(ភ្នំពេញ)៖ នៅម៉ោង ១៖៣៧ នាទីរំលងអធ្រាត្រឈានចូល ថ្ងៃព្រហស្បតិ៍ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ គឺជាពេលដែលព្រះចន្ទគោចរ មកដល់ចំណុចកៀកភពផែនដីបំផុត ដែលព្រឹត្តិការណ៍នេះបរទេសហៅថា «Perigee» ឬជាពេលដែលព្រះចន្ទបង្ហាញវត្តមានធំបំផុត (Super Moon) លើផ្ទៃមេឃផែនដីសម្រាប់ឆ្នាំ ២០២២ នេះតែម្តង។
សម្រាប់ម៉ោង ៧៖០០ នាទីល្ងាចថ្ងៃទី ១៤ ខែ កក្កដា គឺត្រូវជាយប់ពេញបរមីធម្មតា ដែលជាថ្ងៃសីលសម្រាប់បណ្តាប្រទេសកាន់ព្រះពុទ្ធសាសនា ដូចជាកម្ពុជាយើងជាដើម។ តែសម្រាប់ពេលវេលា Perigee ដូចបានជម្រាបជូនខាងលើនេះ គឺជាព្រឹត្តការណ៍កម្រប្រចាំឆ្នាំ។
នៅម៉ោង ១៖៣៧ នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ កក្កដា នោះព្រះចន្ទនឹងគោចរមកកាន់ចំណុច «កៀកភពផែនដីបំផុត» ត្រឹមតែ ៣៥៧,២៦៤ គីឡូម៉ែត្រ (Perigee) ខណៈគម្លាតរវាងគ្នាជាមធ្យម គឺ ៣៨៤,៤០០ គីឡូម៉ែត្រ និងគម្លាតឆ្ងាយបំផុតគឺ ៤០៥,០០០ គីឡូម៉ែត្រ (Apogee) សម្រាប់ឆ្នាំ ២០២២ នេះ។
ដោយឡែក, នៅសហរដ្ឋអាមេរិកវិញ ព្រឹត្តិការណ៍ Perigee នឹងកើតឡើងចំថ្ងៃ ពុធ ទី ១៣ ខែកក្កដា ដែលគេដាក់រហស្សនាមឲ្យថា «ព្រះចន្ទពេញវង់ស្នែងប្រើស» ឬ «Buck Moon ឬ Thunder Moon» ព្រោះវាជារដូវដែលស្នែងសត្វប្រើសឈ្មោល ដុះពេញរូបរាង ហើយព្រះចន្ទក៏បង្ហាញពណ៌រាងក្រហម ឬទឹកក្រូច ដោយសារតែឥទ្ធិពលនៃផ្សែងភ្លើងឆេះព្រៃ។
សម្រាប់ម៉ោង ១៖៣៧ នាទីរំលងអធ្រាត្របែបនេះ យើងខ្ញុំមិនណែនាំឲ្យបងប្អូន រង់ចាំផ្តិតរូបភាពពិសេសនោះឡើយ, ប៉ុន្តែប្រសិនបើបងប្អូនណា អាចតស៊ូបាន ក៏សូមរក្សាសុវត្ថិភាពជាចម្បង ហើយពេលផ្តិតរូបភាពរួច គឺអាចបង្ហោះចូលក្នុងក្រុម «Cambo Space អវកាស និង វិទ្យាសាស្ត្រ» បាន៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ Time and Date (ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២)