(បរទេស)៖ នៅដើមខែកក្កដា ឆ្នាំ ២០២២ នេះ ព្រឹត្តិការណ៍អវកាស និងវិទ្យាសាស្ត្រសំខាន់ៗជាច្រើន បានកើតមានឡើងរួចទៅហើយ ដោយយើងមិនទាន់គិតដល់ ការបង្ហាញបណ្តុំរូបថតពណ៌ធម្មជាតិដំបូង (Full-colour images) ជាផ្លូវការនៃតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ដែលគ្រោងធ្វើឡើងនៅម៉ោង ១០៖៣០ព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២២ (ពេលវេលានៅសហរដ្ឋអាមេរិក) នោះឡើយ។ ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើង៖
១៖ កាឡាក់ស៊ីរាប់រយបង្ហាញវត្តមាន ក្នុងរូបថតជ្រៅបំផុត (មិនទាន់ផ្លូវការ) ថតដោយតេឡេស្កូវអកាស James Webb៖ រូបនេះត្រូវបានផ្គុំចេញពីរូបថតសរុប ៧២សន្លឹក, ប្រើពេលថតសរុប ៣២ម៉ោង និងនៅក្នុងអំលុងពេល ៨ថ្ងៃជាប់ៗគ្នា កាលពីអំឡុងខែឧសភា ឆ្នាំ២០២២។
២៖ រ៉ូបូត Lightweight Rover Unit 1 (LRU1) ធ្វើតេស្តនៅតំបន់ដូចព្រះចន្ទ៖ មជ្ឈមណ្ឌលអវកាសអាល្លឺម៉ង់ (GAC) បានធ្វើតេស្តរ៉ូបូត LRU1 នៅតំបន់ក្បែរភ្នំភ្លើងសកម្ម Eta នៃប្រទេសអ៊ីតាលី ដោយសារតែតំបន់នោះ មានស្ថានភាពស្រដៀងនឹងផ្ទៃព្រះចន្ទ ព្រោះរ៉ូបូតមួយនេះនឹងត្រូវប្រើ ដើម្បីចល័តនៅតំបន់លំបាកៗ លើផ្ទៃព្រះចន្ទនៅថ្ងៃអនាគត។
៣៖ យន្តហោះដ្រូនលើភពអង្គារ ចល័តដោយមានជំនួយពីបាឡុងខ្យល់៖ វាមានឈ្មោះថា Martian sailplane និងត្រូវបានអភិវឌ្ឍឡើងដោយ សាកលវិទ្យាល័យរដ្ឋ Arizona សហរដ្ឋអាមេរិក។ ក្រុមវិស្វករអាមេរិកមានការជឿជាក់ថា យន្តហោះនេះនឹងអាចហោះហើរ ក្នុងរយៈកម្ពស់ ១០ម៉ែត្រពីផ្ទៃភពអង្គារ។ កម្មវិធីអភិវឌ្ឍយន្តហោះដ្រូន ដែលអាចផ្តិតរូបភាពគុណភាពខ្ពស់នេះ យ៉ាងហោចណាស់ក៏ត្រូវចំណាយ ១៣០លានដុល្លារដែរ ប្រសិនបើអង្គការ NASA ជ្រើសរើសយក។
៤៖ ព្រះចន្ទមួយរបស់ភពសៅរ៍ បង្ហាញស្លាកស្នាមចម្លែក៖ ព្រះចន្ទ Tethys របស់ភពសៅរ៍ (Saturn) បានបង្ហាញស្លាកស្នាម និងរណ្តៅនានា នៅក្នុងទ្រង់ទ្រាយប្លែកៗ ជាពិសេសគឺជ្រលងដ៏ធំ និងវែងដែលមានឈ្មោះថា Ithaca Chasma។ អ្នកវិទ្យាសាស្ត្រកំពុងសិក្សាអំពីទិដ្ឋភាពចម្លែកបែបនេះ ដោយប្រើប្រាស់ទិន្នន័យ និងរូបភាព បានមកពីយានអវកាស Cassini។
៥៖ តំបន់នីបូឡា Orion រង់់ចាំការសម្លឹងដោយ James Webb៖ តេឡេស្កូបអវកាស James Webb ពិតជាមានកាលវិភាគច្រើនខ្លាំងណាស់ ដើម្បីអង្កេតមើល និងសិក្សា ទាំងនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង, ប្រព័ន្ធផ្កាយនានាក្នុងកាឡាក់ស៊ីយើង, ប្រហោងខ្មៅ និងចក្រវាលទាំងមូល។ នេះជារូបភាពនៃបណ្តុំពពកនីបូឡា Orion ថតដោយតេឡេស្កូបអឺរ៉ុប ESO។ វាស្ថិតនៅចម្ងាយ ១,៣៥០ពន្លឺពីផែនដី និងកំពុងរង់ចាំ James Webb ត្រួតពិនិត្យ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/SPACE (ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២)