មិនធម្មតា! Hubble ទំនងជាបានរកឃើញវត្ថុធាតុនៃព្រះចន្ទ Io ជះទៅលើផ្ទៃព្រះចន្ទ Europa នៃភពយក្ស Jupiter

(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ តាមរយៈទិន្នន័យបានមកពី តេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA ទើបតែបានប្រទះឃើញ សារធាតុ ស៊ុលផួ (ស្ពាន់ធ័រ) ឌីអុកស៊ីត (Sulfur dioxide) នៅលើផ្ទៃនៃព្រះចន្ទទឹកកក យូរ៉ូប៉ា (Europa) ដោយពួកគេបានជឿជាក់ថា វត្ថុធាតុទាំងនោះអាចមានប្រភពមកពី ព្រះចន្ទភ្នំភ្លើង អាយអូ (Io) របស់ភពព្រហស្បតិ៍ (Jupiter) ដែលជាភពឧស្ម័នយក្សលេខ ១ ប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ។

តេឡេស្កូបអវកាស Hubble (NASA/ESA)

ការស្រាវជ្រាវ និងរកឃើញជាបឋមខាងលើនេះ ត្រូវបានដឹកនាំដោយក្រុមអ្នកវិទ្យាសាស្ត្រ មកពីវិទ្យាស្ថាន Southwest Research Institute (SwRI) តាមរយៈការអង្កេតព្រះចន្ទ Europa ដោយប្រើប្រាស់រលកសញ្ញាស្វាយអ៊ុលត្រា (ultraviolet wavelengths) នៃតេឡេស្កូបអវកាស Hubble។ កិច្ចខិតខំប្រឹងប្រែងនេះ បានបង្កើតចេញជាផែនទីដំបូង នៃវត្តមានសារធាតុ ស៊ុលផួរ-ឌីអុកស៊ីត នៅលើផ្ទៃព្រះចន្ទទឹកកកនោះ។

ភពព្រហស្បតិ៍, ព្រះចន្ទ IO និងព្រះចន្ទ Europa (Image: NASA)

បើតាមក្រុមអ្នកសិក្សារបស់ SwRI បានឲ្យដឹងទៀតថា សារធាតុ ស៊ុលផួរ-ឌីអុកស៊ីត ដែលត្រូវបានរកឃើញខាងលើនេះ មានចំនួនច្រើន និងគ្របដណ្តប់លើផ្ទៃដ៏ធំធេង ជាងការរកឃើញកាលពីមុន ដែលអាចឲ្យយើងមើលឃើញដោយផ្ទាល់ (visible) ផង និងតាមរយៈរលកសញ្ញាស្វាយអ៊ុលត្រាផង។

ព្រះចន្ទទឹកកក Europa (Image: NASA)

ជុំវិញការប្រទះឃើញ ដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការសន្និដ្ឋានជាបឋមថា សារធាតុ ស៊ុលផួរ-ឌីអុកស៊ីត ទាំងអស់នោះ ទំនងជាមានប្រភពមកពីព្រះចន្ទ Io។ Io ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាទីឋានសំបូរដោយភ្នំភ្លើងសកម្មច្រើនបំផុត ប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ខណៈសារធាតុ ស៊ុលផួរ-ឌីអុកស៊ីត អាចត្រូវបានជះចេញពីខ្លួនវា តាមរយៈបន្ទុះភ្នំភ្លើង ហើយខ្ទាតឡើងទៅកាន់ទីអវកាស រួចក៏ធ្លាក់ទៅលើផ្នែកមួយរបស់ព្រះចន្ទ Europa ដែលគោចរជុំវិញភពព្រហស្បតិ៍ ជាមួយគ្នានោះតែម្តង។

ព្រះចន្ទភ្នំភ្លើង Io (Image: NASA)

គួរបញ្ជាក់ថា កត្តាដែលអាចជំរុញឲ្យដំណើរការខាងលើ កកើតឡើងទៅរួចនោះ គឺដោយសារតែកម្លាំងម៉ាញេទិច ដ៏ប្រទាក់ក្រលារបស់ភពព្រហស្បតិ៍ ដែលជាមេនៃព្រះចន្ទទាំង ២។ បេសកកម្ម Europa Clipper ដែលនឹងទៅដល់ប្រព័ន្ធ Jupiter នៅឆ្នាំ ២០៣០ អាចនឹងឆ្លៀតឱកាសសិក្សា អំពីវត្តមាននៃសារធាតុ ស៊ុលផួរ-ឌីអុកស៊ីត នោះ បន្ថែមពីលើការស្រាវជ្រាវ អំពីមហាសមុទ្រទឹករាវក្រោមផ្ទាំងទឹកកក នៃព្រះចន្ទ Europa ដែលគេសង្ស័យថា អាចកំពុងលាក់ជីវិត

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២)

Comments (0)
Add Comment