BREAKING៖ តេឡេស្កូបអវកាស ESA Euclid ដែលមានគោលដៅបកស្រាយ «អាថ៌កំបាំងចក្រវាល» ត្រូវបានបាញ់បង្ហោះហើយ! (មានវីដេអូ)

(អាមេរិក)៖ នៅវេលាម៉ោង ១០៖១២នាទីយប់ថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣ (ត្រូវនឹងម៉ោង ១០៖១២នាទីព្រឹកថ្ងៃដដែល ម៉ោងនៅសហរដ្ឋអាមេរិក) តេឡេស្កូបអវកាស Euclid របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA សហការជាមួយដៃគូពាក់ព័ន្ធមួយចំនួនទៀតដូចជា NASA ជាដើម ដើម្បីបកស្រាយ «អាថ៌កំបាំងនៃចក្រវាលងងឹត (Dark Universe) និងបង្កើតផែនទី 3D នៃកាឡាក់ស៊ីរហូតដល់ទៅចំនួន ១/៣ ក្នុងចក្រវាល» នោះ ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋាន Cape Canaveral Space Force នៃរដ្ឋផ្លរីដា (Florida) ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិកហើយ តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceXយល់ដឹងពី ESA Eclud៖

តេឡេស្កូបអវកាស យូគ្លីដ (Euclid) របស់អង្គការអវកាសអឺរ៉ុប ESA ត្រូវបានយកឈ្មោះតាម គណិតវិទូជនជាតិក្រិកមួយរូប ដែលបានបង្កើតមុខវិជ្ជាធរណីមាត្រមួយ កាលពីសម័យកាល ៣០០ឆ្នាំមុនគ្រិស្តសករាជ។ ដោយសារតែមេរៀននោះបានផ្តល់ផលប្រយោជន៍ ដល់ការសិក្សាធរណីមាត្រនៃចក្រវាល ហេតុដូច្នេះបេសកកម្មទាំងមូល ត្រូវបានយកឈ្មោះតាមគណិតវិទូរូបនោះ ដើម្បីជាការផ្តល់កិត្តិយសដល់រូបគាត់។

១៖ តើបេសកកម្ម ESA Euclid មានគោលដៅចម្បងអ្វី?

ESA Euclid មានគោលដៅចម្បងក្នុងការស្រាវជ្រាវ ដំណើរវិវត្តន៍នៃចក្រវាលខ្មៅងងឹត (dark Universe)។ វានឹងបង្កើតផែនទីជាលក្ខណៈ 3D នៃចក្រវាល តាមរយៈការអង្កេតមើលកាឡាក់ស៊ី (Galaxy) រហូតដល់ចំនួនខ្ទង់ ១០ពាន់លានកាឡាក់ស៊ី (ស្មើនឹងចំនួនជាង ១ ភាគ ៣ នៃផ្ទៃមេឃ ដែលយើងអាចអង្កេត)

ខណៈកន្លងមកមានការអះអាងថា ថាមពលងងឹត (dark energy) ជាអ្វីដែលចូលរួមចំណែកក្នុងការពង្រីកខ្លួនរបស់ចក្រវាល និង រូបធាតុងងឹត (dark matter) ជាអ្វីដែលគ្រប់គ្រងលើការរីកធំធាត់ នៃរចនាសម្ព័ន្ធលោហធាតុនានា នៅក្នុងទីអវកាសនោះ, ក្រុមអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់ដឹងថា តើថាមពលងងឹត និងរូបធាតុងងឹត គឺជាអ្វីឲ្យពិតប្រាកដនៅឡើយទេ។

តាមរយៈការសង្កេតទៅលើចក្រវាល ដែលកំពុងវិវឌ្ឍកាលពី ១០ពាន់លានឆ្នាំមុន, តេឡេស្កូបអវកាស Euclid នឹងបង្ហាញពីរបៀបដែលចក្រវាលបានពង្រីករូបរាង និងរបៀបដែលរចនាសម្ព័ន្ធនានាត្រូវបានបង្កើតឡើង នៅក្នុងប្រវត្តិសាស្ត្រនៃទីអវកាស ហើយលើសពីនេះទៅទៀត តារាវិទូអាចសន្និដ្ឋានអំពីលក្ខណៈសម្បត្តិនៃថាមពលងងឹត រូបធាតុងងឹត និងទំនាញសកល ដើម្បីពន្យល់បន្ថែមទៀត អំពីធម្មជាតិដ៏ច្បាស់លាស់របស់ពួកវា។

២៖ តើសំនួរសំខាន់អ្វីៗខ្លះដែល ESA Euclid នឹងត្រូវស្វែងរកចម្លើយ?

ការបង្ហោះតេឡេស្កូបអវកាសនិមួយៗ តែងតែមានគោលចម្បងៗ ដែលស្ថិតនៅក្នុងសំនួរជាចង្កោម ដើម្បីស្វែងរកឲ្យឃើញនូវចម្លើយ សម្រាប់ជាតម្លៃដល់ការសិក្សា និងស្រាវជ្រាវបន្តពីមួយជំនាន់ទៅមួយជំនាន់។ ខាងក្រោមនេះជាសំនួរសំខាន់ៗ ដែល ESA Euclid នឹងត្រូវរកចម្លើយ៖

* តើចក្រវាល (Universe) ចាប់កំណើតដំបូងដោយរបៀបណា? តើមានស្ថានភាពដូចម្តេចខ្លះ បន្ទាប់ពីបន្ទុះ ប៊ីក ប៊ែង (Big Bang) កើតឡើងភ្លាម និងរបៀបដែលអ្វីៗគ្រប់យ៉ាង (កាឡាក់ស៊ី, ប្រហោងខ្មៅ, ផ្កាយ, ភព, ព្រះចន្ទ និងវត្ថុអវកាសជាច្រើនទៀត) មានវត្តមានដូចបច្ចុប្បន្ន?

* ហេតុអ្វី​បានជា​សកលលោក​រីក​សាយភាយក្នុង​អត្រា​មួយ​ ដែល​លឿន​ដូចសព្វថ្ងៃ?

* តើថាមពលងងឹត (ពាក្យដែលប្រើជាញឹកញាប់ ដើម្បីបង្ហាញពីកម្លាំងអាថ៌កំបាំង នៅពីក្រោយការបង្កើនល្បឿននៃការវិវឌ្ឍចក្រវាលនេះ) មានពិតមែនឬទេ? បើពិតជាមានមែន, តើថាមពលងងឹតនោះ គឺជាដង់ស៊ីតេនៃថាមពលថេរ ដែលមានវត្តមាន និងពង្រីកក្នុងទីអវកាស ឬក៏ជាកម្លាំងថ្មីមួយនៃធម្មជាតិ ដែលវិវត្តកាន់តែយឺតទៅៗ នៅពេលចក្រវាលពង្រីកខ្លួន?

៣៖ តើ ESA Euclid មានទំហំប៉ុណ្ណា និងត្រូវបាញ់បង្ហោះនៅពេលណា?

តេឡេស្កូបអវកាស ESA Euclid មានអង្កត់ផ្ចិត ៣.៧ម៉ែត្រ និងកម្ពស់ ៤.៧ម៉ែត្រ ព្រមទាំងម៉ាស់សរុបជាង ២តោន (នៅពេលវាត្រូវបញ្ជូនទៅកាន់ទីអវកាស)។ មិនខុសពី James Webb នោះឡើយ, តេឡេស្កូបអវកាសរបស់អឺរ៉ុបមួយនេះ នឹងត្រូវចល័តទៅគោចរនៅគន្លង L2 ដែលមានចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី ដោយនឹងចំណាយពេលចល័តទៅកាន់ទីនោះ ដោយប្រើប្រាស់ពេល ៣០ថ្ងៃ បន្ទាប់ពីការបាញ់បង្ហោះជោគជ័យ។

តេឡេស្កូបអវកាស Euclid ត្រូវបានបាញ់បញ្ជូនទៅកាន់គន្លង L2 នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៣ នេះ ដើម្បីបំពេញបេសកកម្មរយៈពេល ៦ឆ្នាំ

៤៖ តើការអភិវឌ្ឍ និងផលិតតេឡេស្កូបអវកាស ESA Euclid ឲ្យចេញជារូបរាង ត្រូវចំណាយអស់ថវិកាប៉ុន្មាន និងប្រទេសណាខ្លះចូលរួម?

កម្មវិធីអភិវឌ្ឍ ESA Euclid ត្រូវបានជ្រើសរើសកាលពីឆ្នាំ ២០១១ និងទទួលបានថវិកាសម្រាប់ទ្រទ្រង់កម្មវិធីអភិវឌ្ឍប្រមាណជាង ៥០០លានអឺរ៉ូ។ ការវេចខ្ចប់តេឡេស្កូប ESA Euclid ត្រូវបានរចនាឡើង ដើម្បីឲ្យវាអាចយកទៅបាញ់បង្ហោះ ដោយប្រើប្រាស់បច្ចេកវិទ្យាបាញ់បង្ហោះយាន Soyuz របស់រុស្ស៊ីក៏បាន និង Ariane 62 របស់អឺរ៉ុបផ្ទាល់ក៏បាន។

សម្រាប់ប្រទេសដែលបាន និងកំពុងចូលរួមនៅក្នុងបេសកកម្ម ESA Euclid ដោយផ្ទាល់នោះមានចំនួន ១៣ ដូចជា៖ អូទ្រីស (Austria), ដាណឺម៉ាក (Denmark), បារាំង (France), ហ្វាំងឡង់ (Finland), អាល្លឺម៉ង់ (Germany), អ៊ីតាលី (Italy), ហូឡង់ (Netherlands), ន័រវែស (Norway), អេស្ប៉ាញ (Spain), ស្វីស (Switzerland), ព័រទុយហ្គាល់ (Portugal), រ៉ូម៉ានី (Romania) និងចក្រភពអង់គ្លេស (UK)។ ដោយឡែក, សហរដ្ឋអាមេរិកក៏បានចូលរួមសហការ ក្នុងនាមប្រទេសជាដៃគូផងដែរ៕

ប្រែសម្រួល និងរៀបរៀង៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ អង្គការអវកាសអឺរ៉ុប (ESA) (ថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០២២)

Comments (0)
Add Comment