មនុស្សមួយចំនួនបានសួរថា៖ តើរូបនេះជាអ្វី និងជារូបភាពពិតដែរឬទេ?

(អាមេរិក)៖ នេះជារូបថតដែលបង្ហាញអំពីភ្នំមីស្ទីក ឬភ្នំអាថ៌កំបាំង (Mystic Mountain) ស្ថិតនៅក្នុងបណ្តុំពពកធូលី និងឧស្ម័ន (នេប៊ូឡា) ឈ្មោះ ខារីណា (Carina Nebula)Carina Nebula មានចម្ងាយខ្ទង់ ៧,៥០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ខណៈវិសាលភាព (ប្រវែងបណ្តោយ) របស់វាវិញនោះ គឺរហូតដល់ទៅ ២៣០ឆ្នាំពន្លឺឯណោះ។

Carina Nebula ទាំងមូល, ថតដោយ Hubble របស់អង្គការ NASA / ESA

នៅក្នុងទិដ្ឋភាពដ៏សំបូរបែបរបស់ Carina Nebula នោះ គេសង្កេតឃើញតំបន់ Mystic Mountain នេះឯងដែលមើលទៅគួរឲ្យចាប់អារម្មណ៍ជាងគេ ខណៈមនុស្សចំនួនបានយករូបភាពនេះ ទៅបន្ថែមពណ៌ ឬចំណុចបញ្ចេញពន្លឺ ខុសពីទម្រង់ដើម ដែលនាំឲ្យ Mystic Mountain នេះមើលទៅប្រៀបបីដូចជាសត្វចម្លែក ទើបបានជាបង្កឲ្យមនុស្សផ្សេងទៀត ចោទសួររកការពិត។

បណ្តុំពពក Mystic Mountain ស្ថិតនៅក្នុង Carina Nebula, ថតដោយ Hubble របស់អង្គការ NASA / ESA

រូបភាពដ៏ល្បីល្បាញនៃ Mystic Mountain ខាងលើនេះ ត្រូវបានផ្តិតដោយកាមេរ៉ា Wide Field Camera 3 បំពាក់នៅលើតេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA កាលពីខែកុម្ភៈ ឆ្នាំ ២០១០។ បន្ថែមពីនេះ នៅក្នុងបណ្តុំពពក ធូលី និងឧស្ម័នក្នុងរូបភាពនោះ តំបន់មានពណ៌ខៀវ (blue) គឺជាបណ្តុំនៃអុកស៊ីសែន (oxygen), ពណ៌បៃតង (green) គឺ អ៊ីដ្រូសែន (hydrogen) និង នីដ្រូសែន (nitrogen), និងពណ៌ក្រហម (red) គឺ ស៊ុលផួ (sulfur)

Mystic Mountain ពេល Zoom មើលកាន់តែជិត (Image: Hubble of NASA and ESA)

គួរបញ្ជាក់ថា បណ្តុំពពក Mystic Mountain មានកម្ពស់ ៣ឆ្នាំពន្លឺឯណោះ ហើយវាមើលទៅស្រដៀងនឹងទិដ្ឋភាពមួយ នៅក្នុងខ្សែភាពយន្ត The Lord of the Rings ផងដែរ។ Mystic Mountain កាលណោះត្រូវបានចាត់ទុកជារូបថតដ៏ពិសេសមួយ ដើម្បីអបអរខួបឆ្នាំទី ២០ ដែលតេឡេស្កូប Hubble បានគោចរជុំវិញភពផែនដី។ បណ្តុំពពក ធូលី និងឧស្ម័ន Mystic Mountain ដែលប្រៀបដីដូចសសរដ៏ខ្ពស់មួយនេះ គឺត្រូវបានគេដឹងថា ជាតំបន់ដែលមានផ្កាយជាច្រើន កំពុងចាប់កំណើត ដោយខ្លះមានជះចេញនូវ jet (កំសួលធូលី និងឧស្ម័ន) យ៉ាងកញ្ជ្រោលតែម្តង។

(រូប Visible: ការថតដោយកាមេរ៉ាធម្មតា (ភ្នែកមនុស្សអាចមើលឃើញ) / រូប Infared: ការថតយកពន្លឺក្រហមអាំងហ្វ្រា (ភ្នែកមនុស្សមិនអាចមើលឃើញ))
  • តើទិដ្ឋភាពដ៏ស្រស់ត្រកាលនៃ Carina Nebula ឬសូម្បីតែ Mystic Mountain បានកកើតឡើងដោយរបៀបណា?

ខាងលើនេះ ក៏ជាសំនួរដែលមនុស្សមួយចំនួន ងឿងឆ្ងល់ជាប់ជានិច្ចផងដែរ។ ទិដ្ឋភាពដូចផ្ទាំងគំនូរនៃ Carina Nebula ដែលមាន Mystic Mountain នៅក្នុងនោះដែរ ត្រូវបានបង្កើតឡើងដោយសកម្មភាពនៃចរន្តខ្យល់ជះចេញ និងកាំរស្មីស្វាយអ៊ុលត្រា (ultraviolet) ដ៏ក្តៅគគុក ដែលត្រូវបានបង្កឡើងដោយពពួកផ្កាយយក្ស នៅក្នុងតំបន់នោះ។

នៅក្នុងដំណើរការខាងលើនេះ តារាយក្សនានាបានជះសារធាតុនានា (ធូលី និងឧស្ម័ន) ចេញពីខ្លួនពួកវាទៅកាន់ទីអវកាស ហើយការធ្វើបែបនេះក្នុងរយៈពេលរាប់រយ ទៅរាប់ពាន់លានឆ្នាំ វាក៏បានបង្កើតចេញទៅជាបណ្តុំពពកធូលី និងឧស្ម័ន ដ៏ធំមហាសាលដូចជា Carina Nebula នោះតែម្តង៕

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព និង Images ៖ NASA / ESA

Comments (0)
Add Comment