នេះជាបងប្អូនជីដូន១របស់ James Webb! វានឹងក្លាយជាតេឡេស្កូប ដ៏ខ្លាំងអស្ចារ្យបំផុត! (VIDEO)

(បរទេស)៖ ប្រសិនបើកំពុងគិតថា James Webb គឺជាតេឡេស្កូបដ៏ខ្លាំងបំផុត នៅលើពិភពលោកនោះ លោកអ្នកអាចគិតឡើងវិញបាន ព្រោះពេលនេះគម្រោងផលិតតេឡេស្កូបយក្សមួយតម្លៃ ២០៥លានដុល្លារ កំពុងស្ថិតក្នុងដំណើរការហើយ។ តេឡេស្កូបយក្ស ម៉ាហ្គែលលែន (Giant Magellan Telescope) នឹងត្រូវដំឡើងនៅលើទឹកដីប្រទេសឈីលី (Chile) ព្រោះជាដែនដីដែលមានផ្ទៃមេឃស្រឡះល្អបំផុត នៅលើពិភពលោក។

តេឡេស្កូបថ្មីខាងលើនេះ នឹងមានគោលដៅចម្បងក្នុងការស្វែងរក ភពអាចទ្រទ្រង់ជីវិត (Habitable Planets) និងកាឡាក់ស៊ីដំបូងៗ ដែលបានចាប់កំណើតនៅក្នុងចក្រវាលយើងនេះ។ Giant Magellan Telescope ក៏នឹងឈានទៅសិក្សា ដើម្បីវែករកអាថ៌កំបាំងនៃថាមពលងងឹត (Dark Engergy) និង រូបធាតុងងឹត (Dark Matter) ផងដែរ។ ទាំងអស់នេះ គឺសុទ្ធសឹងតែស្ថិតនៅក្នុងគោលដៅ នៃស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងអវកាសភាគច្រើន នៅលើពិភពលោករួចទៅហើយ ប៉ុន្តែការបង្កើតឧបករណ៍កាន់តែច្រើន ដើម្បីសិក្សាបន្ថែមទៀតនោះ នឹងអាចជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ស្វែងរកបាននូវចម្លើយរួមដ៏គួរឲ្យជឿទុកចិត្ត។

តេឡេស្កូបយក្ស Magellan ពេលកសាងរួចនៅឈីលី

សម្រាប់ទឹកប្រាក់ ២០៥លានដុល្លារអាមេរិក គឺជាការចំណាយដ៏ធំធេងបំផុតមួយ សម្រាប់ប្រវត្តិសាស្ត្រនៃ Giant Magellan Telescope ដែលដឹកនាំការអភិវឌ្ឍ និងផលិតដោយវិទ្យាស្ថានវិទ្យាសាស្ត្រ ខាណេហ្គី (Carnegie), សាកលវិទ្យាល័យ ហាវើដ (Harvard), មូលនិធិស្រាវជ្រាវសៅប៉ូឡូ (FAPESP), សាកលវិទ្យាល័យអូស្ទីន រដ្ឋតិចសាស់ (Austin Texas), សាកលវិទ្យាល័យរដ្ឋ អារីហ្សូណា (Arizona) និងសាកលវិទ្យាល័យរដ្ឋ ឈីកាហ្គោ (Chicago)។

កញ្ចក់ស្រូបពន្លឺទាំង ៧ផ្ទាំងរបស់ Magellan

អគារតម្កល់តេឡេស្កូបយក្ស Magellan នៅប្រទេសឈីលីនឹងមានកម្ពស់ ១២ជាន់ ដើម្បីទ្រកញ្ចក់ស្រូបពន្លឺចំនួន ៧ ផ្ទាំងធំៗ (មួយផ្ទាំងៗមានមុខកាត់ ៨.៤ម៉ែត្រ)។ កញ្ចក់ស្រូបពន្លឺ (Primary Mirrors) ទាំងនេះ នឹងត្រូវផលិតឡើងនៅមន្ទីរពិសោធន៍ សាកលវិទ្យាល័យ អារីហ្សូណា ហើយឧបករណ៍វែកញែក-បម្លែងពណ៌នៃពន្លឺ (Spectrograph) នឹងត្រូវផលិតនៅរដ្ឋតិចសាស់។ ក្រោយមកការផ្គុំផលិតផលសម្រេច នឹងត្រូវធ្វើឡើងនៅរោងចក្រ Ingersoll Machine Tools ស្ថិតនៅរដ្ឋអ៊ីលលីណយ៍ (Illinois) សហរដ្ឋអាមេរិក។ ជុំវិញការអភិវឌ្ឍ ផលិត និងដំឡើង Magellan រួចរាល់ បូករួមទាំងការបើកដំណើរការជាផ្លូវការនៅប្រទេសឈីលី អាចនឹងកើតឡើងចុងឆ្នាំ ២០២៩

ដំណើរការផលិតកញ្ចក់ស្រូបពន្លឺ

ក្រុមអ្នកវិទ្យាសាស្ត្របានចោទសួរថា៖ តេឡេស្កូបអវកាស James Webb បានធ្វើឲ្យមនុស្សលោក កោតសរសើរយ៉ាងខ្លាំងក្លាហួសប្រមាណរួចមកហើយ, ចុះហេតុអ្វីយើងមិនចាប់ផ្តើមសម្លឹងមើល Giant Magellan Telescope ដែលនឹងកាន់តែអស្ចារ្យជាង James Webb ទៅទៀតនោះ? តេឡេស្កូបយក្ស Magellan នឹងមានសមត្ថភាពខ្លាំងជាងតេឡេស្កូបនានា ដែលកំពុងដំណើរការបច្ចុប្បន្នលើផ្ទៃផែនដី រហូតដល់ទៅ ២០០ដងឯណោះ។

សមត្ថភាពរបស់ Magellan ធៀបនឹង James Webb ដែលវានឹងអាចធ្វើបាននៅពេលដំណើរការ

ឧទាហរណ៍តូចមួយ ដែលបង្ហាញអំពីសមត្ថភាពរបស់ Magellan នោះគឺនៅពេលដែល James Webb អង្កេតឃើញវត្ថុអវកាសមួយ ជាមួយនឹងពន្លឺដ៏ខ្សោយ ដែលពិបាកនឹងឲ្យគេវិភាគដឹងថានោះជាអ្វី, Magellan នឹងចូលខ្លួនមកស្វែងរកចម្លើយអំពី ភពអាចទ្រទ្រង់ជីវិត និងកាឡាក់ស៊ីដំបូងៗនៃចក្រវាលជាដើម។ បើយើងប្រៀបធៀបពីកម្លាំង នៃការអង្កេតទីអវកាសជាក់ស្តែងវិញ Magellan នឹងខ្លាំងជាង James Webb ចំនួន ៤ដង និង Hubble រហូតដល់ទៅ ១០ដង

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា (រក្សាសិទ្ធិ)
ប្រភព៖ Popular Science (ថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២)

Comments (0)
Add Comment