What’s next? តើតេឡេស្កូបអវកាស James Webb នឹងធ្វើអ្វីបន្តទៀត?

(អាមេរិក)៖ ក្រោយពីបានបញ្ចេញរូបថតពណ៌ធម្មជាតិ (Full-colour images) ដំបូងៗ ជាផ្លូវការដោយអង្គការ NASA និងដៃគូពាក់ព័ន្ធ ដែលគ្រប់គ្រងលើប្រតិបត្តិការរបស់ James Webb កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នោះ, សំនួរជាច្រើនត្រូវបានចោទសួរថា តើតេឡេស្កូបអវកាសដ៏អស្ចារ្យមួយនេះ គ្រោងធ្វើអ្វីជាបន្តទៀត?

Credits: NASA, ESA, CSA, STScI, and the Webb ERO Production Team

បើតាមលោក Klaus Pontoppidan ប្រធានក្រុមអ្នកវិទ្យាសាស្ត្រគ្រប់គ្រងគម្រោង James Webb មកពីវិទ្យាស្ថានវិទ្យាសាស្ត្រតេឡេស្កូបអវកាស (STScI) បានលើកឡើងថា «ឆ្នាំដំបូងនៃការអង្កេតផ្នែកវិទ្យាសាស្ត្រ បានចាប់ផ្តើមជាផ្លូវការហើយ។ យើងបាននាំយកសំណូមពរពីក្រុមអ្នកវិទ្យាសាស្ត្រ ដែលចង់បានពេលវេលា (ប្រើប្រាស់ James Webb) សម្រាប់ឆ្នាំដំបូងនៃបេសកកម្មនេះរួចរាល់»។

លោក Pontoppidan ក៏បានកត់សម្គាល់ផងដែរថា ការផ្តល់ជូនទិន្នន័យដែល James Webb ប្រមូលបានជាសាធារណៈនោះ នឹងក្លាយជាគន្លឹះដើម្បីជីកកកាយ រកមើលអ្វីៗថ្មីបន្ថែមទៀត ខណៈទិន្នន័យទាំងនោះ នឹងត្រូវបញ្ជូនទៅឲ្យក្រុមជំនាញអង្កេតតាមផ្នែក នៅក្នុងពេលឆាប់ៗ ហើយខ្លះទៀតនឹងត្រូវបញ្ចេញជាសាធារណៈតែម្តង។

(Image Credit: NASA)

ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររូបនេះបានសង្កត់ធ្ងន់ថា កម្មវិធីសិក្សាផ្នែកវិទ្យាសាស្ត្រដំបូងៗរបស់ James Webb គឺត្រូវបានជ្រើសរើស ដោយផ្អែកលើប្រសិទ្ធភាពជាចម្បង ដើម្បីកុំឲ្យតេឡេស្កូបអវកាសមួយនេះ ចំណាយពេលវេលាច្រើនពេក ដើម្បីផ្លាស់ប្តូរពីគោលដៅមួយទៅគោលដៅមួយទៀត ហើយក្រុមគ្រប់គ្រងបេសកកម្ម James Webb ដែលមានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក ក៏នឹងរៀបចំទទួលពាក្យស្នើ អំពីគោលដៅដែលចង់ប្រើប្រាស់ តេឡេស្កូបអវកាសនេះជារៀងរាល់ឆ្នាំ ពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រផងដែរ។

ប្រការខាងលើនេះមានន័យថា នៅឆ្នាំដំបូង (Cycle 1) តេឡេស្កូបអវកាស James Webb នឹងត្រូវចាត់ចែង ដើម្បីបំពេញកិច្ចការងារតាមកាលវិភាគ ដែលអង្គការ NASA និងដៃគូពាក់ព័ន្ធបានកំណត់គោលដៅរួចទៅហើយ ព្រមទាំងការត្រួតពិនិត្យ អំពីដំណើរការជារួមនៃតេឡេស្កូបតម្លៃជិត ១០ ពាន់លានដុល្លារមួយនេះ ព្រមទាំងការអនុម័តលើពាក្យស្នើសុំ ពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រ ក្នុងការប្រើប្រាស់ James Webb ជាដើម។

ដោយឡែក ឆ្នាំទី ២ (Cycle 2) ដែលនឹងចាប់ផ្តើមនៅរដូវក្តៅ (summer) នៅសហរដ្ឋអាមេរិក (ចាប់ពីចុងខែមិថុនា ឆ្នាំ២០២៣) James Webb នឹងបន្តបេសកកម្មទៅកាន់ជំហានសំខាន់ៗបន្ថែមទៀត ក្នុងមានដូចជាការអង្កេតមើល បរិយាកាសភពអេលៀន (exoplanet), ចក្រវាលពេលទើបកកើតឡើងដំបូងៗ (early universe), ការកកើតពពក (cloud formation)…។

(Image Credit: NASA)

ក្រុមការងារគ្រប់គ្រង James Webb ក៏បានលើកឡើងផងដែរថា ទិន្ន័យជារូបភាពពិសេសដំបូងៗ របស់តេឡេស្កូបអវកាសនេះ បានបង្ហាញចេញនូវភាពអស្ចារ្យរបស់ពួកវារួចទៅហើយ។ ទិន្នន័យក្នុងទម្រង់ដើម ដែលតេឡេស្កូប James Webb ប្រមូលបានក្នុងមួយរយៈខ្លីមកនេះ ដែលមានទំហំសរុប ៤០ តេរ៉ាបៃត៍ (terabytes) នឹងត្រូវបញ្ចេញជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែកក្កដា ឆ្នាំ ២០២២ នេះ។ អង្គការ NASA ក៏បានរៀបចំ server បន្ថែមរួចរាល់ហើយផងដែរ ដើម្បីទប់ទល់នឹងការសម្រុក download ដែលនឹងកើតឡើងនោះ៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិនៃការប្រែសម្រួល)
ប្រភព៖ SPACE/NASA (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២)

Comments (0)
Add Comment