(អឺរ៉ុប)៖ បណ្តាប្រទេសជាច្រើននៅទ្វីបអឺរ៉ុប បាននិងកំពុងទទួលរងគ្រោះយ៉ាងដំណំ ដោយសារតែរលកកម្តៅដ៏អាក្រក់នៅក្នុងឆ្នាំ ២០២២ នេះ ខណៈមនុស្សមួយចំនួនបានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរត់ភៀសខ្លួន ទៅជ្រកកោណជាបណ្តោះអាសន្ននៅតំបន់សុវត្ថិភាព។
យ៉ាងណាក៏ដោយ ដងទន្លេ ស្ទឹង និងបឹងនានា ក៏បានរីងហួតហួសប្រមាណផងដែរ ដែលបាននាំឲ្យសំណល់ប្រវត្តិសាស្ត្រ ក៏ដូចជាសំណង់មួយចំនួន រំលេចខ្លួនឡើងវិញ ក្រោយពីបានបាត់រូបរាងអស់ជាច្រើនឆ្នាំ។ ខាងក្រោមនេះ គឺជារូបភាពសំខាន់ៗ បង្ហាញអំពីទិដ្ឋភាពគ្រោះរាំងស្ងួតនៅទូទាំងទ្វីបអឺរ៉ុប៖
១៖ ខ្មោចនាវាយោធារបស់អតីតរបប Nazi អាល្លឺម៉ង់ ដែលបានលិចតាំងតែពី ឆ្នាំ ១៩៤៤ (សម័យសង្គ្រាមលោកលើកទី ២) នៅក្នុងទន្លេ River Po នៃប្រទេសអ៊ីតាលី កំពុងបង្ហាញវត្តមានឡើងវិញ ដោយសារទន្លេរីងស្ងួត។
២៖ កប៉ាល់មួយរបស់អាល្លឺម៉ង់ ដែលបានលិចកាលពីឆ្នាំ ១៩៤៣ រំលេចខ្លួនជាថ្មី នៅលើដងទន្លេ River Po របស់អ៊ីតាលី ក្រោយទឹកស្រកចុះដល់កម្រិតទាបខ្លាំង។
៣៖ គល់ស្ពានបុរាណមួយនៅក្នុងទន្លេ River Tiber នៅទីក្រុងរ៉ូម (Rome) ប្រទេសអ៊ីតាលី បានលេចរូបរាងឡើង ក្រោយទឹកទន្លេដែលត្រូវបានជីកតាំងតែពីឆ្នាំ ៥០ នៃគ.ស. មួយនេះ ស្រកចុះក្នុងកម្រិតដ៏អាក្រក់មួយ។
៤៖ ទីក្រុងខ្មោចមួយតាមដងទន្លេនៅតំបន់ Galicia របស់អេស្ប៉ាញ ជិតព្រំដែនជាមួយប្រទេសព័រទុយហ្គាល់ បានរំលេចខ្លួនឡើងស្ទើរទាំងស្រុង ក្រោយទឹកទន្លេស្រកចុះខ្លាំងហួសប្រមាណ។
៥៖ អតីតសួនឧទ្យានតាំងពីសតវត្សរ៍ទី ១៧ ឈ្មោះ Lydiard Part ស្ថិតនៅតំបន់ Swindon ភាគនិរតីអង់គ្លេសបានលេចរូបរាងឡើងវិញ ជាលក្ខណៈសំណល់ដើមឈើងាប់ៗ។ ដើមឈើ និងតំបន់អតីតឧទ្យានមួយនេះ បានលិចទៅក្រោមទឹកជាច្រើនឆ្នាំមកហើយ ក្រោយពីការប្រែក្លាយតំបន់នេះ ទៅជាអាងស្តុកទឹក ប៉ុន្តែវាបានលេចឡើងជាថ្មី ក្រោយទឹករីងហួសអស់យ៉ាងគំហុក៕
ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព និងរូបភាព៖ BBC/Reuters/Getty Image (ថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២)