(អាមេរិក)៖ ព្រឹត្តិការណ៍ជះចេញនូវអណ្តាតភ្លើងព្រះអាទិត្យ ពីចំណុចខ្មៅមរណៈ (dead sunspot) កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ត្រឹមតែបង្កឲ្យមានពន្លឺអូរ៉ូរ៉ា (សំរាំងប៉ូល) និងរលកកម្តៅតិចតួចប៉ុណ្ណោះ ព្រោះភពផែនដីយើងមានដែនម៉ាញេទិចខ្លាំងក្លា និងបរិយាកាសដ៏ក្រាស់ ដែលអាចទប់ទល់ចំហាយមរណៈទាំងនោះបាន។
ប៉ុន្តែផ្ទុយពីភពផែនដី, ភពពុធដែលស្ថិតនៅដើមគេ នៃប្រព័ន្ធព្រះអាទិត្យ គឺពិតជាកម្សត់ខ្លាំងណាស់ ព្រោះវាតែងតែទទួលរង ចំហាយគ្រប់យ៉ាងពីព្រះអាទិត្យ រួមទាំងព្រឹត្តិការណ៍កាលពីថ្ងៃទី១១ ខែមេសា នោះយ៉ាងខ្លាំងក្លាតែម្តង ដោយសារតែភពគ្មានបរិយាកាសមួយនេះ ស្ថិតនៅកៀកនឹងព្រះអាទិត្យពេក (ភពពុធមានគម្លាត ៨៨លានគីឡូម៉ែត្រពីព្រះអាទិត្យ) និងគ្មានដែនម៉ាញេទិចដូចផែនដី។
ការជះចេញនូវកំសួលអណ្តាតភ្លើង ពីស្រទាប់ខូរ៉ូណារបស់ព្រះអាទិត្យ (coronal mass ejection ឬ CME) តែងតែបង្កឲ្យភពនានានៅក្នុងប្រព័ន្ធព្រះអាទិត្យ រងឥទ្ធិពលនៃភាគល្អិតពីដុំបាល់ភ្លើងនេះ។ តែរយៈពេលជិត ១ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ រលកធាតុវិទ្យុសកម្ម និងកម្តៅទាំងនោះ បានវាយប្រហារទៅលើភពពុធ ហើយវាបានបង្កើតចេញវា «បរិយាកាសបណ្តោះអាសន្ន» នៅលើភពពុធ និងបង្កឲ្យភពនេះមានរំសាយកន្ទុយ (ដូចផ្កាយដុះកន្ទុយ) នៅក្នុងកម្រិតស្រាលៗផងដែរ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២)