សាកទាយទៅមើល! តើតំបន់ «ខ្មៅមួយដុំ» លើផ្ទៃភពព្រហស្បតិ៍នោះ បណ្តាលមកពីអ្វី?

(អាមេរិក)៖ យានអវកាស ជូណូ (Juno) របស់អង្គការ NASA បានផ្តិតយកទិដ្ឋភាពពិសេសមួយ នៅពេលវាហោះកៀកភពព្រហស្បតិ័ (Jupiter) ជាលើកទី ៤០ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ហើយរូបភាពនោះ ទើបតែត្រូវបានអង្គការ NASA ទម្លាយចេញ នៅក្នុងខែមេសានេះប៉ុណ្ណោះ។

គេបានឃើញតំបន់ជាំខ្មៅដ៏ធំមួយ ដែលមានទំហំប្រហាក់ប្រហែលនឹងទំហំ ចំណុចក្រហមដ៏ធំអស្ចារ្យ «Great Red Spot» ដែលជាអត្តសញ្ញាណនៃ Jupiter ទៅហើយ ស្ថិតនៅក្បែរតំបន់ខ្សែអេក្វាទ័រភពព្រហស្បតិ៍។ លោកអ្នកមួយចំនួន ប្រហែលជាអាចស្មានដឹងថា វាជាស្រមោលនៃព្រះចន្ទណាមួយរបស់ភពព្រហស្បតិ៍ ក្នុងចំណោមព្រះចន្ទធំៗទាំង ៤ នោះជាក់ជាមិនខាន។

(Image Credit: NASA, Thomas Thomopoulos)

ជាការពិតណាស់, វាជាស្រមោលនៃព្រះចន្ទយក្ស ហ្គេនីមីដ (Ganymede) ដែលធំជាងគេប្រចាំភពព្រហស្បតិ៍ និងនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងទាំងមូល។ អ្នកវិទ្យាសាស្ត្រឯកជនម្នាក់ គឺលោក Thomas Thomopoulos បានបង្កើតរូបភាពដ៏ពិសេសមួយនេះឡើង ដោយយោងទៅលើទិន្នន័យពិតៗ ដែលទទួលបានមកពីយានអវកាស Juno។

ព្រះចន្ទ Ganymede, យាន Juno និងភពព្រហស្បតិ៍ (NASA)

អង្គការ NASA បានអះអាងថា ប្រសិនបើមានអវកាសយានិកក្លាហានណាមួយ អាចហោះកាត់ពីលើតំបន់ស្រមោលខ្មៅ នៅលើផ្ទៃភពព្រហស្បតិ៍នោះ ពួកគេនឹងជួបប្រទះបាតុភូត «Total Solar Eclipse (សូរ្យគ្រាសពេញលេញ)» ស្តែងនឹងភ្នែកជាមិនខាន។ នៅលើផែនដីយើង «សូរ្យគ្រាស» តែងកើតមានជារឿយៗប៉ុណ្ណោះ ដោយសារយើងមានព្រះចន្ទតែមួយ។ ប៉ុន្តែសម្រាប់ភពព្រហស្បតិ៍វិញ មហាយក្សឧស្ម័ននេះមានព្រះចន្ទធំៗរហូតដល់ទៅ ៤ ដូច្នេះបាតុភូតសូរ្យគ្រាស តែងតែកើតមានជាញឹកញាប់ ឬពេលខ្លះកើតមានឡើងរហូតដល់ទៅ ៣ស្ទួនក៏មាន។

សូរ្យគ្រាស ៣ ស្ទួនលើភពព្រហស្បតិ៍ (Image Credit: Astronomy)

គួរបញ្ជាក់ថា Juno បានមើលឃើញទិដ្ឋភាពខាងលើនេះ នៅពេលធ្វើការហោះពីលើបណ្តុំពពកដ៏កញ្ជ្រោលនៃ Jupiter នៅក្នុងរយៈកម្ពស់ ៧១,០០០គីឡូម៉ែត្រ ឬជិតជាងគម្លាតរវាងភពព្រហស្បតិ៍ និងព្រះចន្ទ Ganymede ប្រមាណជា ១៥ដង (គម្លាតរវាង Jupiter និង Ganymede គឺ ១.១លានគីឡូម៉ែត្រ)។ តាមការពិត, ប្រសិនបើមើលពីចម្ងាយនោះ ស្រមោលរបស់ Ganymede គឺមិនសូវជាធំនោះឡើយលើពពកភពព្រហស្បតិ៍, ប៉ុន្តែដោយសារតែកាមេរ៉ា JunoCam ថតកៀកនឹងភពព្រហស្បតិ៍ពេក ទើបទិដ្ឋភាពសូរ្យគ្រាសមើលទៅរាងធំ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com/NASA (ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២)

Comments (0)
Add Comment