លទ្ធផលសិក្សាថ្មី៖ «ដីទីក្រុងហូជីមិញរបស់វៀតណាម ស្រុតចុះ 2-5cm ក្នុងមួយឆ្នាំ»

(ហូជីមិញ)៖ យោងតាមលទ្ធផលសិក្សាថ្មីមួយបានឲ្យដឹងថា ដីនៅទីក្រុងហូជីមិញ (Ho Chi Minh) នៃភាគខាងត្បូងប្រទេសវៀតណាម បាននិងកំពុងស្រុតចុះក្នុងកម្រិត ២សង់ទីម៉ែត្រ ទៅ ៥សង់់ទីម៉ែត្រ នៅក្នុងមួយឆ្នាំ។​ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរដ្ឋវៀតណាម VN Express នាថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២។

អគារខ្ពស់ៗនៅទីក្រុងហូជីមិញ (រូបភាពពីបរទេស)

ទីភ្នាក់ងារនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) បានបង្ហាញលទ្ធផលសិក្សាថ្មីចុងក្រោយរបស់ខ្លួនថា ទីក្រុងហូជីមិញដែលមានប្រជាជនរស់នៅច្រើនបំផុត ស្ថិតនៅភាគខាងត្បូងវៀតណាមមួយនេះ បានចាប់ផ្តើមកើតមានការស្រុតចុះ តាំងតែទសវត្សរ៍ ១៩៩០ មកម្ល៉េះ ហើយគិតមកទល់នឹងពេលនេះ ការស្រុតដីបានកើតមានជាមធ្យម ១០០សង់ទីម៉ែត្ររួចទៅហើយ។

(Image From VN Express)

បើតាម JICA ដដែល កំណើននៃប្រជាជន, អាគារពាណិជ្ជកម្ម និងលំនៅឋាន, និងសកម្មភាពរួមផ្សំផ្សេងៗទៀត កំពុងជួយជំរុញសន្ទុះ នៃការស្រុតចុះនៃទីក្រុងហូជីមិញ ឲ្យកើនឡើងរហូតដល់ ២សង់ទីម៉ែត្រ ទៅ ៥សង់ទីម៉ែត្រក្នុងមួយឆ្នាំជាមធ្យម ខណៈនៅតំបន់មានអគារខ្ពស់ៗកកកុញវិញនោះ កម្រិតស្រុតចុះបានកើនឡើងដល់ទៅ ៧សង់ទីម៉ែត្រ ទៅ ៨សង់ទីម៉ែត្រឯណោះក្នុងមួយឆ្នាំ។

ដោយឡែកបើតាមទិន្នន័យពីស្ថាប័នរដ្ឋវៀតណាមវិញ ដីទីក្រុងហូជីមិញបានស្រុតចុះក្នុងកម្រិត ២៣សង់ទីម៉ែត្រជាមធ្យម គិតចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៧ ខណៈសង្កាត់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតគឺ An Lac Ward និង Binh Tan ដែលបានស្រុតចុះរហូតដល់ទៅ ៨១សង់ទីម៉ែត្រ ក្នុងអំលុងពេលដូចគ្នា។ សង្កាត់ចំនួន ១០ ដែលមានការស្រុតដីក្នុងកម្រិតខ្លាំងនោះ គឺសង្កាត់ លេខ2, លេខ7, លេខ8, លេខ12, Go Vap, Tan Binh, Binh Thanh, Phu Nhuan, Binh Tan និង Thu Duc

អគារកំពុងរីកលូតលាស់នៅទីក្រុងហូជីមិញ (រូបភាពពីបរទេស)

បើងាកទៅមើលទិន្នន័យនៃ សាកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ (HCMUT) វិញបានបង្ហាញថា គិតចាប់តាំងពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០២០ សង្កាត់ចំនួន ១២ នៅទីក្រុងហូជីមិញបានកើតមានការស្រុតដី ក្នុងនោះសង្កាត់ លេខ12, Go Vap, Tan Binh, Binh Thanh, Phu Nhuan និង Binh Tan បានស្រុតខ្លាំងជាងគេរហូតដល់កម្រិត ៤៣សង់ទីម៉ែត្រក្នុងរយៈពេល ១៥ឆ្នាំ (ជាមធ្យមស្មើនឹង សង់ទីម៉ែត្រក្នុងឆ្នាំ)។

គួរបញ្ជាក់ថា ទាំងស្ថាប័នថ្នាក់ជាតិ និងអង្គការអន្តរជាតិដូចជា JICA ជាដើម បានជំរុញឲ្យអាជ្ញាធរវៀតណាម គិតគូរឲ្យបានខ្លាំងក្លាលើសកម្មភាពអភិវឌ្ឍ ប្រកបដោយចីរភាព និងសិក្សាស្វែងយល់ចំពោះបទពិសោធន៍នានា ដែលទីក្រុងហ្សាការតា (Jakarta) របស់ប្រទេសឥណ្ឌូណេស៊ី និងតូក្យូ (Tokyo) របស់ប្រទេសជប៉ុន ធ្លាប់ឆ្លងកាត់កន្លងមក។

ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅហូជីមិញ (Image Credit: VN Express)

កាលពីឆ្នាំ ២០១៩ អង្គការ Climate Central ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបង្ហាញការព្យាករណ៍របស់ខ្លួនថា តំបន់ភាគច្រើននៃភាគខាងត្បូង ប្រទេសវៀតណាម ក្នុងនោះមានទីក្រុងហូជីមិញ ដែលមានប្រជាជនរស់នៅជាង ៩លាននាក់ និងតំបន់ដីសណ្តទន្លេមេគង្គផងដែរ អាចនឹងត្រូវជនលិចទៅក្នុងទឹកនៅឆ្នាំ ២០៥០ ដោយសារតែនីវ៉ូទឹកសមុទ្រកើនឡើង ចំពោះមុខការកើនឡើងកម្តៅនៃភពផែនដី និងការរលាយទឹកកកនៃប៉ូលទាំងពីរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ VN Express

Comments (0)
Add Comment