៣ឆ្នាំទៀត? ប្រហោងខ្មៅ (Black Holes) ២ អាចកំពុងរំកិលទៅរួមបញ្ចូលគ្នា នៅក្នុងកាឡាក់ស៊ី… (VIDEO)

(បរទេស)៖ យោងតាមការអង្កេតកាឡាក់ស៊ីចម្លែកមួយ ដែលស្ថិតនៅចម្ងាយ ១ពាន់លានឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ពីភពផែនដីយើង បានផ្តល់តំរុយមួយដល់ក្រុមអ្នកវិទ្យាសាស្ត្រថា ព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុត នឹងកើតឡើងនារយៈពេល ៣ឆ្នាំខាងមុខ

រូបតំណាងនៃ Black Hole ពីរជិតរួមបញ្ចូលគ្នា (Image Credit: NASA Goddard)

ភាពប្រែប្រួលនៃពន្លឺនៅចំកណ្តាលកាឡាក់មួយ ដែលមានឈ្មោះសម្គាល់ថា SDSS J1430+2303 ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា អាចជាប្រហោងខ្មៅមហាយក្ស (supermassive black holes) ចំនួន ដែលម៉ាស់រួមបញ្ចូលគ្នានៃពួកវាទាំងពីរនោះ ស្មើនឹងម៉ាស់ព្រះអាទិត្យយើងគុណនឹង ២០០លានដងឯណោះ ហើយអ្វីដែលកាន់តែគួរព្រឺព្រួចជាងនេះទៅទៀតនោះ គឺពួកវាទាំងគូកំពុងតែរំកិលទៅរួមបញ្ចូលគ្នា (merging) ហើយ។

រូបតំណាងនៃ Black Hole ពីរជិតរួមបញ្ចូលគ្នា (រូបភាពពីបរទេស)

វានឹងក្លាយជារឿងអស្ចារ្យបំផុត ប្រសិនបើករណីខាងលើនេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់ថា នឹងកើតឡើងពិតប្រាកដមែន ព្រោះបាតុភូតចក្រវាលច្រើនណាស់ ដែលក្រុមអ្នកវិទ្យាសាស្ត្របានត្រឹម គណនាដឹងអំពីអនាគត តែមនុស្សលោកភាគច្រើន នឹងមិនអាចរង់ចាំរហូតដល់ពួកវាកកើតឡើង។ ប៉ុន្តែនៅក្នុងករណីកាឡាក់ស៊ី SDSS J1430+2303 វានឹងអាចឲ្យមនុស្សលោកយើង រង់ចាំតាមដានបានតែក្នុងរយៈពេល ៣ឆ្នាំទៀតប៉ុណ្ណោះ គិតចាប់ពីឆ្នាំ២០២២ នេះតទៅ។

(រូបភាពពីបរទេស)

យ៉ាងណាក៏ដោយ យើងកុំទាន់អាលរំភើបជ្រុលពេក ព្រោះក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែតាមដាននៅឡើយ ចំពោះកាឡាក់ចម្លែកស្ថិតនៅចម្ងាយ ១ពាន់លានឆ្នាំពន្លឺខាងលើនេះ ដើម្បីធ្វើការសរុបសេចក្តីយ៉ាងច្បាស់ចុងក្រោយថា តើព្រឹត្តិការណ៍ merging នៃ Black Hole មួយគូនេះ អាចកើតមានឡើងនៅឆ្នាំ ២០២៥ មែនឬមួយក៏អត់។

(រូបភាពពីបរទេស)

គួរបញ្ជាក់ថា ការប្រទះឃើញប្រហោងខ្មៅមហាយក្ស (supermassive black holes) ពីររួមបញ្ចូលគ្នា បានកើតមានឡើងដំបូងកាលពីឆ្នាំ ២០១៥ (តាមរយៈការចាប់បានរលកសញ្ញា gravitational waves បន្ទាប់ពីការរួមបញ្ចូលគ្នា) ដែលកាលនោះពិតជាបានបង្កើត សករាជដ៏ថ្មីសន្លាងសម្រាប់ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រអន្តរជាតិ ក្នុងការសិក្សាអំពីអាថ៌កំបាំងនៃចក្រវាលដ៏ធំមហិមា។

ទីតាំងនៃបណ្តាញតេឡេស្កូប LIGO និង Virgo (Image Credit: MIT)

គិតមកទល់នឹងបច្ចុប្បន្ន, ការរកឃើញប្រហោងខ្មៅនានាដែលជិតរួមបញ្ចូលគ្នានោះ ស្ទើរតែទាំងអស់គឺជាពពួកប្រហោងខ្មៅភ្លោះbinary black holes ដែលនីមួយៗមានម៉ាស់ស្មើនឹងតារាធំៗប៉ុណ្ណោះ។ វាក៏ជាឧទាហរណ៍ដ៏ប្រសើរ សម្រាប់ឲ្យក្រុមអ្នកវិទ្យាសាស្ត្រស្វែងយល់ អំពីការពិតដែលកំពុងកើតឡើង ក្នុងកាឡាក់ស៊ី SDSS J1430+2303 នោះផងដែរ។ បណ្តាញតេឡេស្កូបលើដីចំនួន គឺ LIGO និង Virgo នឹងទទួលខុសត្រូវក្នុងការបន្តអង្កេត តាមរយៈឧបករណ៍រលកសញ្ញា gravitational waves ចេញពីបាតុភូតអវកាសនោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Science Alert (ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២)

Comments (0)
Add Comment