(អាមេរិក)៖ នៅពេលដែលអង្គការ NASA បានបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទក្នុងឆ្នាំ ១៩៦៩ គ្រោះថ្នាក់មួយក្នុងចំណោមគ្រោះថ្នាក់ជាច្រើន ដែលទីភ្នាក់ងារអវកាសអាមេរិកនេះ បានគិតទុកជាមុននោះគឺ ដុំថ្មអវកាស (អាចម៍ផ្កាយតូចៗ) ដែលអាចវាយប្រហារអវកាសយានិក និងឧបករណ៍វិទ្យាសាស្ត្ររបស់ពួកគេ។
មិនដូចភពផែនដីដែលមានខែលការពារ ដែលជាធម្មតាដុំថ្មអវកាសទាំងនោះ នឹងត្រូវរលាយពេលចូលមកក្នុងបរិយាកាសនោះទេ, ព្រះចន្ទងាយរងគ្រោះដោយសារអាចម៍ផ្កាយ ឬសូម្បីតែដុំថ្មតូចៗ ដែលកំពុងវិលវល់ជុំវិញលំហអវកាស ព្រោះតែព្រះចន្ទគ្មានបរិយាកាសទប់ទល់។
ខណៈដែលអង្គការ NASA កំពុងរៀបចំបញ្ជូនមនុស្ស ត្រឡប់ទៅឋានព្រះច័ន្ទវិញនៅឆ្នាំ ២០២៥ ដើម្បីបង្កើតមូលដ្ឋានស្រាវជ្រាវជាអចិន្ត្រៃយ៍មួយ ដែលមានស្ថានីយគោចរជុំវិញព្រះចន្ទផង និងនៅលើផ្ទៃរបស់ព្រះចន្ទផង, ដូច្នេះវាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ក្នុងស្វែងយល់អំពីភាគរយនៃការវាយប្រហារដោយអាចម៍ផ្កាយ ដែលផ្កាយរណបធម្មជាតិរបស់ផែនដីនេះ ត្រូវជួបប្រទះក្នុងមួយថ្ងៃៗ ឬក្នុងមួយឆ្នាំៗ។
* តើជាមធ្យមក្នុងមួយថ្ងៃ ដុំថ្មអវកាសតូចៗចំនួនប៉ុន្មានតោន បានធ្លាក់មកលើផ្ទៃព្រះចន្ទ?
ជុំវិញសំនួរនេះ, លោក Bill Cooke ប្រធានកម្មវិធីសិក្សាអំពីបរិស្ថាន និងអាចម៍ផ្កាយ របស់អង្គការ NASA បានបកស្រាយថា ការសិក្សាអំពីបរិស្ថានអវកាសជុំវិញផែនដីផង និងជុំវិញព្រះចន្ទផង បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹងអំពីរឿងនេះ។ អ្នកជំនាញ NASA រូបនេះបានអះអាងថា គេត្រូវបូកសរុបចាប់ពីកម្ទេចធូលី រហូតដល់អាចម៍ផ្កាយតូចៗ (meteoroid) ដែលមានមុខកាត់រហូតដល់ ១ម៉ែត្រ ដើម្បីរកឃើញនូវចម្លើយអំពីចំនួនដុំថ្មៗអវកាសជាមធ្យម ដែលបានធ្លាក់លើផ្ទៃព្រះចន្ទក្នុងមួយថ្ងៃ។
ជាចុងក្រោយលោក Bill Cooke បានផ្តល់ចម្លើយសមរម្យមួយថា ដុំថ្មអវកាសយ៉ាងហោចណាស់ «១១តោន ទៅ ១,១០០តោន» (ដែលស្មើនឹងម៉ាស់រថយន្តធុនតូច ៥.៥គ្រឿង) បានធ្លាក់លើផ្ទៃព្រះចន្ទនៅក្នុងមួយថ្ងៃ។ សម្រាប់ដុំថ្មអវកាសដែលធំជាងនេះ ការគណនាចំនួននឹងកាន់តែងាយស្រួល។
លោក Bill បានគូសបញ្ជាក់ទៀតថា ដុំថ្មអវកាសទំហំប៉ុនគ្រាប់ ពីងប៉ុង (pingpong-ball) យ៉ាងហោចណាស់ ១០០គ្រាប់ជាមធ្យម តែងតែធ្លាក់លើផ្ទៃព្រះចន្ទក្នុងមួយថ្ងៃៗ ហើយស្មើនឹង ៣៣,០០០គ្រាប់នៅក្នុងមួយឆ្នាំ។ បន្ថែមពីនេះ, ដុំថ្មអវកាសធំៗជាងនេះ ក៏បានបុកព្រះចន្ទជារៀងរាល់ ៤ឆ្នាំម្តងផងដែរ ដោយពួកវានីមួយៗត្រូវបានគណនាថា បានបុកព្រះចន្ទក្នុងកម្រិតស្មើនឹងការផ្ទុះម្សៅ TNT ចំនួន ១,០០០តោន។
គួរបញ្ជាក់ថា ព្រះចន្ទមានអាយុកាល ៤.៥ពាន់លានឆ្នាំទៅហើយ ដូច្នេះគ្មានអ្វីដែលយើងត្រូវងឿងឆ្ងល់នោះឡើយ ចំពោះស្លាកស្នាមគ្រប់ទម្រង់ ដែលមាននៅគ្រប់កន្លែងលើផ្ទៃព្រះចន្ទនោះ។ បច្ចុប្បន្ននេះ ផ្កាយរណប LRO របស់អង្គការ NASA នៅតែបន្តគោចរជុំវិញព្រះចន្ទ និងបានផ្តិតរូបភាពជាច្រើន ដែលមានប្រយោជន៍ដល់ការសិក្សា អំពីស្លាកស្នាមនៃការប៉ះទង្គិច ដ៏គួរឲ្យចាប់អារម្មណ៍៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២)