គ្រោះរាំងស្ងួតដ៏អាក្រក់នៅទ្វីបអឺរ៉ុប នាំឲ្យបណ្តុំផ្ទាំងថ្មដូច Stonehenge លេចរូបរាងនៅអេស្ប៉ាញ (មានរូបភាព)

(អឺរ៉ុប)៖ ការកើនឡើងសីតុណ្ហភាពដ៏អាក្រក់ នៅទូទាំងទ្វីបអឺរ៉ុប បាននិងកំពុងបង្កឲ្យតំបន់នេះ រងគ្រោះធ្ងន់ធ្ងរខ្លាំងឡើងៗ ជាពិសេសគឺការរីងហួតតំបន់អាងស្តុកទឹកសំខាន់ៗ និងការកើតមានភ្លើងឆេះព្រៃ យ៉ាងច្រើនអនេកថែមទៀត។

Stonehenge នៅអង់គ្លេស (រូបភាពពីបរទេស)

ចំពោះមុខគ្រោះមហន្តរាយធម្មជាតិ ដែលមានស្ថានភាពអាក្រក់ខ្លាំងជាងការព្យាករណ៍នេះ ទិដ្ឋភាពមួយបានលេចឡើង នៅតំបន់អាងធម្មជាតិស្តុកទឹកមួយកន្លែង នៅប្រទេសអេស្ប៉ាញ នោះគឺបណ្តុំផ្ទាំងថ្មតម្រៀបគ្នាជាលក្ខណៈបញ្ឈរៗ មានលក្ខណៈដូចជា ស្តូនហេង (Stonehenge) នៅអង់គ្លេស ដែលពេលនេះត្រូវបានគេផ្តល់រហស្សនាមថា ស្តូនហេង នៅអេស្ប៉ាញ

Dolmen of Guadalperal នៅអេស្ប៉ាញ (រូបភាពពីបរទេស)

ឈ្មោះពិតរបស់បណ្តុំថ្មខាងលើនេះគឺ ដូលមិន អូហ្វ ក្វាដលភើរ៉ល (Dolmen of Guadalperal) បានក្លាយជាឧទាហរណ៍ធំបំផុតមួយ នៃគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ក្នុងប្រទេសអេស្ប៉ាញ និងតំបន់អឺរ៉ុបទាំងមូល ខណៈក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ក៏កំពុងព្យាយាមសម្រុកទៅសិក្សាតំបន់នោះផងដែរ ដើម្បីស្វែងយល់អំពីអ្នកកសាងវាឡើងដំបូង។

Dolmen of Guadalperal នៅអេស្ប៉ាញ (រូបភាពពីបរទេស)

បើតាមការសន្និដ្ឋានជាបឋម បណ្តុំថ្មរាប់សិបផ្ទាំងនេះត្រូវកសាងឡើងតាំងតែពី ៥,០០០ឆ្នាំ មុនគ្រិស្តសករាជ ហើយវាបានរំលេចរូបរាងឡើងនៅជ្រុងមួយ នៃអាងធម្មជាតិស្តុកទឹកឈ្មោះ វ៉ាល់ដឺខាណាស (Valdecanas) ស្ថិតនៅក្នុងខេត្ត ខាសេរែស (Caceres) ភាគកណ្តាលប្រទេសអេស្ប៉ាញ ខណៈទឹកអាងនោះបានស្រកចុះអស់រហូតដល់ ២៨% នៃកម្រិតមធ្យមរបស់វា។

Dolmen of Guadalperal នៅអេស្ប៉ាញ (រូបភាពពីបរទេស)

ដោយឡែកពីក្តីព្រួយបារម្ភ ជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកាន់តែអាក្រក់ខ្លាំងនោះ ក្រុមបុរាណវិទូនៃសាកលវិទ្យាល័យ ខំភ្លូតធិនស៍ (Complutense) នៅអេស្ប៉ាញ បានចាត់ទុកឱកាសខាងលើនេះថា ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងកម្របំផុត ហើយពួកគេនឹងចុះទៅកាន់ទីនោះដោយផ្ទាល់ ដើម្បីធ្វើការសិក្សាស្រាវជ្រាវឲ្យបានឆាប់រហ័ស ទាន់ពេលដែលទឹកមិនទាន់មានវត្តមានឡើងវិញ។

Dolmen of Guadalperal នៅអេស្ប៉ាញ (រូបភាពពីបរទេស)

គួរបញ្ជាក់ថា តំបន់ Dolmen of Guadalperal ក៏ធ្លាប់ត្រូវបានស្រាវជ្រាវម្តងរួចមកហើយដែរ ដោយបុរាណវិទូអាល្លឺម៉ង់ លោក ហ៊ូហ្គោ អូប៊ឺម៉ៃយើ (Hugo Obermaier) កាលពីឆ្នាំ ១៩២៦ ប៉ុន្តែតំបន់នេះក៏បានប្រែក្លាយជា ជនលិចជាប្រចាំចាប់តាំងពីឆ្នាំ ១៩៦៣ ដោយសារតែគម្រោងអភិវឌ្ឍមួយ ស្ថិតក្រោមរបបដឹកនាំផ្តាច់ការ ហ្វ្រេងកូ (Franco)។ ចាប់តាំងពីពេលនោះមក គេអាចមានឱកាសឃើញបណ្តុំផ្ទាំងថ្មនេះពេញលេញបានតែ ៤លើកប៉ុណ្ណោះ ហើយនៅក្នុងឆ្នាំ ២០២២ នេះគឺច្បាស់ជាងពេលណាៗទាំងអស់។

Dolmen of Guadalperal នៅអេស្ប៉ាញ (រូបភាពពី Euro-News)

យោងតាមការសន្និដ្ឋានដំណាក់កាលដំបូង ទៅលើទម្រង់នៃការតម្រៀបថ្មនោះ អ្នកបុរាណវិទូមានការសង្ស័យថា Dolmen of Guadalperal អាចជា «ផ្នូរខ្មោច»។ ក្រុមបុរាណវិទូ និងសមាគមទេសចរណ៍ក្នុងតំបន់ បានណែនាំឲ្យអាជ្ញាធរយកផ្ទាំងថ្មទាំងអស់នោះ ទៅរក្សាទុកក្នុងសារមន្ទីរ ប៉ុន្តែប្រជាជនក្នុងខេត្ត Caceres ទំនងជាមិនព្រមនោះឡើយ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព និង Image Credit ៖ CGTN/Reuters (ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២)

Comments (0)
Add Comment