ទីបំផុត NASA បង្ហាញជម្រើស «១៣ទីតាំង» ដើម្បីកសាងមូលដ្ឋានមនុស្សលើព្រះចន្ទ នៅឆ្នាំ២០២៥ (VIDEO)

(អាមេរិក)៖ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ (ម៉ោងនៅសហរដ្ឋអាមេរិក) អង្គការ NASA បានបង្ហាញជម្រើសចំនួន ១៣ ទីតាំង ដែលសុទ្ធសឹងតែស្ថិតនៅ ជុំវិញប៉ូលខាងត្បូងរបស់ព្រះចន្ទ ដើម្បីកសាងមូលដ្ឋានមនុស្សនៅឆ្នាំ២០២៥។ ទីតាំងពិសេសៗទាំង ១៣ នោះរួមមាន៖

១៖ Faustini Rim A
២៖ Peak Near Shackleton
៣៖ Connecting Ridge
៤៖ Connecting Ridge Extension
៥៖ de Gerlache Rim 1
៦៖ de Gerlache Rim 2
៧៖ de Gerlache-Kocher Massif
៨៖ Haworth
៩៖ Malapert Massif
១០៖ Leibnitz Beta Plateau
១១៖ Nobile Rim 1
១២៖ Nobile Rim 2
១៣៖ Amundsen Rim

ទីតាំងទាំង ១៣ (Image Credit: NASA)

តំបន់ទាំងអស់ខាងលើនេះ សុទ្ធតែស្ថិតនៅរយៈទទឹង ៦ដឺក្រេ ពីចំណុចប៉ូលខាងត្បូងរបស់ព្រះចន្ទ ហើយក៏មានស្ថានភាពភូមិសាស្ត្រ ដ៏សម្បូរបែបផងដែរ។ គម្រោង Artemis III ដែលនឹងនាំមនុស្សដំបូង ទៅចុះចត និងបោះមូលដ្ឋានស្រាវជ្រាវជាអចិន្ត្រៃយ៍លើព្រះចន្ទនោះ នឹងជ្រើសរើសយកតំបន់ ១ ក្នុងចំណោមតំបន់ទាំង ១៣ ខាងលើនេះ។

ការជ្រើសរើសទីតាំងលេចធ្លោជាងគេបំផុត គឺត្រូវយោងទៅលើ ភាពយូរអង្វែងនៃការស្រាវជ្រាវ ដែលនឹងផ្តល់ដល់បេសកកម្មថ្មីៗទៀតនៅថ្ងៃអនាគត ហើយ NASA ត្រូវតែប្រាកដថា វានឹងក្លាយជាកន្លែងដែលមនុស្សអាចស្នាក់នៅ និងធ្វើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនៅក្នុងរយៈពេលវែង តាមរយៈការទទួលបានពន្លឺព្រះអាទិត្យសមស្រប។ បន្ថែមពីនេះ ទីតាំងសម្រាប់បេសកកម្ម Artemis III ក៏ត្រូវតែផ្តល់នូវភាពបត់បែន សម្រាប់ការបាញ់បង្ហោះយាន, ការចុះចតយាន និងការធ្វើទំនាក់ទំនងទៅមករវាងផែនដី នៅក្នុងពេលមួយឆ្នាំៗជាដើម។

គួរបញ្ជាក់ថា អង្គការ NASA បានប្រើប្រាស់ផ្កាយរណប LRO (Lunar Reconnaissance Orbiter) ដែលកំពុងគោចរស្រាប់នៅជុំវិញព្រះចន្ទ ដើម្បីអង្កេត និងជ្រើសរើសទីតាំងយ៉ាងប្រសើរបំផុតខាងលើនេះ។ NASA រំពឹងទទួលបានលទ្ធផលប្រសើរ ក្នុងការស្រាវជ្រាវតំបន់ប៉ូលខាងត្បូងព្រះចន្ទ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជាកន្លែងដែលមនុស្សលោកមិនធ្លាប់បានទៅដល់។

ទស្សនាវីដេអូ NASA ត្រៀមធ្វើតេស្តប្រព័ន្ធបាញ់បង្ហោះយាន SLS (Space Launch System) ដែលត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងបេសកកម្ម Artemis I

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព និង​ Image Credit៖ NASA

Comments (0)
Add Comment