អស្ចារ្យ! យាន Perseverance របស់ NASA ថតបាន «សូរ្យគ្រាស» លើភពអង្គារជាលើកដំបូង! (មានវីដេអូ)

(អាមេរិក)៖ ជាលើកដំបូងសម្រាប់យានស្រាវជ្រាវភពអង្គារ Perseverance របស់អង្គការ NASA ក្នុងការផ្តិតបានបាតុភូត «សូរ្យគ្រាស» នៅលើភពក្រហមនោះ ប៉ុន្តែវាមិនមែនជាសូរ្យគ្រាសមូលក្រឡង់ និងពេលលេញ ដូចនៅលើភពផែនដីយើងនេះឡើយ។ ទស្សនាវីដេអូខាងក្រោមនេះ៖

ដោយសារតែព្រះចន្ទទាំងពីររបស់ភពអង្គារ គឺ Phobos និង Deimos មានទំហំតូចៗ និងរូបរាងដូចជាដុំអាចម៍ផ្កាយនោះ, បាតុភូតសូរ្យគ្រាសលើភពអង្គារ ប្រៀបបីដូចជាដុំថ្មរសាត់កាត់ពីមុខ កញ្ចក់កាមេរ៉ាយ៉ាងដូច្នោះឯង។

សម្រាប់បាតុភូតសូរ្យគ្រាសលើយាន Perseverance កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ (ពេលវេលាលើផែនដី) គឺបង្កឡើងដោយព្រះចន្ទ Photos (មានអង្កត់ផ្ចិត ២២.៥៣គីឡូម៉ែត្រ និងគម្លាតជាង ៩,៣០០គីឡូម៉ែត្រពីភពអង្គារ) រសាត់មកកាន់តំបន់ចន្លោះភពអង្គារ និងព្រះអាទិត្យ ដែលបានធ្វើឲ្យវាបាំងពន្លឺព្រះអាទិត្យបន្តិច ហើយជះស្រមោលមកលើយានកង់ ៦នេះ។

ព្រះចន្ទ Phobos (NASA)

ប៉ុន្មានឆ្នាំមកនេះ, យានទាំងឡាយនៅលើភពអង្គារ ជាពិសេសគឺ Curiosity របស់អង្គការ ក៏បានផ្តិតទិដ្ឋភាពសូរ្យគ្រាស នៅលើភពអង្គារជាច្រើនលើកផងដែរ។ ប៉ុន្តែសម្រាប់យាន Perseverance វិញ, បាតុភូតសូរ្យគ្រាសត្រូវបានផ្តិតយក នៅក្នុងលក្ខណៈច្បាស់លាស់ ព្រោះតែយាននេះមានបំពាក់កាមេរ៉ា Mastcam-Z ដែលមានសមត្ថភាពចាប់ frame rate កម្រិតខ្ពស់ ដែលមិនធ្លាប់ត្រូវបានប្រើប្រាស់ ដោយយាននានាពីមុនមកឡើយលើភពអង្គារ។

សូរ្យគ្រាសលើភពអង្គារ (Image Credit: NASA)

គួរបញ្ជាក់ថា មន្ទីរពិសោធន៍ JPL របស់អង្គការបានចាត់ទុក ការអង្កេតចលនារបស់ព្រះចន្ទ Phobos ជារឿងដ៏សំខាន់ ព្រោះការគោចររបស់ដុំថ្មយក្សមួយនេះជុំវិញភពអង្គារ តែងតែចូលរួមចំណែកដល់ការកែប្រែទម្រង់នៃ សំបក (crust) និងស្រទាប់រឹង (mantle) របស់ភពអង្គារផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២)

Comments (0)
Add Comment