(អាមេរិក)៖ កាលពីពេលថ្មីៗនេះ ប្រធានអង្គការ NASA លោក Bill Nelson ធ្លាប់បានសម្តែងការព្រួយបារម្ភ ចំពោះមហិច្ឆតារបស់ប្រទេសចិន ក្នុងការពង្រីកឥទ្ធិពលនៅទីអវកាស ហើយក្នុងនោះលោកក៏បានរំលេចគំនិតផ្ទាល់ខ្លួនថា ចិនក៏អាចនឹងអះអាងកម្មសិទ្ធិទៅលើព្រះចន្ទ ហើយរារាំងប្រទេសនានាមិនឲ្យរុករក នៅទីនោះផងដែរ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់មួយ លោក Nelson ធ្វើការព្រមានចំៗតែម្តងថា «យើងត្រូវតែមានការព្រួយបារម្ភ ឲ្យបានខ្លាំងក្លាចំពោះថ្ងៃមុខ ដែលប្រទេសចិនធ្វើការចុះចតលើព្រះចន្ទ រួចនិយាយថា ព្រះចន្ទជារបស់យើងហើយឥឡូវនេះ… ហើយប្រាប់គ្រប់គ្នាកុំឲ្យប៉ះពាល់…»។ គ្រាន់តែបានដឹងឮអំពីកិច្ចសម្ភាសន៍នេះភ្លាម ប្រទេសចិនបានចេញមុខថ្កោលទោស និងអះអាងថា សម្តីប្រធានអង្គការ NASA រូបនេះ គឺជាការ «ភូតកុហក»។
ការបាញ់ផ្លោងសម្តីដាក់គ្នារវាងប្រមុខអង្គការ NASA និងមន្ត្រីរដ្ឋាភិបាលចិនខាងលើនេះ មិនមែនជារឿងចម្លែកនោះឡើយ ប៉ុន្តែស្ថានការណ៍ជារួម គឺកាន់តែតានតឹងឡើងៗ នៅពេលដែលមហាអំណាចសេដ្ឋកិច្ចទាំង ២ លើលោកនេះ បាននិងកំពុងឈានទៅរកការបោះមូលដ្ឋានស្រាវជ្រាវលើព្រះចន្ទ ដោយអាមេរិកមានគម្រោង Artemis ជាចម្បង ដែលគ្រោងចាប់ផ្តើមនៅឆ្នាំ ២០២៥ ឬ ២០២៦ យ៉ាងយូរ ខណៈចិនវិញក៏បានកៀរគរប្រទេសនានា ក្នុងនោះរួមទាំងរុស្ស៊ីផងដែរ ដើម្បីបង្កើតស្ថានីយស្រាវជ្រាវអន្តរជាតិលើឋានព្រះចន្ទ (International Lunar Research Station) នៅឆ្នាំ ២០២៧។
ទោះជាយ៉ាងនេះក្តី, ឆ្លើយតបនឹងការព្រមានពីប្រមុខអង្គការ NASA នោះ អ្នកជំនាញអន្តរជាតិ ២រូប គឺលោក Svetla Ben-Itzhak និងលោក R. Lincoln Hines មកពីសាកលវិទ្យាល័យ Air ដែលបាននិងកំពុងសិក្សាស្រាវជ្រាវអំពីសន្តិសុខទីអវកាស និងកម្មវិធីអភិវឌ្ឍនៅទីអវកាសរបស់ចិន បានចេញមុខច្រានចោល និងអះអាងអំពីភាពជឿជាក់របស់ពួកគេថា នៅពេលអនាគតដ៏ខ្លីខាងមុខនេះ ទាំងចិន និងប្រទេសផ្សេងៗទៀត ទំនងជាមិនអាចគ្រប់គ្រងព្រះចន្ទបានឡើយ។
សម្រាប់កត្តាចម្បងៗ ដែលអ្នកជំនាញទាំង ២រូបខាងលើនេះបានលើកឡើង ដើម្បីគាំទ្រការអះអាងរបស់ពួកគេនោះ គឺ ប្រសិនបើប្រទេសណាមួយ ដណ្តើមគ្រប់គ្រងឋានព្រះចន្ទនោះ វាមិនត្រឹមតែជា «ទង្វើខុសច្បាប់» ប៉ុណ្ណោះទេ តែក៏ជាភាពលំបាកលំបិនផ្នែកបច្ចេកវិទ្យាផងដែរ ព្រោះថ្លៃចំណាយដើម្បីបំពេញមហិច្ឆតាមួយនេះ គឺខ្ពស់ខ្លាំងណាស់ ខណៈផលចំណេញ ឬសំណងដែលអាចទទួលបានមកវិញនោះ ក៏មិនច្បាស់លាស់ថែមទៀត។
គួរបញ្ជាក់ថា យោងតាមសន្ធិសញ្ញាការពារទីអវកាស «Outer Space Treaty» ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន ១៣៤ (ក្នុងនោះក៏មានចិនផងដែរ) កាលពីឆ្នាំ ១៩៦៧ បានចែងថា «ទីអវកាសខាងក្រៅ, ក្នុងនោះបូករួមទាំងព្រះចន្ទ និងទីឋាននានាផ្សេងទៀត មិនមែនជាកម្មវត្ថុឲ្យប្រទេសជាតិណាមួយ ធ្វើការអះអាងអធិបតេយ្យ ដូចជាការទៅទន្ទ្រានគ្រប់គ្រង ឬក៏តាមរយៈមធ្យោបាយផ្សេងៗទៀតនោះឡើយ»។
ដូច្នេះប្រសិនបើប្រទេសណាមួយ ក្នុងនោះបូករួមទាំង សហរដ្ឋអាមេរិក និងប្រទេសចិនផងដែរ ហ៊ានបំពានសន្ធិសញ្ញាខាងលើនេះ នោះពួកគេនឹងត្រូវទទួលរងការថ្កោលទោស និងឆ្លើយតបជាលក្ខណៈអន្តរជាតិ ជាក់ជាមិនខាន៕
ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ The Conversation / SPACE (ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២)