(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ (ពេលវេលានៅអាមេរិក) ថា តេឡេស្កូបអវកាស James Webb បានបញ្ចប់ដំណាក់កាលតម្រឹម (alignment) (កញ្ចក់ពណ៌មាសស្រូបពន្លឺទាំង ១៨ផ្ទាំង) របស់វាជាស្ថាពរហើយ បន្ទាប់លទ្ធផលថ្មីមួយបានបង្ហាញឱ្យឃើញថា វាអាចចាប់យក «រូបភាពច្បាស់ និងចំគោលដៅកំណត់បានយ៉ាងល្អប្រសើរ» ជាមួយនិងឧបករណ៍វិទ្យាសាស្ត្រទាំងបួនរបស់វា។
លទ្ធផលដែល NASA បង្ហាញនៅពេលនេះ គឺជាមួយរូបភាពថ្មីមួយចំនួនរបស់ James Webb ដែលអនុញ្ញាតឱ្យក្រុមបញ្ជាបេសកកម្ម បន្តបំពេញកិច្ចការងារ ជាមួយឧបករណ៍វិទ្យាសាស្ត្រ ដែលមានបំពាក់លើតួឡេស្កូបអវកាសតម្លៃ ៩.៨ពាន់លានដុល្លារអាមេរិកមួយនេះ។ ដូច្នេះ James Webb នឹងឈានចូលដំណាក់កាលថ្មី នៃការរៀបចំដំណើរការ បន្ទាប់ពីការតម្រឹមកញ្ចក់ និងឧបករណ៍សំខាន់ៗអស់ជាច្រើនខែ។ ជំហានបន្ទាប់នេះ នឹងត្រូវចំណាយពេលប្រហែលជិតពីរខែទៀត ព្រោះ James Webb នៅសល់ពេលវេលា ដែលស្ថិតក្នុងជំហានសាកល្បងរហូតដល់ខែមិថុនា ប្រសិនបើអ្វីៗអាចដំណើរការទៅតាមផែនការ។
ជុំវិញដំណើរវិវឌ្ឍថ្មីខាងលើនេះ, លោក Scott Acton អ្នកវិទ្យាសាស្ត្រដែលគ្រប់គ្រង បច្ចេកទេសផ្នែកចាប់រូបភាពរបស់ James Webb បានលើកឡើងថា «រូបភាពទាំងនេះ បាននាំឲ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ នូវរបៀបដែលខ្ញុំមើលឃើញចក្រវាល យើងត្រូវបានឡោមព័ទ្ធទៅដោយ តន្ត្រីនៃការបង្កើត… មានកាឡាក់ស៊ី នៅគ្រប់ទីកន្លែងទាំងអស់។ វាគឺជាក្តីសង្ឃឹមរបស់ខ្ញុំ ដែលចង់មនុស្សគ្រប់គ្នានៅក្នុងពិភពលោក អាចមើលឃើញការកកើតទាំងនោះ…»។
គួរបញ្ជាក់ថា ជាកិច្ចបន្ត, តេឡេស្កូប James Webb នឹងត្រូវបញ្ជាឱ្យបែរកាណុង ទៅកាន់តំបន់ផ្សេងៗនៅលើមេឃ ដើម្បីឲ្យវាអាចរក្សាសុវត្ថិភាពខ្លួនឯងបាន ពីកម្រិតរលកវិទ្យុសកម្មទាំងអស់ ដែលជះចេញពីព្រះអាទិត្យ ខណៈវាកំពុងស្ថិតនៅក្នុងទីអវកាសចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី។ លើសពីនេះ, ការអង្គេត និងថែទាំជាប្រចាំ (រៀងរាល់ពីរថ្ងៃម្តង) ទៅលើ James Webb នឹងត្រូវបន្តពិនិត្យលើការតម្រឹមកញ្ចក់ ហើយនៅពេលចាំបាច់ វានឹងត្រូវធ្វើការកែតម្រូវភ្លាមៗ ដើម្បីរក្សាកញ្ចក់ទាំងនោះឲ្យនៅក្នុងទីតាំង ដែលត្រូវបានតម្រឹមដោយក្រុមអ្នកជំនាញ៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២)