TESS អាចរកឃើញភពសម្បូរដោយ «ទឹក» ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផែនដី ជាលើកដំបូង! (VIDEO)

(បរទេស)៖ ក្រុមតារាវិទូអន្តរជាតិទើបតែបានប្រកាស អំពីការរកឃើញ ភពសម្បូរដោយវត្តមានទឹក (water) ដែលអាចមានភស្តុតាងបញ្ជាក់ យ៉ាងច្បាស់លាស់ជាលើកដំបូង ស្ថិតនៅចម្ងាយ ១០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ខណៈរយៈចម្ងាយកម្រិតនេះ ត្រូវបានចាត់់ទុកថា មិនឆ្ងាយប៉ុន្មានឡើយពីយើង បើគិតទៅលើចក្រវាលដ៏ធំមហិមានោះ។

រូបតំណាងនៃភព TOI-1452 b (Image Credit: NASA)

ភពដែលគេអះអាងថា សម្បូរដោយទឹកខាងលើនេះ ត្រូវបានរកឃើញដោយតេឡេស្កូបអវកាស TESS និងមានឈ្មោះសម្គាល់ថា TOI-1452 b។ ប្រព័ន្ធផ្កាយដែលភពនេះកំពុងតាំងនៅគឺ TOI-1452 មានវត្តមាននៅក្នុងតារានិករ (កញ្ចុំផ្កាយ) ឈ្មោះ ដ្រាកូ (Draco constellation) ប្រសិនបើយើងមើលទៅលើផ្ទៃមេឃរបស់ផែនដី។

រូបតំណាងនៃភព TOI-1452 b (Image Credit: NASA)

យោងតាមការអង្កេតរបស់ TESS ភព TOI-1452 b មានទំហំ និងម៉ាសធំជាងផែនដីយើងបន្តិច ហើយខ្លួនរបស់ភពនេះត្រូវបានគ្របដណ្តប់ដោយ វត្ថុធាតុដែលមិនសូវហាប់ណែនដូចថ្ម (rock) តែហាប់ណែនជាងឧស្ម័ន (gas)។ ហេតុដូច្នេះទើបក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្របានធ្វើការសន្និដ្ឋានថា ភព TOI-1452 b នេះជាប្រភេទភពគ្របដណ្តប់ដោយ ផ្ទៃទឹកយ៉ាងច្រើន ឬអាចពេញមួយភពតែម្តង។

តេឡេស្កូបអវកាស TESS (NASA)

តាមពិតទៅប្រព័ន្ធផ្កាយដែល TOI-1452 b តាំងនៅ គឺជា «binary star system» ឬយើងអាចហៅថា «ប្រព័ន្ធផ្កាយភ្លោះ» ដែលជាធម្មតាក្រុមតារាវិទូគិតថា មិនអាច ឬមិនងាយមានភព គោចរនៅក្នុងប្រព័ន្ធប្រភេទនោះឡើយ។ តែក្រោយការដាក់គោលដៅអង្កេត ទៅលើផ្កាយមួយក្នុងចំណោមផ្កាយទាំង ២ នៃប្រព័ន្ធ TOI-1452 នោះ កែវយឺតអវកាស TESS ក៏បានរកឃើញស្រមោលនៃភព គោចរឆ្លងកាត់ផ្កាយ តាមរយៈវិធីសាស្ត្រសម្ងំអង្កេតភពគោចរឆ្លងកាត់ផ្កាយ (transit)។

រូបតំណាងប្រព័ន្ធផ្កាយភ្លោះ TOI-1452 b (NASA)

ក្រោយការប្រទះឃើញតំរុយខាងលើនេះ ទើបការអង្កេតបន្តត្រូវបានបញ្ជូនទៅកាន់ មន្ទីរអង្កេតតារា OMM របស់សាកលវិទ្យាល័យ Montreal ប្រទេសកាណាដា ហើយជាលទ្ធផលចុងក្រោយ គឺភព TOI-1452 b ត្រូវបានបញ្ជាក់វត្តមានជាផ្លូវការ។ មន្ទីរអង្កេតតារា OMM (Observatoire du Mont-Mégantic) មានសមត្ថភាពគណនា អង្កត់ផ្ចិតរបស់ភពមួយនោះ ដែលគោចរជុំវិញផ្កាយធំជាងគេ នៃប្រព័ន្ធផ្កាយភ្លោះ TOI-1452

មន្ទីរអង្កេតតារា OMM (នៅកាណាដា)

គួរបញ្ជាក់ថា ភព TOI-1452 b មានលក្ខណៈខុសពីផែនដីត្រង់ វាអាចគ្របដណ្តប់ដោយទឹកច្រើនជាង ខណៈភពផែនដីយើង គ្របដណ្តប់ដោយទឹកជាង ៧០%។ បន្ថែមពីនេះ ខ្លួនរបស់ភព TOI-1452 b អាចត្រូវបានផ្សំឡើងពី «សារធាតុរាវ (liquid)» រហូតដល់ ៣០%។ ក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់អាចសន្មត់ ១០០% តែម្តងថា ភព TOI-1452 b នេះ ជាភពពោពេញដោយទឹក ឬជាជម្រកនៃជីវិត Alien ឡើយ ខណៈចម្លើយនឹងអាចមានរឹតតែច្បាស់ ប្រសិនបើផ្តល់ឱកាសនេះឲ្យតេឡេស្កូបអវកាស James Webb ជាអ្នកអង្កេតបន្តទៀតនៅថ្ងៃអនាគត៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ Astronomical Journal (ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២)

Comments (0)
Add Comment