(អាមេរិក)៖ ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាអវកាសឯកជនចំនួន ២ នៅសហរដ្ឋអាមេរិក នោះគឺ Relativity Space និង Impulse Space ទើបតែបានប្រកាសអំពី គម្រោងក្នុងការពួតដៃគ្នាអភិវឌ្ឍយានបំពេញ បេសកកម្មពាណិជ្ជកម្ម (commericial mission) ទៅកាន់ភពព្រះអង្គារនៅឆ្នាំ ២០២៤ ដែលជាពេលវេលាកំណត់លើកមុន របស់ក្រុមហ៊ុន SpaceX នៃមហាសេដ្ឋីអាមេរិកលោក Elon Musk ក្នុងការនាំមនុស្សដំបូងទៅជាន់ដីភពក្រហមនោះ។
ក្រុមហ៊ុន SpaceX ត្រូវបានគេដឹងថា គ្រោងនឹងបំពេញមហិច្ឆតាដឹកនាំមនុស្ស ទៅកាន់ភពអង្គារនៅចុងទសវត្សរ៍ ២០២០ ឯណោះ ខណៈគម្រោងរបស់អង្គការ NASA វិញ គឺកាន់តែលែងត្រូវបានលើកមកនិយាយទៀតហើយ។ កាលពីអំលុងចុងទសវត្សរ៍ ២០១០ SpaceX បានអះអាងថា ខ្លួនគ្រោងធ្វើតេស្តបញ្ជូនយានដឹកទំនិញ ទៅកាន់ភពអង្គារ (ដោយគ្មានមនុស្សជិះ) នៅឆ្នាំ ២០២២ និងយានដឹកមនុស្ស ទៅកាន់ភពក្រហមនោះតែម្តងនៅឆ្នាំ ២០២៤ ប៉ុន្តែការធ្វើតេស្តដ៏ស្មុគស្មាញ និងមិនទាន់ជោគជ័យរបស់នាវាអវកាស Starship បានក្លាយជាឧបសគ្គធំបំផុត។
ដោយឡែក, ក្រុមហ៊ុន Relativity Space (បង្កើតឡើងនៅឆ្នាំ ២០១៥ និងបច្ចុប្បន្នមានបុគ្គលិកជាង ៧០០នាក់) និងក្រុមហ៊ុន Impulse Space (បង្កើតឡើងនៅឆ្នាំ ២០២១ និងមានបុគ្គលិក ៤០នាន់) គឺសុទ្ធតែត្រូវបានចាត់ទុកជា ពន្លកត្រួយថ្មីៗនៃវិស័យអវកាស និងវិទ្យាសាស្ត្រ ហើយក៏ស្ថិតក្នុងដំណាក់កាលចាប់ផ្តើមផងដែរ បើធៀបនឹងក្រុមហ៊ុនប្រភេទនេះ ផ្សេងៗទៀតនៅសហរដ្ឋអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយបានឲ្យដឹងថា ក្រុមហ៊ុន Relativity Space នឹងមានតួនាទីក្នុងការបង្កើតគំរូ 3D នៃគ្រាប់រ៉ុក្កែតរុញច្រានឈ្មោះ Terran R ដែលជាប្រភេទរ៉ុក្កែតអាចប្រើប្រាស់ឡើងវិញ (resuable) ខណៈក្រុមហ៊ុន Impulse Space វិញ នឹងផ្តល់នូវយានអវកាសសម្រាប់ដឹកទំនិញទៅភពអង្គារ (Mars Cruise Vehicle) ព្រមទាំងជើងទម្រ (Mars Lander) ដើម្បីដឹកនាំគ្រឿងបរិក្ខាពាក់ព័ន្ធ ចុះទៅដល់ផ្ទៃភពអង្គារ។
ទោះបីជាក្រុមហ៊ុនទាំង ២ នេះនៅក្មេងខ្ចីក្តី ក៏ពួកគេមានការប្តេជ្ញារួមមួយ (អាចថាដូច SpaceX ដែរ) នោះគឺការបំពេញបេសកកម្មទៅកាន់ទីអវកាស ដែលចំណាយតិច និងប្រកបដោយគុណភាពខ្ពស់។ ទោះបីនេះជា គម្រោងពួតដៃគ្នាដំបូងមែន ក៏ក្រុមហ៊ុន Relativity Space និង Impulse Space រំពឹងថា ពួកគេនឹងអាចបញ្ជូនយានដឹកទំនិញដំបូងទៅកាន់ភពអង្គារ នៅឆ្នាំ ២០២៤ ហើយប្រសិនបើរឿងនេះក្លាយជាការពិត នោះក៏នឹងក្លាយជាប្រវត្តិសាស្ត្រលើកទី ១ សម្រាប់មនុស្សជាតិលើផែនដីដែរ ព្រោះគិតត្រឹមពេលនេះ មិនមានក្រុមហ៊ុនក្នុងស្រុក ឬបរទេសណាមួយ មានគម្រោងធ្វើឲ្យបានលឿនជាងនេះឡើយ។
គួរបញ្ជាក់ថា មិនខុសពីអង្គការអវកាសនានានោះឡើយ ការបាញ់បង្ហោះយានចេញពីផែនដី និងចល័តទៅកាន់ភពព្រះអង្គារនោះ អាចមិនមែនជារឿងលំបាកប៉ុន្មាននោះឡើយ ប៉ុន្តែការចុះចតយានឲ្យដល់ផ្ទៃភពអង្គារទៅវិញទេ ទើបជារឿងលំបាកបំផុត ដែលយើងអាចនិយាយបានថា ជាដំណាក់កាលស្លាប់រស់។ ដូច្នេះទាំង Relativity Space និង Impulse Space សុទ្ធតែនឹងត្រូវគិតគូរខ្លាំងបំផុត ទៅលើបច្ចេកវិទ្យាចុះចតនេះ៕
ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ SPACE (ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២)