អាកាសចរណ៍ធំបំផុតលើលោក ទិញយន្តហោះ BSO «២០គ្រឿង» ដែលជិះពីប៉ារីសទៅម៉ុងត្រេអាល់ ចាយពេលមិនដល់ ៤ម៉ោង!

(អាមេរិក)៖ ទីបំផុតក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines បានព្រមព្រៀងក្នុងការបញ្ជាទិញយន្តហោះ Boom Supersonic Overture (BSO) រហូតដល់ទៅ ២០គ្រឿងឯណោះ។ យន្តហោះ BSO ដែលអាចហោះលឿនជាងសំឡេងនេះ ក៏លឿនជាងយន្តហោះដឹកអ្នកដំណើរធម្មតា រហូតដល់ទៅ ២ដងផងដែរ។ សម្រាប់តម្លៃសំបុត្រក្នុងមួយកៅអីវិញគឺ ១០,០០០ដុល្លារអាមេរិក សម្រាប់អ្នកដែលចង់ភ្លក្សរសជាតិ នៃការជិះយន្តហោះប្រភេទនេះដំបូងៗ។

(Image Credit: Boom Supersonic)

American Airlines ដែលជាអាកាសចរណ៍ធំជាងគេបំផុតលើលោក បានសម្រេចចិត្តទិញយន្តហោះខាងលើនេះពីក្រុមហ៊ុន Boom Supersonic មានមូលដ្ឋាននៅទីក្រុង Denver សហរដ្ឋអាមេរិក។ BSO ត្រូវបានអភិវឌ្ឍឡើង ដើម្បីធ្វើដំណើរក្នុងល្បឿនអតិបរមា Mach 1.7 ឬស្មើនឹង ១,៩៧៥គីឡូម៉ែត្រ ក្នុងមួយម៉ោង (Mach 1 គឺតំណាងឲ្យលឿននៃសំឡេង)។

(Image Credit: Boom Supersonic)

សម្រាប់កម្រិតល្បឿនខាងលើនេះ BSO អាចដឹកនាំអ្នកដំណើរចន្លោះពី ៦៥នាក់ ទៅ ៨០នាក់ ពីទីក្រុងប៉ារីសប្រទេសបារាំង ទៅកាន់ទីក្រុងម៉ុងត្រេអាល់ (Montreal) ប្រទេសកាណាដា ដោយចំណាយពេលត្រឹមតែ ៣ម៉ោង និង ៤៥នាទីតែប៉ុណ្ណោះ ខណៈយន្តហោះទូទៅវិញ គឺត្រូវប្រើពេលគុណនឹង ២។ ការចុះកិច្ចព្រមព្រៀងទិញជាផ្លូវការនេះ កើតមានឡើងក្រោយ American Airlines បានត្រួតពិនិត្យ និងទទួលស្គាល់ថា យន្តហោះ BSO ពិតជាសមស្របតាមស្តង់ដាសុវត្ថិភាព នៃដំណើរការ និងការធ្វើប្រតិបត្តិការផ្នែកឧស្សាហកម្ម។

គួរបញ្ជាក់ថា នៅថ្ងៃអនាគត American Airlines ក៏នឹងបញ្ជាទិញយន្តហោះ BSO រហូតដល់ ៤០គ្រឿងបន្ថែមទៀតផងដែរ។ BSO ត្រូវបានពិភពលោកមើលឃើញថា នឹងក្លាយជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃវិស័យអាកាសចរណ៍ទូទាំងភពផែនដី ប្រសិនបើការធ្វើប្រតិបត្តិការរបស់វានៅពេលខាងមុខ មានសុវត្ថិភាព និងកំណត់ត្រាល្អជាប្រចាំនោះ។ ក្រុមហ៊ុន Boom Supersonic នឹងចាប់ផ្តើមផលិតយន្តហោះ BSO នៅឆ្នាំ ២០២៤ រួចទើបធ្វើការហោះហើរលើកដំបូងនៅឆ្នាំ ២០២៦

ប្រែសម្រួល៖ Cambo Space / ឥន្ទ វុត្ថា
ប្រភព៖ SPACE (ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២)

Comments (0)
Add Comment