(អាមេរិក)៖ ក្រោយការទន្ទឹងរង់់ចាំអស់់ជាច្រើនឆ្នាំមកនេះ នៅទីបំផុតសមិទ្ធផលដ៏អស្ចារ្យ នៃតេឡេស្កូបអវកាស James Webb តម្លៃជិត ១០ពាន់លានដុល្លារ ដែលដឹកនាំការផលិតដោយអង្គការ NASA ត្រូវបានបញ្ចេញឲ្យសាធារណជនទូទាំងពិភពលោកទស្សនាហើយ នៅវេលាម៉ោង ៩៖៣០ នាទីយប់ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។
ខាងក្រោមនេះ គឺជារូបភាពដំបូងៗដែល NASA បានបង្ហាញជាផ្លូវការ៖
១៖ បណ្តុំកាកសំណល់ផ្កាយស្លាប់ (នីប៊ូឡា – planetary nebula) ឈ្មោះ Southern Ring៖ វាពិតជាអស្ចារ្យដែលយើងអាចឃើញផ្កាយមួយទៀត នៅក្នុងបណ្តុំពពកធូលី និងឧស្ម័នចំរុះពណ៌នោះ ដោយសារ James Webb បានប្រើប្រាស់ការអង្កេតពន្លឺ Infrared Light ដ៏មានអានុភាពជាង Hubble ដូច្នេះវាអាចសម្លឹងមើលភាពលម្អិតកាន់តែច្រើន ទៅក្នុងប្រព័ន្ធកាកសំណល់ផ្កាយភ្លោះ ដែលមានចម្ងាយ ២,០០០ ឆ្នាំពន្លឺពីផែនដីនោះបាន។
ទោះ នីប៊ូឡា ខាងក្រោមនេះត្រូវបានចាត់ទុកថា កៀកនឹងផែនដីខ្លាំងមែន តែតាំងពីដើមមកយើងមិនដែលបានឃើញ ឬមានសមត្ថភាពថតបាន «ស្នូលផ្កាយភ្លោះទាំង ២» បែបនេះឡើយ ហើយយើងពិតជាត្រូវអរគុណដល់ សមត្ថភាពនៃឧបករណ៍ MIRI របស់ James Webb ដែលអាចផ្តិតរូបភាពដ៏អស្ចារ្យនេះឡើង។
២៖ តំបន់កកើតផ្កាយឈ្មោះ NGC 3324 i៖ វាមើលទៅដូចជាភ្នំឡោមព័ទ្ធដោយហ្វូងផ្កាយ តែតាមពិតទៅ វាជាតំបន់កំពុងមានផ្កាយកកើត ឬយើងអាចហៅឈ្មោះថា Carina Nebula ស្ថិតនៅជ្រុងមួយនៃកាឡាក់ស៊ី Milky Way យើង និងមានចម្ងាយ ៧,៦០០ ឆ្នាំពន្លឺពីផែនដី ជាមួយនឹងវិសាលភាព ៣០០ ឆ្នាំពន្លឺ។ ក្នុងនោះក៏រួមបញ្ចូលទាំង កាកសំណល់ផ្កាយយក្សឈ្មោះ Eta Carinae ដែលបានផ្ទុះស្លាប់ និងតំបន់មួយដែលសំបូរដោយ ផ្កាយក្មេងៗកំពុងកកើតឈ្មោះ Trumper 14 ផងដែរ។
៣៖ កាឡាក់ស៊ី ៥ សម្តែងរាងដាក់ James Webb៖ រូបនេះបង្ហាញពីកាឡាក់ស៊ីចំនួន ៥ (ក្នុងចំណោមនោះ ៤ កំពុងឈានទៅរកការរួមបញ្ចូលគ្នា) ដែលយើងហៅឈ្មោះពួកវាជារួមថា Stephan’s Quintet, មានចម្ងាយ ២៩០ លានឆ្នាំពន្លឺពីភពផែនដី។ វាជាលើកដំបូងបំផុតហើយ ដែលការចាប់រូបភាពពួកវា មានភាពច្បាស់ត្រជាក់ភ្នែកបែបនេះ ហើយ Stephan’s Quintet ត្រូវបានរកឃើញដំបូងកាលពីឆ្នាំ ១៨៧៧ ដោយតេឡេស្កូបនានា អាចឃើញវាបាននៅផ្ទៃមេឃត្រង់តំបន់កញ្ចុំផ្កាយ Pegasus។
៤៖ James Webb ឆ្លុះមើលបរិយាកាសភព WASP-96 b៖ នេះមិនមែនជារូបថតភពស្តែងៗនោះទេ តែវាជាបណ្តុំទិន្នន័យនៃភពស្ថិតនៅចម្ងាយ ១,១៥០ ឆ្នាំពន្លឺពីផែនដី។ ដូចយើងដឹងហើយថា James Webb មានសមត្ថភាពឆ្លុះមើលបរិយាកាសនៃភពនានា ដែលស្ថិតនៅប្រព័ន្ធផ្កាយផ្សេង ដើម្បីដឹងថា បរិយាកាសវាមានសមាសធាតុផ្សំអ្វីខ្លះ។ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល, James Webb បានប្រទះឃើញសញ្ញានៃវត្តមាន ទឹក, អ័ព្ទ និង ពពក នៅស្រោបជុំវិញភព WASP-96 b នោះ (ដែលពីមុនមកក្រុមអ្នកវិទ្យាសាស្ត្រ មិនគិតថាមានឡើយ)។ WASP-96 b គោចរជុំវិញផ្កាយមេរបស់វាតែ ៣.៤ថ្ងៃប៉ុណ្ណោះ នៃពេលវេលាលើផែនដី (ឬស្មើនឹង ១ឆ្នាំរបស់ភពនោះ) និងបានក្លាយជាភព exoplanet ដំបូងគេ ដែល James Webb ធ្វើការឆ្លុះមើលធាតុផ្សំនៃបរិយាកាស។
៥៖ រូបជ្រៅបំផុតមិនធ្លាប់មានទៅក្នុងចក្រវាល៖ ប៊ិះភ្លេចរូបដែលលោក ចូ បៃដិន បានសុំបង្ហាញមុនគេ! វាជារូបថតជ្រៅ និងប្រកបដោយភាពលម្អិតបំផុត មិនធ្លាប់មានទៅក្នុងចក្រវាល ដោយមានចម្ងាយ ១៣.៥ ពាន់លានឆ្នាំពន្លឺពីផែនដី ខណៈចក្រវាលទាំងមូលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកំណត់ថា មានអាយុកាល ១៣.៨ ពាន់លានឆ្នាំ។ វាគឺជាបណ្តុំកាឡាក់ស៊ីមួយ ដែលមានឈ្មោះឲ្យថា SMACS 0723 ដែលកប់ជ្រៅបំផុតទៅក្នុងចក្រវាល ហើយមានតែ James Webb ប៉ុណ្ណោះ ដែលមានសមត្ថភាពវែករកពន្លឺក្រហមអាំងហ្វ្រា ឬ Infrared Light ជះចេញពីបណ្តុំកាឡាក់ស៊ីនោះ ហើយផ្តិតចេញជារូបភាពលម្អិតបែបនេះ។
បញ្ជាក់៖ មូលហេតុដែលរូបថតនៅតំបន់តែមួយ តែមានពណ៌ និងទម្រង់ខុសគ្នានោះ គឺព្រោះតែតេឡេស្កូប James Webb បានធ្វើការចាប់យកពន្លឺ ក្រហមអាំងហ្វ្រា (Infrared Light) ដោយប្រើប្រាស់ឧបករណ៍ចំនួន ២ នោះ គឺ Near-Infrared Camera (NIRCam) ជាកាមេរ៉ាចាប់ពន្លឺជិត និង Mid-Infrared Instrument (MIRI) ជាឧបករណ៍ចាប់យកពន្លឺកម្រិតមធ្យម ហើយការរួមបញ្ចូលគ្នានៃវិធីសាស្ត្រទាំង ២ នេះហើយ ទើបអាចផលិតចេញជារូបភាព ដែលច្បាស់ និងលម្អិត មិនធ្លាប់មានពីមុនមកឡើយ៕
ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
(ប្រភព និង Image Credits៖ NASA, ESA, CSA, STScI, and the Webb ERO Production Team)