នេះជាតេឡេស្កូបអវកាសចិនឈ្មោះ «Xuntian» ដែលនឹងខ្លាំងជាង «Hubble» ទៅទៀត!

(ប៉េកាំង)៖ យោងតាមរដ្ឋបាលអវកាសចិន (CNSA) តេឡេស្កូបអវកាសធំដំបូងមួយរបស់ចិន (China Space Station Telescope ឬ CSST) នឹងត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៤ ឆាប់ៗខាងមុខនេះហើយ ដោយវានឹងកើតឡើងដំណាលគ្នានឹង ការបញ្ចប់ជាស្ថាពរនូវបេសកកម្ម កសាងស្ថានីយអវកាសចិន (China Space Station ឬ CSS)

ស្ថានីយអវកាសចិន (China Space Station ឬ CSS)

តេឡេស្កូបនៃស្ថានីយអវកាសចិន CSST (ជាឈ្មោះផ្លូវការ) ដែលមានរាងស្រដៀងនឹងតេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA ខាងលើនេះ ត្រូវបានផ្តល់រហស្សនាមឲ្យថា ស៊ុនធាន (Xuntian) ឬ ការសម្លឹងមើលឋានសួគ៌ (Survey to Heavens) ដោយវានឹងទំហំប៉ុនរថយន្តក្រុង ព្រមទាំងនឹងត្រូវដាក់ឲ្យដំណើរការ អបជាមួយនឹងស្ថានីយអវកាសចិនតែម្តង (ស្ថិតក្នុងគន្លងជាមួយគ្នា)

តេឡេស្កូបនៃស្ថានីយអវកាសចិន CSST

បើតាមព័ត៌មានបឋម Xuntian នឹងត្រូវដាក់ឲ្យដំណើរការ នៅក្នុងគន្លងគោចរជុំវិញភពផែនដី សម្រាប់រយៈពេល ១០ឆ្នាំ បន្ទាប់ពីការបាញ់បង្ហោះជោគជ័យនៅឆ្នាំ ២០២៤ ហើយការបន្ថែមបេសកកម្មលើសពីនេះទៅទៀត នឹងត្រូវសម្រេចនៅពេលជាក់ស្តែង។ រដ្ឋបាលអវកាសចិន ក៏បានបញ្ជាក់ឲ្យដឹងទៀតដែរថា ប្រអប់អុបទិក (optical cabin) នៃតេឡេស្កូបអវកាស Xuntian នឹងត្រូវបញ្ចប់ការផលិតនៅដំណាច់ឆ្នាំ ២០២២ នេះតែម្តង។

លោក Li Ran អ្នកវិទ្យាសាស្ត្រចិនមួយរូប ដែលកំពុងចូលរួមក្នុងការងារផលិត Xuntian បានលើកឡើងថា «Hubble ប្រហែលជាអាចមើលឃើញសត្វចៀម តែមួយក្បាលប៉ុណ្ណោះ តែ Xuntian វិញអាចមើលឃើញរាប់ពាន់ក្បាល នៅក្នុងកម្រិតភាពច្បាស់ដូចគ្នា»។ កម្រិតរូបភាពដែល Xuntian អាចផ្តិតបាន គឺ ២.៥ ពាន់ពាន់លានមេហ្គាភីចស៊ែល ដែលនឹងអាចឲ្យវាអង្កេតផ្ទៃមេឃបាន ៤០% ក្នុងអំលុងពេល ១០ ឆ្នាំ។

ក្រោយការសាងសង់ចប់រួចរាល់ តេឡេស្កូបអវកាសចិន Xuntian ទាំងមូល នឹងមានទម្ងន់ជាង ១០តោន ហើយវានឹងអាចសម្លឹងមើលផ្ទៃមេឃបានធំជាង តេឡេស្កូបអវកាស Hubble រហូតដល់ទៅ ៣០០ ដង ខណៈកម្រិតភាពច្បាស់ (resolution) នៃរូបភាពដែលនឹងវានឹងចាប់យកវិញ គឺដូចនឹង Hubble ដែរ។ បើតាមអ្នកជំនាញតារាសាស្ត្រចិន, Xuntian ឬ CSST នឹងក្លាយជាតេឡេស្កូបអវកាស ធំបំផុតលើពិភពលោក សម្រាប់ចាប់កាំរស្មីស្វាយអ៊ុលត្រាជិត (near-ultraviolet) និងទិដ្ឋភាពដែលអាចមើលឃើញ (visible scope) រហូតដល់មុនឆ្នាំ ២០៣៥

គួរបញ្ជាក់ថា បេសកកម្មចម្បងៗរបស់ Xuntian គឺ ស្វែងរកប្រភពនៃរូបធាតុងងឹត (Dark Matter) និង ថាមពលងងឹត (Dark Engery), ស្រាវជ្រាវទីអវកាស, ក៏ដូចជា ស្វែងយល់ពីការកកើតកាឡាក់ស៊ី និងដំណើរវិវត្តន៍របស់វាជាដើម។ ក្រៅពីការគោចរក្នុងគន្លងជាមួយស្ថានីយអវកាសចិន តេឡេស្កូបអវកាសនេះ ក៏នឹងចូលចត (dock) នៅស្ថានីយអវកាសនេះជារឿយៗផងដែរ ដើម្បីទទួលការត្រួតពិនិត្យ៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព និងរូបភាព៖ CGTN / CNSA / CFP (ថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២)

Comments (0)
Add Comment