HOT NEWS: នេះអាចជាកាឡាក់ស៊ីមានវ័យចំណាស់បំផុត «១៣.៥ពាន់លានឆ្នាំ» ថតដោយ James Webb !

(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្ត្របានត្រួតពិនិត្យរូបថត ដែលត្រូវបានផ្តិតដោយតេឡេស្កូបអវកាស James Webb របស់អង្គការ NASA និងដៃគូពាក់ព័ន្ធ ហើយក្នុងនោះពួកគេបានអះអាងពីការរកឃើញ កាឡាក់ស៊ីដែលអាចមានវ័យ «ចំណាស់បំផុត» មិនធ្លាប់ត្រូវបានជួបប្រទះ នោះគឺ «១៣.៥ពាន់លានឆ្នាំ» (៣០០លានឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ Big Bang ដែលជាបន្ទុះបានបង្កើតចក្រវាលដំបូង)។

កាឡាក់ស៊ី GLASS-z13 (Image: NASA/JWST)

កាឡាក់ស៊ីខាងលើនេះ ត្រូវបានដាក់ឈ្មោះសម្គាល់ថា GLASS-z13។ ប្រសិនបើការរកឃើញនេះ ត្រូវបានទទួលស្គាល់ជាផ្លូវការនោះ វានឹងក្លាយជាកាឡាក់ស៊ី ចាស់ជាងកាឡាក់ស៊ីដែលចាស់បំផុតពីមុន រហូតដល់ទៅ ១០០លានឆ្នាំឯណោះ។ កាឡាក់ស៊ីចំណាស់បំផុតពីមុន គឺត្រូវបានរកឃើញដោយតេឡេស្កូបអវកាស Hubble កាលពីឆ្នាំ ២០១៦ ដោយវាមានឈ្មោះថា GN-Z11 ហើយវាមានអាយុកាល ១៣.៤ពាន់លានឆ្នាំ ឬយើងអាចនិយាយបានថា កាឡាក់ស៊ី GN-Z11 បានកកើតឡើង ៤០០លានឆ្នាំបន្ទាប់ពីបន្ទុះ Big Bang

កាឡាក់ស៊ី GN-z11 ថតដោយ Hubble | NASA, ESA, P. Oesch (Yale University), G. Brammer (STScI), P. van Dokkum (Yale University), និង G. Illingworth (University of California, Santa Cruz)

គួរបញ្ជាក់ថា ក្រៅពីការរកឃើញកាឡាក់ស៊ី ដែលអាចមានវ័យចំណាស់បំផុតឈ្មោះ GLASS-z13 នៅក្នុងរូបភាពគុណភាពខ្ពស់របស់ James Webb នោះ ក្រុមអ្នកវិទ្យាសាស្ត្រដដែល មកពីមជ្ឈមណ្ឌល Harvard និង Smithsonian ស្ថិតក្នុងរដ្ឋ Massachusetts នៃសហរដ្ឋអាមេរិកក៏បានអះអាងថា កាឡាក់ស៊ីមួយទៀតឈ្មោះ GLASS-z11 ក៏ត្រូវបានរកឃើញផងដែរ ហើយវាមានអាយុកាលប្រហាក់ប្រហែលទៅនឹង កាឡាក់ស៊ី GN-Z11 ដែល Hubble បានរកឃើញនោះ។

ការអង្កេតរកកាឡាក់ស៊ី GLASS-z13 ក្នុងរូបថតរបស់ James Webb

«ប្រសិនបើអាយុកាលនៃកាឡាក់ស៊ីថ្មីៗទាំង ២ ខាងលើនេះ ត្រូវបានបញ្ជាក់ជាផ្លូវការ ដូចការសន្និដ្ឋានមែននោះ យើងពិតជាបានមើលចក្រវាល នៅពេលដែលទើបមានអាយុ ៣០០-៤០០លានឆ្នាំយ៉ាងពិតប្រាកដ»។ នេះបើតាមការអះអាងពី អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Rohan Naidu មកពីមជ្ឈមណ្ឌល Harvard និង Smithsonian

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិនៃការបកប្រែ)
ប្រភព៖ News Scientist / CGTN / AFP (ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២)

Comments (0)
Add Comment