(អាមេរិក)៖ ធ្មេចបើកៗ ១ឆ្នាំគត់បានកន្លងផុតទៅ ដោយកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កូនឧទ្ធម្ភាគចក្រ អ៊ីនជែនញូអ៊ីធី (Ingenuity) របស់អង្គការ NASA ដែលត្រូវបានដាក់ភ្ជាប់នៅក្រោមពោះ នៃយានស្រាវជ្រាវភពអង្គារ ភើសេវើរិនស៍ (Perseverance) នោះ ត្រូវបញ្ជាឲ្យហោះឡើងជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រសម្រាប់ភពក្រហមនោះ។ ទស្សនាវីដេអូខាងក្រោមនេះ៖
ខណៈយាន Perseverance បានចុះទៅដល់ផ្ទៃភពព្រះអង្គារ តាំងតែពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១, កូនឧទ្ធម្ភាគចក្រ Ingenuity មិនទាន់ត្រូវបានបញ្ចេញពីពោះរបស់វា ភ្លាមៗនោះទេ។ ការប្រើពាក្យថា «នៅក្នុងប្រវត្តិសាស្ត្រ» នោះ គឺចង់សំដៅទៅលើគ្រឿងយន្ត ដែលត្រូវបានបញ្ជូនទៅពីភពផែនដី និងអាចត្រូវបានបញ្ជាឲ្យហោះហើរ ក្នុងបរិយាកាសភពអង្គារដ៏ស្តើងបំផុតនោះបាន (កម្រាស់បរិយាកាសភពអង្គារ គឺស្មើតែ ១% ប៉ុណ្ណោះ នៃកម្រាស់បរិយាកាសផែនដី)។
គិតចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ Ingenuity បានធ្វើការហោះហើរសរុប ២៥ដង ស្មើនឹងជាង ៤៥នាទី នៅក្នុងបរិយាកាសភពអង្គារ ហើយវានឹងនៅតែអាចបន្តសកម្មភាព ទៅមុខទៀតដ៏ខ្លាំងក្លា។ សម្រាប់ការហោះហើរលើកចុងក្រោយវិញ Ingenuity សម្រេចបានចម្ងាយ ៧០៤ម៉ែត្រ ជាមួយនឹងល្បឿនលឿនបំផុត ១៩.៨គីឡូម៉ែត្រក្នុងមួយម៉ោង និងនៅក្នុងរយៈកម្ពស់ជាង ១០ម៉ែត្រពីផ្ទៃដី។
ថ្វីត្បិតកន្លងមកនេះ អាចត្រឹមជាការធ្វើតេស្តសាកល្បងគ្រឿងយន្ត ដែលអាចហោះហើរលើភពអង្គារក៏ដោយ, តែ Ingenuity ពិតជាបានជួយជំនួសដៃជើងច្រើន ឲ្យយាន Perseverance។ ការមានសមត្ថភាពហោះមើលពីលើផ្ទៃអាកាស, ថតរូបសណ្ឋានដី និងចល័តទៅអង្កេតមើលតំបន់ឆ្ងាយៗជាមុននោះ, វាពិតជាផ្តល់ផលប្រយោជន៍ធំធេង ដល់ការកំណត់ទិសដៅស្រាវជ្រាវរបស់ Perseverance ដែលកំពុងស្ថិតក្នុងរណ្តៅ Jezero (មានមុខកាត់ ៤៥គីឡូម៉ែត្រ និងជាអតីតបឹងស្តុកទឹកលើភពអង្គារ)។
គួរបញ្ជាក់តាមក្រុមអ្នកវិទ្យាសាស្ត្រថា នាពេលខាងមុខនេះ, ពួកគេរំពឹងចង់ឃើញ Ingenuity ហោះហើរឲ្យបានរហូតដល់ចម្ងាយ ១គីឡូម៉ែត្រឡើងទៅ។ ការអភិវឌ្ឍ និងផលិត Ingenuity តែឯងត្រូវបានចំណាយប្រាក់រហូតដល់ទៅ ៨០លានដុល្លារអាមេរិក ខណៈការគ្រប់គ្រង និងបញ្ជាវាក្នុងបេសកកម្ម ១ខែពេញ ដែលជាបេសកកម្មស្នូលនោះ ត្រូវបានចំណាយ ៥លានដុល្លារអាមេរិកបន្ថែមទៀត៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២)