ន នីប៊ូឡា (Nebula) មួយ ស្ថិតនៅចម្ងាយរហូតដល់ ១,៤០០ឆ្នាំពន្លឺពីព្រះអាទិត្យយើង ហើយវាត្រូវបានថតដោយតេឡេស្កូបអវកាសមួយ កាលពីឆ្នាំ ២០១៤។
Spitzer របស់អង្គការ NASA ដែលបានចូលនិវត្តន៍រួចទៅហើយនោះ គឺជាប្រភេទតេឡេស្កូបមានតួនាទីអង្កេតពន្លឺ Infrared និង X-rays ខណៈនីបូឡាមេអំបៅ (Butterfly Nebula) ដែលវាថតបានខាងលើនេះ មានឈ្មោះជាផ្លូវការថា Westerhout 40 ឬ W40 ដែលជាផ្នែកមួយនៃតារានិករ (កញ្ចុំផ្កាយ) វ័យក្មេងដ៏ធំមួយ។
សម្រាប់ទីតាំំងរបស់ Westerhout 40 គឺយើងអាចសម្លឹងមើលទៅលើផ្ទៃមេឃផែនដី នៅទិសដៅផ្ទុយពីចំណុច ដែលនីបូឡាក្នុងក្រុមតារាយាមនង្គ័ល (Orion Nebula) តាំងនៅ។ បើតាមទិន្នន័យពីអង្គការ NASA, ចំណុចស្លាបទាំងសងខាងរបស់នីបូឡា Westerhout 40 គឺបង្ហាញអំពីបណ្តុំផ្កាយធំៗក្នុងតំបន់ ដែលជះពន្លឺយ៉ាងភ្លឺចិញ្ចាច។
អង្គការ NASA បានបន្ថែមទៀតថា ការកកើតតារាថ្មីៗ ដែលមានម៉ាស់ធំជាងព្រះអាទិត្យយើង ១០ដងឡើងទៅ កំពុងមានវត្តមានក្នុងតំបន់ភ្លឺចែងចាំងរបស់នីបូឡា Westerhout 40 នៅចំពោះមុខកាកសំណល់នៃតារាផ្សេងៗទៀត ដែលបានផុតជីវិតទៅហើយ ដោយការផ្ទុះ (supernova)។
គួរបញ្ជាក់ថា Spitzer គឺជាកែវយឺតអវកាស ដ៏មានឥទ្ធិពលមួយផងដែររបស់អង្គការ NASA ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ ២០០៣ និងបិទបញ្ចប់បេសកកម្មកាលពីឆ្នាំ ២០២០។ តាមពិតទៅ តេឡេស្កូបអវកាស James Webb ត្រូវបានបាញ់បង្ហោះ ដើម្បីបន្តតំណែងពី Spitzer នេះឯង ប៉ុន្តែដោយសារតែភាពរអាក់រអួល នៃកម្មវិធីបាញ់បង្ហោះ James Webb នោះ ទើបបានជាធ្វើឲ្យការសិក្សាទីអវកាស ដោយប្រើប្រាស់ការអង្កេតពន្លឺ Infrared ត្រូវបានខ្វះចន្លោះអស់ជាច្រើនឆ្នាំ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២)