ជាលើកដំបូង! រកឃើញប្រហោងខ្មៅ «អសកម្ម» ដោយប្រើពេលជាច្រើនឆ្នាំ…

(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិទើបតែបានប្រកាសពីការរកឃើញ ប្រហោងខ្មៅថ្មី និងចម្លែកមួយ ដែលមិនធ្លាប់ត្រូវបានជួបប្រទះកន្លងមក ដោយវាត្រូវបានចាត់ទុកជា «ប្រហោងខ្មៅអសកម្ម»«Dormant Black Hole» ហើយទម្រាំតែបានរកឃើញវត្តមានវានោះ គឺប្រៀបបានទៅនឹងការ «ស្វែងរកម្ជុលនៅលើវាលស្មៅ» យ៉ាងដូច្នោះឯង។

ប្រហោងខ្មៅចម្លែកថ្មីខាងលើនេះ មានម៉ាស់ធំជាងព្រះអាទិត្យយើងយ៉ាងហោចណាស់ ៩ដង និងត្រូវបានក្រុមតារាវិទូរកឃើញថា ស្ថិតនៅក្នុងប្រព័ន្ធរួមគ្នា (binary system) ជាមួយតារាពណ៌ខៀវមួយដួង (មានម៉ាស់ធំជាងព្រះអាទិត្យយើង ២៥ដង) ហើយប្រព័ន្ធផ្កាយ + ប្រហោងខ្មៅមួយនេះ ត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា VFTS 243

ប្រព័ន្ធផ្កាយ + ប្រហោងខ្មៅ VFTS 243 (Image: ESO)

មូលហេតុដែលក្រុមអ្នកវិទ្យាសាស្ត្រ ដាក់ឈ្មោះឲ្យប្រហោងខ្មៅមួយនេះថា «Dormant Black Hole» នោះ ក៏ព្រោះតែវាមិនបញ្ចេញសកម្មភាពស្រូបកម្ទេច ឬជះចេញនូវពន្លឺ X-ray ដ៏ខ្លាំងក្លាដូចប្រហោងខ្មៅទូទៅឡើយ។ អ្វីដែលកាន់តែចម្លែកជាងនេះទៅទៀត គឺពួកគេក៏កំពុងសង្ស័យថា ប្រហោងខ្មៅប្រភេទនេះ ទំនងជាមិនត្រូវបានបង្កើតឡើង ដោយការផ្ទុះស្លាប់នៃផ្កាយ ដូចដែលយើងស្គាល់ថា បន្ទុះស៊ូពើណូវ៉ា (supernova) នោះឡើយ។

ជាទូទៅប្រហោងខ្មៅ (Black Hole) ភាគច្រើនបំផុតត្រូវបានគេដឹងថា ជាវត្ថុដ៏ហាប់ណែន (dense) ជាមួយនឹងកម្លាំងទំនាញ (gravity) ខ្លាំងក្លាបំផុត ដោយសូម្បីតែពន្លឺ ក៏វាអាចលេបយកបានដែរ។ ហេតុដូច្នេះទើបក្រុមតារាវិទូ អាចរកឃើញវត្តមានរបស់ប្រហោងខ្មៅទាំងនោះ តាមរយៈការសម្លឹងរកតំបន់ ដែលពន្លឺត្រូវបានបិទបាំង និងចលនាកញ្ជ្រោលនៃកម្ទេចធូលី-ឧស្ម័ន នៅជុំវិញតំបន់ខ្មៅងងឹតនោះជាដើម…។

ប្រព័ន្ធផ្កាយ + ប្រហោងខ្មៅខាងលើនេះ ត្រូវបានរកឃើញនៅក្នុងតំបន់នីប៊ូឡាមួយ ឈ្មោះ Tarantula Nebula ស្ថិតនៅក្នុងកាឡាក់ស៊ីរណប (ដៃ) មួយនៃកាឡាក់ស៊ី Milky Way យើង ដែលមានឈ្មោះថា Large Magellanic Cloud និងមានចម្ងាយ ១៦០,០០០ឆ្នាំពន្លឺពីភពផែនដី។

(Image Credit: ESO)

ដោយសារប្រហោងខ្មៅ និងផ្កាយពណ៌នោះស្ថិតនៅក្នុងប្រព័ន្ធរួម (binary system) ហេតុដូច្នេះវាតែងតែគោចរជុំវិញគ្នាទៅវិញទៅមកជាគូ ដែលមិនអាចបំបែកបាន។ ក្រុមតារាវិទូកំពុងជឿជាក់ថា ផ្កាយពណ៌ខៀវក្នុងប្រព័ន្ធមួយនេះ នឹងក្លាយជាប្រហោងខ្មៅមួយទៀតនៅថ្ងៃអនាគត ហើយបន្ទាប់មកទៀតវានឹងត្រូវ រួមបញ្ចូលគ្នា (merge) ជាមួយប្រហោងខ្មៅជាដៃគូនោះផងក៏ថាបាន។

គួរបញ្ជាក់ថា ការស្រាវជ្រាវរកឃើញខាងលើនេះ ត្រូវបានចំណាយពេល ៦ឆ្នាំ ដោយប្រើប្រាស់បណ្តាញតេឡេស្កូបយក្ស VLT (Very Large Telescope) របស់មន្ទីរអង្កេតតារាភាគខាងត្បូងរបស់អឺរ៉ុប ESO (European Southern Observatory) មានមូលដ្ឋាននៅប្រទេសឈីលី។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលតារាសាស្ត្រ Harvard & Smithsonian បានលើកឡើងថា ចំពោះវត្ថុអវកាសប្រភេទនេះ គឺត្រូវបានរកឃើញជាលើកដំបូងហើយ ខណៈការចំណាយពេលស្វែងរកកន្លងមកនេះ បានជួបប្រទះផលលំបាកខ្លាំង ដោយសារតែប្រហោងខ្មៅក្នុងប្រព័ន្ធ VFTS 243 មានភាពអសកម្ម ដែលធ្វើឲ្យតំបន់ជុំវិញវាស្ងប់ស្ងាត់ មិនមានភាពកញ្ជ្រោល ដូចប្រហោងខ្មៅទូទៅ។

បណ្តាញតេឡេស្កូប VLT (ESO)

ការរកឃើញវត្តមានប្រហោងខ្មៅខាងលើនេះបាន គឺដោយសារតែការសម្ងំអង្កេតមើល ដំណើរគោចររវាងវា និងដៃគូជាផ្កាយពណ៌ខៀវរបស់វានោះដែរ ព្រោះនៅពេលមានកាបិទបាំងពន្លឺផ្កាយ ជាដៃគូកើតឡើង (ដូចក្នុងរូបភាព) ក្រុមតារាវិទូអាចដឹងអំពីវត្តមាន របស់ប្រហោងខ្មៅអសកម្មនោះបាន។ ក្រុមតារាវិទូក៏បានអះអាងផងដែរថា ដំណើរគោចរក្នុងប្រព័ន្ធ VFTS 243 ស្ទើរតែមានរាងជារង្វង់មូល (circle) ដ៏ល្អឥតខ្ចោះមួយទៅហើយ។

(Image Credit: ESO)

បកទៅខាងដើមអត្ថបទវិញ, មូលហេតុដែលក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ប្រហោងខ្មៅខាងលើនេះមិនត្រូវបានកកើតឡើងដោយបន្ទុះស៊ូពើណូវ៉ានោះ គឺព្រោះតែការសម្លឹងទៅមើលទម្រង់ នៃដំណើរគោចររវាងប្រហោងខ្មៅនោះ និងផ្កាយពណ៌ខៀវជាដៃគូរបស់វា។ ពួកគេបានពន្យល់ថា ប្រសិនបើប្រហោងខ្មៅមួយត្រូវបានកកើតឡើង ដោយបន្ទុះស៊ូពើណូវ៉ានោះ កម្លាំងផ្ទុះនឹងរុញច្រានឲ្យប្រហោងខ្មៅថ្មីនោះ គោចរចេញជារាងអេលីប (រាងពងក្រពើ) ជាមួយផ្កាយដៃគូរបស់វា, មិនមែនមានរាងជារង្វង់មូល (circle) បែបនេះឡើយ។

(Image: ESO)

ហេតុដូច្នេះក្នុងករណីខាងលើនេះ ក្រុមអ្នកវិទ្យាសាស្ត្រសាស្ត្របានសន្និដ្ឋានថា ផ្កាយមួយដែលមានម៉ាស់ប្រហែលនឹងព្រះអាទិត្យយើង ២០ដង (អាចជាអតីតផ្កាយភ្លោះជាមួយផ្កាយពណ៌ខៀវ) បានជះចេញនូវសារធាតុមួយចំនួន ពីខ្លួនវាទៅកាន់ទីអវកាស ដែលនេះជាដំណើរឈានទៅរកទៅរកទីមរណៈ ហើយបន្ទាប់មកនៅក្នុងស្នូលរបស់វា ក៏លែងមានប្រតិកម្មនុយក្លេអ៊ែរ សម្រាប់បង្កើតថាមពលតទៅទៀត។ នៅទីបំផុតវាក៏បានដួលរលំចូលទៅក្នុងខ្លួនឯង ដោយគ្មានបន្ទុះស៊ូពើណូវ៉ាកើតឡើង ហើយក៏បានបង្កើតចេញជា ប្រហោងខ្មៅអសកម្មមួយតែម្តង៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ CGTN / REUTERS (ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២)

Comments (0)
Add Comment