ត្រៀម! រ៉ុក្កែតយក្សស្តុកយានរបស់ NASA នឹងហោះសាកល្បងទៅរកព្រះចន្ទ នៅចុងខែសីហានេះ (VIDEO)

(អាមេរិក)៖ អង្គការអវកាសអាមេរិក NASA ទើបតែបានប្រកាសជាផ្លូវការ អំពីកាលបរិច្ឆេទសម្រាប់ការធ្វើតេស្ត ប្រព័ន្ធរ៉ុក្កែតយក្ស Space Launch System (SLS) ស្តុកយានអវកាសផលិតដោយក្រុមហ៊ុន Boeing ស្ថិតនៅក្នុងគម្រោង Artemis 1 ទៅកាន់ឋានព្រះចន្ទ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ (ពេលវេលានៅសហរដ្ឋអាមេរិក) ហើយប្រសិនបើពេលនោះមានអាកាសធាតុមិនល្អ ការបាញ់បង្ហោះអាចនឹងត្រូវលើកទៅថ្ងៃទី ២ ខែកញ្ញា ឬថ្ងៃទី ៥ ខែកញ្ញា។ SLS ក៏មានស្តុករបស់ពិសេសមួយចំនួនទៀតផងដែរ។

រ៉ុក្កែត SLS រំកិលទៅរកទីកន្លែងបាញ់បង្ហោះ (AFP Image)

ការធ្វើតេស្តរ៉ុក្កែតកម្ពស់ ៩៨ម៉ែត្រ ដោយមានស្តុកយានឈ្មោះ Orion ខាងលើនេះ នឹងមិនមានមនុស្សជិះនៅក្នុងនោះឡើយ ហើយវានឹងធ្វើដំណើរជាលើកដំបូង សំដៅទៅរកឋានព្រះចន្ទ បន្ទាប់ពីត្រូវបានពន្យារពេលប៉ុន្មានលើកមកហើយ ដោយសារតែបញ្ហាមួយចំនួន ដែលបានកើតមានទៅលើប្រព័ន្ធបាញ់បង្ហោះ SLS នេះ។ បន្ទាប់ពីការហោះសាកល្បងទៅរកព្រះចន្ទ និងគោចរជុំវិញព្រះចន្ទរួចរាល់ យាន Orion នឹងត្រឡប់មកកាន់ផែនដីវិញ ហើយចុះចតដោយការទម្លាក់ខ្លួនលើផ្ទៃសមុទ្រ។ ដំណើរការសាកល្បងតាំងពីដើមរហូតដល់ចប់ នឹងត្រូវប្រើប្រាស់ពេល ៤២ថ្ងៃ។

រ៉ុក្កែត SLS មកដល់ទីតាំងបាញ់បង្ហោះនៅ Cape Canaveral, Florida (AFP Image)

ប្រព័ន្ធរ៉ុក្កែត SLS ដែលមានសមត្ថភាពស្តុក យានដឹកអវកាសយានិក Orion ត្រូវបានដឹកនាំការអភិវឌ្ឍដោយក្រុមហ៊ុន Boeing Co. ហើយក៏ជាការចំណាយប្រាក់រាប់ពាន់លានដុល្លារផងដែរ ដោយអង្គការ NASA ដើម្បីដឹកនាំអវកាសយានិក និងគ្រឿងបរិក្ខាវិទ្យាសាស្ត្រ ទៅបង្កើតមូលដ្ឋានស្រាវជ្រាវលើព្រះចន្ទ ដែលនឹងចាប់នៅឆ្នាំ២០២៤

គួរបញ្ជាក់ថា តួខ្លួនដ៏ធំរបស់ SLS ពេលនេះកំពុងស្ថិតនៅទីកន្លែងត្រៀមបាញ់បង្ហោះ នៅឯមូលដ្ឋាន Cape Canaveral នៃរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិក រួចជាស្រេច។ គម្រោង Artemis ទាំងមូលរបស់អង្គការ NASA ស្ថិតក្នុងគោលដៅយកឋានព្រះចន្ទ (នៅតំបន់ក្បែរប៉ូលខាងត្បូងព្រះចន្ទ) ជាមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ តាមរយៈការបង្កើតទីកន្លែងសម្រាប់មនុស្ស ស្នាក់នៅជាអចិន្ត្រៃយ៍ និងជាការត្រៀមខ្លួនដើម្បីធ្វើដំណើរបន្ត ទៅកាន់ភពព្រះអង្គារ (Mars) នៅថ្ងៃអនាគតទៀត។

រ៉ុក្កែត SLS (Reuters Image)

នៅមិនទាន់ចប់នោះឡើយ, រ៉ុក្កែត SLS ក៏មានផ្ទុកផ្កាយរណបខ្នាតតូចចំនួន ១០គ្រឿងផងដែរទៅកាន់ទីអវកាស ក្នុងនោះមួយគ្រឿងពិសេសជាងគេមានឈ្មោះ NEA Scout cubesat ជាផ្កាយរណបប្រើប្រាស់បច្ចេកវិទ្យាបណ្តែតខ្លួន តាមរយៈថាមពលទទួលបានពីពន្លឺព្រះអាទិត្យ (បច្ចេកវិទ្យា Solar Sail)។ ក្រោយខ្ជាក់ចេញពីរ៉ុក្កែត SLS ផ្កាយរណប NEA Scout នឹងចល័តទៅរកអាចម៍ផ្កាយមួយឈ្មោះ 2020 GE ព្រមទាំងផ្តិតរូបភាពអាចម៍ផ្កាយនោះយ៉ាងលម្អិត ដើម្បីបញ្ជូនមកកាន់ភពផែនដីវិញនៅឆ្នាំ ២០២៣

ផ្កាយរណប NEA Scout និងបច្ចេកវិទ្យា Solar Sail (NASA Image)

គោលដៅធំបំផុតក្នុងការបញ្ជូន NEA Scout ទៅកាន់អាចម៍ផ្កាយ 2020 GE ដែលមានអង្កត់ផ្ចិតតែ ១៨ម៉ែត្រ និងស្ថិតនៅកៀកផែនដីមួយនេះ គឺជាការធ្វើតេស្ត ចំពោះផ្កាយរណបខ្នាតតូច ដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar Sail) ទាំងស្រុងនោះ ដើម្បីឲ្យដឹងថាវាអាចមានប្រសិទ្ធភាពដល់កម្រិតណា និងទទួលបានជោគជ័យដែរឬទេ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ SPACE/CGTN/NASA (ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២)

Comments (0)
Add Comment