រូបថតជ្រៅបំផុតទៅក្នុងចក្រវាល ថតដោយ James Webb, តែត្រឹមជាការតេស្តលេងៗសិនប៉ុណ្ណោះ!

(អាមេរិក)៖ រូបថតបង្ហាញពីទិដ្ឋភាពជ្រៅបំផុតទៅក្នុងចក្រវាល (ផ្កាយនានានៅចំពីមុខ និងកាឡាក់ស៊ីរាប់រយនៅខាងក្រោយ (Background)) ថតដោយតេឡេស្កូបអវកាស James Webb ដែលគ្រប់គ្រងដោយអង្គការ NASA ត្រូវបានទម្លាយចេញមកហើយ ប៉ុន្តែវាត្រឹមជារូបថតតេស្តសិនប៉ុណ្ណោះ មិនមែនផ្លូវការនោះឡើយ ខណៈបណ្តុំរូបថតពណ៌ធម្មជាតិដំបូង (Full-Colour Images) នឹងត្រូវបញ្ចេញនៅម៉ោង ១០៖៣០នាទីព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ ពេលវេលានៅសហរដ្ឋអាមេរិក (ត្រូវនឹងយប់ថ្ងៃដដែល ឬអាចឈានដល់ព្រឹកថ្ងៃទី ១៣ ខែ កក្កដា ពេលវេលានៅកម្ពុជា)

ចំណុចភ្លឺៗតែមានពណ៌ខ្មៅចំកណ្តាលគឺជាផ្កាយ ខណៈចំណុចភ្លឺស្រាលៗពីក្រោយពួកវា គឺជាកាឡាក់ស៊ីចំនួនរាប់រយ (Image Credit: NASA)

រូបថតថ្មីខាងលើនេះ ត្រូវបានពន្លែងចេញមកដោយអង្គការ NASA កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដោយវាត្រូវបានថតដោយប្រើប្រាស់សិនស័រ FGS (Fine Guidance Sensor) អភិវឌ្ឍឡើងដោយអង្គការអវកាសកាណាដា (Canadian Space Agency ឬ CSA)។ រូបតេស្តមួយសន្លឹកនេះ ត្រូវបានថតដោយប្រើប្រាស់រយៈពេល ៨ ថ្ងៃជាប់ៗគ្នា កាលពីខែឧសភា កន្លងទៅនេះ។ វាជាការរួមបញ្ចូលគ្នារវាងរូបថតសរុប ៧២ សន្លឹក ដែលត្រូវបានផ្តិតក្នុងអំលុងពេល បើកដំណើរការសិនស័ររយៈពេល ៣២ ម៉ោង

(Image Credit: NASA)

គួរបញ្ជាក់ថា សិនស័រ FGS របស់ James Webb បានផ្តិតរូបភាព «មិនមែនពណ៌ធម្មជាតិនោះឡើយ» អំលុងការធ្វើតេស្តសមត្ថភាពរបស់វា កាលពីខែឧសភានោះ។ FGS បានផ្តិតរូបថតមួយសន្លឹកនេះ ដោយការតម្រូវឲ្យតេឡេស្កូប James Webb តម្រង់ជាប់ជានិច្ចទៅរកគោលដៅ ហើយជាលទ្ធផល គឺក្រុមអ្នកវិទ្យាសាស្ត្រទទួលបានរូបថតរួមមួយសន្លឹក ដែលបង្ហាញអំពីចក្រវាលមានពណ៌រាងស និងក្រហម ដោយចំណុចពណ៌រាងសភ្លឺចែងចាំងតំណាងឲ្យវត្ថុអវកាស ដែលបញ្ចេញពន្លឺក្រហមអាំងហ្វ្រា (Infrared light) ក្នុងកម្រិតខ្លាំង ឯពណ៌ក្រហមព្រឿងៗវិញ តំណាងឲ្យវត្ថុអវកាសរាងស្រអាប់។

(Image Credit: NASA)

តែយ៉ាងណា, ក្រុមអ្នកវិទ្យាសាស្ត្រដែលគ្រប់គ្រង James Webb បានអះអាងថា នេះមិនមែនរូបថតដ៏ល្អឥតខ្ចោះនោះឡើយ ដោយយើងអាចមើលឃើញនូវ ឥទ្ធិពលផ្ទុយ (dithering effect) ដែលនាំឲ្យមាន «ពណ៌ខ្មៅ» នៅត្រង់ចំណុចកណ្តាលនៃពន្លឺផ្កាយ។ បញ្ហានេះបានកើតមានឡើង ព្រោះតែតេឡេស្កូប James Webb បានស្ថិតក្នុងដំណាក់កាលតម្រែតម្រង់នៅឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា ឆ្នាំ២០២២)

Comments (0)
Add Comment