យល់ដឹង៖ តើកន្លែងណាដែល «ត្រជាក់ខ្លាំងបំផុត» ក្នុងប្រព័ន្ធព្រះអាទិត្យ?

(អាមេរិក)៖ បើនិយាយអំពីកន្លែងដែលត្រជាក់ខ្លាំងបំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ មនុស្សភាគច្រើនប្រហែលជាគិតដល់ ទ្វីបអង់តាកទិកនៅប៉ូលខាងត្បូងផែនដីដែលសីតុណ្ហភាពអាចចុះដល់ – 89.2 អង្សាសេ និងភពភ្លុយតុង ឬ ភ្លូថូ (Pluto) ដែលសីតុណ្ហភាពអាចចុះដល់ – 232 អង្សាសេ ជាក់ជាមិនខាន។

ភព Pluto (រូបបង្កើតដោយកុំព្យូទ័រ)

យ៉ាងណាក៏ដោយ, យោងតាមការសិក្សាដោយប្រើប្រាស់ផ្កាយរណបអង្កេតព្រះចន្ទ (Lunar Reconnaissance Orbiter ឬ LRO) កាលពីឆ្នាំ២០០៩, កន្លែងដែលត្រជាក់ខ្លាំងបំផុត ប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ គឺអាចជាបាតរណ្តៅមិនដែលស្គាល់ពន្លឺថ្ងៃមួយចំនួន ស្ថិតនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។

ប៉ូលខាងត្បូងព្រះចន្ទ (Image Credit: NASA)

ការសិក្សាដោយក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យរដ្ឋ Arizona សហរដ្ឋអាមេរិកបានរកឃើញថា នៅក្នុងរណ្តៅ (craters) មួយចំនួន នៅប៉ូលខាងត្បូងព្រះចន្ទនោះ មានសីតុណ្ហភាពធ្លាក់ចុះរហូតដល់ – 248.15 អង្សាសេ ឬក៏អាចត្រជាក់ខ្លាំងជាងនេះផងក៏ថាបាន។

យាន Voyager 1 (NASA)

គួរបញ្ជាក់ថា សម្រាប់ចំណុចខាងលើនេះ គឺក្រុមអ្នកវិទ្យាសាស្ត្រចង់លើកឡើងពី «តំបន់ក្នុងប្រព័ន្ធព្រះអាទិត្យ» ប៉ុន្តែសម្រាប់តំបន់ចុង ឬក្រៅប្រព័ន្ធព្រះអាទិត្យ (Outer Space) វិញនោះ សីតុណ្ហភាពអាចចុះដល់ – 270.45 អង្សាសេឯណោះ។ នៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះ គឺចលនាម៉ូលេគុលលែងដំណើរការទៀតហើយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២)

Comments (0)
Add Comment