រកឃើញផ្កាយគោចរលឿនជាងគេបំផុត ជុំវិញប្រហោងខ្មៅយក្សកណ្តាល Milky Way…

(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិទើបតែបានប្រកាស ពីការអង្កេតឃើញផ្កាយមួយដួង ដែលគោចរលឿនជាងគេបំផុត ជុំវិញប្រហោងខ្មៅមហាយក្ស Sagittarius A* (Sgr A) ដោយមួយជុំរបស់វាប្រើប្រាស់រយៈពេលតែ ៤ ឆ្នាំប៉ុណ្ណោះ (គិតតាមពេលវេលាលើផែនដី)។ ក្នុងថេរវេលានេះ យើងអាចគណនាបានថា ផ្កាយនោះគោចរជុំវិញ Sagittarius A* ក្នុងល្បឿន ២៩ លានគីឡូម៉ែត្រក្នុងមួយម៉ោង (ជាង ៨,៤០០ គីឡូម៉ែត្រក្នុងមួយវិនាទី)។

រូបតំណាងនៃផ្កាយ S4716 គោចរជុំវិញប្រហោងខ្មៅ Sagittarius A* (Image credit: ESO, ESA/Hubble, M. Kornmesser)

ផ្កាយខាងលើនេះត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា S4716។ វាគោចរក្នុងរយៈចម្ងាយ ១៥០លានគីឡូម៉ែត្រពីប្រហោងខ្មៅ Sagittarius A* (Sgr A* មានមុខកាត់ ២៣.៥ លានគីឡូម៉ែត្រ) ដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ី Milky Way របស់យើង ហើយបើគិតពីរយៈចម្ងាយនេះ គឺវាមិនឆ្ងាយនោះឡើយ សម្រាប់ទីអវកាសដ៏ធំធេង ព្រោះគន្លាតរវាងផែនដី និងព្រះអាទិត្យយើងវិញនោះ ក៏មានចម្ងាយ ១៥០ លានគីឡូម៉ែត្រដូចគ្នាដែរ ខណៈព្រះអាទិត្យគោចរជុំវិញ Sagittarius A* ក្នុងគន្លាត ២៦,០០០ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)

ទិដ្ឋភាពនៃកញ្ចុំផ្កាយ S cluster ជុំវិញប្រហោងខ្មៅ… (Image credit: Peibker, et al, 2022)

ផ្កាយ S4716 ស្ថិតនៅក្នុងកញ្ចុំតារាមួយមានឈ្មោះថា S cluster ដែលជាពពួកផ្កាយគោចរឆ្វាត់ឆ្វែងជុំវិញប្រហោងខ្មៅ Sagittarius A*។ ក្រុមផ្កាយនៅក្នុង S cluster នោះគោចរលឿនៗណាស់នៅជុំវិញ Sagittarius A* ប៉ុន្តែពួកវាមានម៉ាស់ និងកម្រិតពន្លឺខុសៗគ្នា។ ការសិក្សាអំពីបរិស្ថាន នៅចំណុចកណ្តាលរបស់ Milky Way នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចឲ្យយើងយល់ដឹង អំពីដំណើរវិវត្តន៍របស់កាឡាក់ស៊ីទាំងមូល ពាក់ព័ន្ធនឹងចលនាដ៏សកម្ម នៅតំបន់ចំណុចកណ្តាលនោះ។

គួរបញ្ជាក់ថា មុនការរកឃើញផ្កាយ S4716, ផ្កាយមួយទៀតឈ្មោះ S2 គឺជាចំណាប់អារម្មណ៍ធំបំផុត និងធ្លាប់ត្រូវបានចាត់ទុកថា គោចរជុំវិញ Sagittarius A* ក្នុងល្បឿនលឿនជាងគេនោះ គឺមួយជុំប្រើពេល ១៦ឆ្នាំ (គិតតាមពេលវេលាលើផែនដី) តែវាអាចគោចរទៅកៀកប្រហោងខ្មៅយក្សនេះបំផុត នៅក្នុងគម្លាតត្រឹមតែ ១៨លានគីឡូម៉ែត្រប៉ុណ្ណោះ។

(Image Credit: ESO)

ការពិតពីដំបូងឡើយ ផ្កាយ S2 ត្រូវបានក្រុមតារាវិទូគិតថា ជាវត្ថុដែលអាចឲ្យពួកគេ ធ្វើការសិក្សាអំពីចលនាប្រហោងខ្មៅ Sagittarius A* បានកាន់តែប្រសើរ, ប៉ុន្តែវាមិនដូច្នោះឡើយ។ S2 ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Cologne ប្រៀបប្រដូចទៅនឹងមនុស្សមាឌធំម្នាក់ អង្គុយចំពីមុខអ្នកនៅក្នុងរោងភាពយន្ត ដែលក្លាយជារនាំងបាំងទស្សនីយភាពសំខាន់ៗ នៅចំពោះមុខអ្នក។ ដូច្នេះហើយការរកឃើញ S4716 គឺជាឱកាសថ្មីមួយទៀត នៃការសិក្សាអំពីបរិស្ថាននៅ ចំកណ្តាល Milky Way ដោយប្រើប្រាស់បណ្តាញតេឡេស្កូបធំៗនៅលើផែនដូចជា Keck observatory, SINFONI, NACO និង GRAVITY ជាដើម៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២២)

Comments (0)
Add Comment