(ប៉េកាំង)៖ បណ្ឌិតសភាវិទ្យាសាស្ត្រនៃប្រទេសចិន (CAS) នឹងជ្រើសរើសបេក្ខភាពមួយចំនួន សម្រាប់បំពេញបេសកកម្មជុំថ្មីៗនៅទីអវកាស ដែលត្រៀមចាប់ផ្តើមពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ហើយក្នុងនោះ បេសកកម្មស្វែងរកភពនៅប្រព័ន្ធផ្កាយផ្សេង ដែលអាចកំពុងលាក់ជីវិត (ភព Alien) ក៏អាចនឹងត្រូវជ្រើសយកផងដែរ។
បើតាមសេចក្តីរាយការណ៍ដែលសារព័ត៌មាន Space News ទទួលបាន ក្នុងចំណោមគម្រោងបេសកកម្មចំនួន ១៣ យ៉ាងហោចណាស់ ៥ ទៅ ៧ គម្រោងនឹងត្រូវជ្រើសដើម្បីអភវិឌ្ឍ និងដាក់ចេញជាផ្លូវការ។ បេសកកម្មថ្មីៗនេះ នឹងក្លាយជាផ្នែករបស់កម្មវិធីសិក្សាយុទ្ធសាស្ត្រចម្បងទី ៣ (SPP III) របស់ CAS ឬដែលចិនហៅវាជាភាសាអង់គ្លេសថា «New Horizons» (ផ្ទៃមេឃថ្មី)។
សម្រាប់គម្រោងសំខាន់ៗ ដែលប្រទេសចិនគ្រោងជ្រើសរើសយកទៅអភិវឌ្ឍ និងចេញបេសកកម្មនៅអំលុងឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ នោះមានដូចជា៖
- បេសកកម្មសិក្សាអំពីកំណើតនៃចក្រវាល (eXTP mission)
- ការសិក្សាអំពីរលកទំនាញ និងភាពល្អិតណឺទ្រីណូ ព្រមទាំងលក្ខណៈលម្អិតនៃកម្លាំងទំនាញ និងម៉ាញេទិចក្នុងលំហ (DSL mission)
- ការសិក្សាអំពីរូបធាតុងងឹត (DAMPE-2 mission)
- ការសិក្សាអំពីលក្ខណៈ នៃដំណើរគោចរផែនដីជុំវិញព្រះអាទិត្យ (Solar Ring (SOR) mission)
- បេសកកម្មសិក្សាទៅលើផ្នែកខាងក្នុង នៃស្រទាប់ខូរ៉ូណា (corona) របស់ព្រះអាទិត្យ (ESEO mission)
- ការសិក្សាអំពីភពមួយចំនួន នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង
- បេសកកម្ម ASR ដែលនឹងទៅជីកយកគំរូតាងពីអាចម៍ផ្កាយ 1989 ML ត្រលប់មកផែនដីវិញ
- ការសិក្សាអំពីបុគ្គលិកលក្ខណៈភពសុក្រ (Venus) ជាពិសេសទៅលើបរិយាកាស និងភូមិសាស្ត្រភ្នំភ្លើង (VOICE mission)
- ការសិក្សាដោយផ្កាយរណប ទៅលើបរិយាកាស និងអាកាសធាតុភពផែនដី (CACES mission)
- ការសិក្សាអំពីឥទ្ធិពលនៃមហាសមុទ្រផែនដី តាមរយៈផ្កាយរណប និងប្រព័ន្ធរ៉ាដា (OSCOM mission)
- បេសកកម្ម CHES (Closeby Habitable Exoplanet Survey Mission) ដែលនឹងសិក្សាអំពីផ្កាយសរុប ១០០ដួង ដែលស្ថិតនៅរង្វង់ចម្ងាយ ៣៣ ឆ្នាំពន្លឺពីភពផែនដី ដើម្បីរកមើលវត្តមានភព (exoplanets) និងសិក្សាទៅលើពួកវា
- បេសកកម្មស្វែងរកភពផែនដីទី ២ (The Earth 2.0 (ET) mission) តាមរយៈតេឡេស្កូបអវកាសមួយ ដែលផ្ទុកបរណ៍ពិសេសចំនួន ៧ គោចរនៅគន្លង L2។
គួរបញ្ជាក់ថា គម្រោងទាំងឡាយខាងលើនេះ នឹងត្រូវទទួលការត្រួតពិនិត្យ ព្រមទាំងជ្រើសរើសយកដោយ បណ្ឌិតសភាវិទ្យាសាស្ត្រនៃប្រទេសចិន (CAS) ដោយមានការគិតគូរលើកត្តាធំៗមួយចំនួនដូចជា៖ ថវិកាសម្រាប់ការអភិវឌ្ឍ និងទ្រទ្រង់បេសកកម្ម ព្រមទាំងកម្រិតនៃបច្ចេកវិទ្យាដែលមានស្រាប់ និងភាពដែលអាចទៅរួច នៃបច្ចេកវិទ្យាសម្រាប់ថ្ងៃអនាគត ខណៈប្រទេសចិននឹងប្រកាសចាប់ផ្តើម អនុវត្តន៍គម្រោងដែលនឹងត្រូវជ្រើសយកទាំងនោះ នៅមុនការប្រកាស «ផែនការអភិវឌ្ឍ ៥ឆ្នាំ លើកទី ១៥» នៅឆ្នាំ ២០២៦៕
ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space News (ថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២)