ប្រទេសចិនជោគជ័យទាំងស្រុងលើ Tianwen-1 និងបង្ហើបគម្រោងទី «២ និង ៣» ថែមទៀត (មានរូបភាព)

(បរទេស)៖ កាលពីពេលថ្មីៗនេះ ផ្កាយរណបមួយគ្រឿងនៃបេសកកម្ម Tianwen-1 របស់ប្រទេសចិន បានផ្តិតរូបភាពទីតាំងសំខាន់ៗជាច្រើន នៃភពព្រះអង្គារ (Mars) និងបាញ់បញ្ជូនរូបភាពទាំងនោះ មកកាន់ក្រុមការងារគ្រប់គ្រងបេសកកម្ម នៅលើផែនដីវិញ ដើម្បីអបអរជោគជ័យនៃបេសកកម្មចម្បង នៅលើភពក្រហមនោះ។ ផ្កាយរណប Tianwen-1 បានថតរូបថ្មីៗនេះដោយប្រើប្រាស់ កាមេរ៉ាចាប់រូបភាពកម្រិតមធ្យមរបស់វា។

ផ្កាយរណប Tianwen-1 (Image Credit: CNSA)

គិតចាប់តាំងពីបេសកកម្ម Tianwen-1 បានទៅដល់ភពអង្គារ និងជ្រៀតចូលគន្លងគោចរភពក្រហមនោះ បានសម្រេចកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ព្រមទាំងការទម្លាក់រ៉ូបូត Zhurong ទៅលើផ្ទៃភពអង្គារបានជោគជ័យ កាលពីខែឧសភា ឆ្នាំដដែលនោះ គ្រឿងយន្តបង្កើតដោយចិនទាំងនេះ បានសម្រេចគោលដៅវិទ្យាសាស្ត្រទាំងស្រុងរបស់ពួកវាហើយ។ នេះបើតាមសេចក្តីប្រកាស របស់រដ្ឋបាលអវកាសជាតិចិន (CNSA) ដែលត្រូវបានដកស្រង់នៅដើមខែកក្កដា ឆ្នាំ២០២២ នេះ។

រ៉ូបូត Zhurong និងជើងទម្រ (Lander) (Image Credit: CNSA)

បើតាម CNSA គិតចាប់តាំងពី Tianwen-1 បានទៅដល់ភពអង្គារនៅខែកុម្ភៈ ឆ្នាំ ២០២១ រហូតមកដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២, វាបានគោចរជុំវិញភពអង្គារសរុប ១,៣៤៤ ជុំ។ ដើម្បីអបអរការបំពេញបេសកកម្ម ជោគជ័យទាំងស្រុងលើគោលដៅធំៗនោះ ទើបផ្កាយរណប Tianwen-1 បានផ្តិតរូបភាពច្បាស់ៗជាច្រើន ទៅតំបន់សំខាន់ៗនៃភពព្រះអង្គារដូចជា៖ តំបន់ Utopia Planitia ដែលរ៉ូបូត Zhurong បានចុះទៅដល់, ជ្រលងយក្ស Valles Marineris ដ៏ល្បីល្បាញ, អតីតភ្នំភ្លើង និងតំបន់សំបូរដោយរណ្តៅអាចម៍ផ្កាយជាច្រើនទៀត។

ជ្រលង Valles Marineris (Image Credit: CNSA)

ផ្កាយរណប Tianwen-1 នឹងនៅតែបន្តចល័ត នៅជុំវិញភពព្រះអង្គារដដែល ដើម្បីសហការការងារជាមួយរ៉ូបូត Zhurong រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ។ បន្ទាប់មកទៀតទើប Tianwen-1 អាចប្តូរខ្លួនឯង ទៅចល័តនៅគន្លងគោចរផ្សេងវិញ ដើម្បីបំពេញបេសកកម្មថ្មីទៀត ដែលត្រូវបានរៀបចំសម្រាប់វា។

អតីតភ្នំភ្លើងលើភពអង្គារ (Image Credit: CNSA)

គួរបញ្ជាក់តាម CNSA ថា Zhurong និង Tianwen-1 នៅតែសហការគ្នា បន្តបំបេញបេសកកម្មទៅថ្ងៃមុខដដែល បើទោះបីជាគោលដៅស្រាវជ្រាវចម្បង ត្រូវបានបញ្ចប់ទៅហើយក្តី។ នៅចុងឆ្នាំ ២០២២ នេះ ផ្កាយរណប Tianwen-1 នឹងធ្វើតេស្តពិសេសមួយ នោះការប្រើប្រាស់ការប៉ះទង្គិចជាមួយបរិយាកាសភពអង្គារ ដើម្បីបន្ថយល្បឿនយានអវកាស។ តើការធ្វើតេស្តនេះ មានគោលដៅបែបណា?

តំបន់រណ្តៅអាចម៍ផ្កាយធំៗលើភពអង្គារ (Image Credit: CNSA)

បើតាមការបញ្ជាក់ពី CNSA, ប្រទេសចិនកំពុងត្រៀមរៀបចំសម្រាប់ បេសកកម្មស្រាវជ្រាវថ្មីៗទៀត នោះគឺ Tianwen-2 ដែលនឹងត្រូវហោះទៅជីកយកគំរូតាង (sample) ពីអាចម៍ផ្កាយជិតៗផែនដីនៅឆ្នាំ ២០២៥ និងបេសកកម្ម Tianwen-3 ដែលនឹងត្រូវហោះទៅរកភពអង្គារនៅឆ្នាំ ២០២៨ ដើម្បីជីកយកគំរូតាង (sample) ពីភពក្រហមនោះ ត្រលប់មកកាន់ភពផែនដៅវិញ មិនខុសពីបេសកកម្មដែល អឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងសហការគ្នានោះឡើយ។

(Image Credit: CNSA)

សម្រាប់ស្ថានភាពរបស់រ៉ូបូត Zhurong បច្ចុប្បន្ននេះវិញ ត្រូវបាន CNSA បញ្ជាក់ថា វាបានធ្វើដំណើរសរុប ១,៩២១.៥ម៉ែត្រ (ជិត ២គីឡូម៉ែត្រ) ហើយ ប៉ុន្តែវាកំពុងស្ថិតនៅក្នុងដំណាក់កាល សម្រាកជាបណ្តោះអាសន្ន ព្រោះតែនៅអឌ្ឍគោលខាងជើងភពអង្គារពេលនេះ គឺស្ថិតក្នុងរដូវរងា។ Zhurong នឹងចាប់ផ្តើមបើកដំណើរការឡើងវិញនៅចុងឆ្នាំ ២០២២៕

ឆ័ត្រយោងសណ្តោង និងទប់ល្បឿន Lander និងរ៉ូបូត Zhurong (CNSA)

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព និង Image Credit៖ CNSA/Space (ថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០២២)

Comments (0)
Add Comment