ប្រវត្តិសាស្ត្រថ្មីនៃវិស័យអវកាសឯកជន ជាមួយបេសកកម្ម Ax-1 រវាង SpaceX និង Axiom Space (មានវីដេអូ)

(អាមេរិក)៖ អវកាសយានិកឯកជនបួនរូប បានបង្កើតប្រវត្តិសាស្ត្រថ្មីនៅថ្ងៃនេះ (ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២, ពេលវេលានៅអាមេរិក) ដោយបានទម្លាក់ខ្លួនចុះមកផែនដីវិញដោយសុវត្ថិភាព បន្ទាប់ពីបានបញ្ចប់បេសកកម្មអវកាសលក្ខណៈ «ឯកជន» ពេញលេញជាលើកដំបូង នៅលើស្ថានីយអវកាសអន្តរជាតិ (ISS)។ ទស្សនាវីដេអូខាងក្រោម៖

ថ្ងៃនេះយាន (Capsule) ឈ្មោះ Dragon របស់ក្រុមហ៊ុន SpaceX បានទម្លាក់ខ្លួនលើដែនទឹកជាប់តំបន់ឆ្នេរសមុទ្រ Jacksonville នៃរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដោយបានបិទបញ្ចប់បេសកកម្ម Ax-1 ដែលក្រុមហ៊ុនអវកាស Axiom Space មានមូលដ្ឋាននៅរដ្ឋតិចសាស់ បានសហការជាមួយ SpaceX ដើម្បីបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់ NASA កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ។

ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ក្រោយការចុះមកដល់ផែនដីវិញ នៅថ្ងៃចន្ទសប្តាហ៍នេះ អ្នកតំណាងទាំង Axiom និង SpaceX បានចែករំលែកទស្សនៈរបស់ពួកគេ អំពីរបៀបដែលបេសកកម្មជាប្រវត្តិសាស្ត្រនេះ អាចកំណត់អនាគតនៃវិស័យអវកាសឯកជន។

លោក Derek Hassmann នាយកប្រតិបត្តិនៃក្រុមហ៊ុន Axiom Space បានប្រាប់ Space.com ក្នុងសន្និសីទសារព័ត៌មានខាងលើនេះថា «មានការសម្លឹងមើលជាច្រើន មកលើបេសកកម្មនេះ ដើម្បីឲ្យដឹងថាតើវាមានប្រយោជន៍ដែរឬអត់។ គ្រប់គ្នាយល់ថា វាអាចទៅរួច។ អ្នកអាចដាក់ពលរដ្ឋឯកជនបួននាក់ នៅលើយានអវកាស ហើយបញ្ជូនពួកគេទៅកាន់ ISS បានពិតមែន, ប៉ុន្តែតើអ្នកអាចហ្វឹកហាត់ពួកគេ នៅក្នុងរយៈពេលខ្លីបានទេ? តើអ្នកអាចរៀបចំពួកគេសម្រាប់បេសកកម្ម តាមរបៀបដែលត្រូវកាត់បន្ថយផលប៉ះពាល់ដល់នាវិក ISS បានដែរឬទេ?»

លោក Hassmann បានសង្កត់ធ្ងន់ថា «ទាំងនេះគឺជាសំណួរ (ពីសំណាក់អ្នកតាមដាន) ហើយខ្ញុំគិតថាយើងបានបង្ហាញរួចហើយថា យើងអាចធ្វើបាន ខ្ញុំគិតថាយើងនឹងទទួលបានមេរៀនសំខាន់ៗជាច្រើន អំពីបេសកកម្មមួយនេះ។ យើង​បាន​បង្ហាញ​ថា​យើង​អាច​រៀបចំ​នាវិក​ក្នុង​របៀប​មួយ ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​ប្រសិទ្ធភាព និង​ផលិតភាព​នៅ​លើ​គន្លងតារាវិថី, ហើយ​យើង​ត្រៀម​ខ្លួន​ធ្វើ​វា​ម្ដង​ទៀត… ​យើង​នឹង​ធ្វើ​វា​ឱ្យ​កាន់​តែ​ល្អ​នៅ​ពេល​ក្រោយ»។

គួរបញ្ជាក់ថា បច្ចុប្បន្នផែនការសម្រាប់បេសកកម្មទី ២ «Ax-2» គ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះ។ ចំពោះមុខបេសកកម្មទាំងថ្មីនេះ ក្រុមហ៊ុនបាននិយាយថា គឺជាផ្នែកមួយនៃផែនការធំជាង Ax-1 ទៅទៀត ដើម្បីដាក់ដំណើរការនូវបន្ទប់ (modules) មួយចំនួន ដើម្បីចូលចតជាមួយ ISS ដែលនៅថ្ងៃណាមួយនឹងបម្រើជាមូលដ្ឋានសម្រាប់ស្ថានីយអវកាស ដែលហោះហើរដោយសេរី តាមបែបពាណិជ្ជកម្មពេញលេញ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២)

Comments (0)
Add Comment